​​អ្នក​នាំ​ពាក្យ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​ ១៤ ខែ​ឧសភាថា​ ​​ហ្វីលីពីន​បាន​ដាក់​ឧប​ករណ៍​បង្ហាញ​ផ្លូវ​​នាវា ​(​ពោង​បណ្ដែង​​ទឹក)​​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ (EEZ) ​ដើម្បី​អះ​អាង​​ពី​ដែន​​អធិ​បតេយ្យភាព​របស់​ខ្លួន​​លើ​ប្រជុំ​កោះ​ជម្លោះ​ស្រ្ពាតលី​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​។

​ការ​ដាក់​ពង្រាយ​នេះ​ ធ្វើ​ឡើង​​ចំ​ពេល​ដែល​ចិន​​ធ្វើ​សកម្មភាព​កាន់​តែ​គឃ្លើន​ឡើង​ៗ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ខណៈ​​​ប្រធានាធិបតី​ហ្វីលីពីន​ លោក​ ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ​បន្ត​ពង្រឹក​ទំនាក់​ទំនង​​​កាន់​តែ​ស្អិត​រមួត​ជាពិសេស​ផ្នែក​យោធា​​ជាមួយ​សហរដ្ឋ​អាមេរិក​ ដែល​ជា​​សម្ព័ន្ធមិត្តសន្ធិសញ្ញា​ចាស់​វស្សា​។

​ឆ្មាំ​ឆ្នេរ​សមុទ្រ​ហ្វីលីពីន​ បាន​និយាយ​ថា​ ខ្លួន​ពង្រាយ​ពោង​បណ្ដែង​ទឹក​​ចំនួន​៥​ ​ដែល​មាន​បំពាក់​ទង់​ជាតិ​ហ្វីលីពីន​ កាល​ពីចន្លោះ​​ថ្ងៃ​ទី​ ១០-១២ កន្លង​ទៅ​ ​​​​ក្នុង​តំបន់​ចំនួន​៥​ នៃ​តំបន់​ EEZ​​ រួម​​ទាំង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​Whitsun ​ជា​កន្លែង​ដែល​នាវា​សមុទ្រ​ចិន​រាប់​រយ​គ្រឿង​បាន​ចត​នៅ​ឆ្នាំ​២០២១​។​​

​លោក​Commodore Jay Tarriela​អ្នក​នាំ​ពាក្យ​ឆ្មាំ​សមុទ្រ​ ទទួល​បន្ទុក​បញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង​ បាន​និយាយ​នៅ​លើ​​បណ្ដាញ​សង្គម​ធ្វីធើរ​ថា​៖ «​ទង្វើ​នេះ​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​មិន​ងាក​រេ​របស់​ហ្វីលីពីន​ក្នុង​ការ​ការពារ​ព្រំដែន​សមុទ្រ​ និង​ធន​ធាន​របស់​ខ្លួន​ និង​រួម​ចំណែក​ដល់​សុវត្ថិភាព​នៃ​ពាណិជ្ជកម្ម​ដែន​សមុទ្រ​»។

ជុំ​វិញ​បញ្ហា​នេះ​ ស្ថាន​ទូត​​ចិ​ន​ប្រចាំ​ទីក្រុង​ម៉ានីល​ មិន​បាន​ចេញ​ប្រតិកម្ម​អ្វី​ភ្លាម​ៗ​នោះ​ទេ​​ ខណៈ​ចិន​បាន​ទាម​ទារ​​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​មូល​ថា​ជា​របស់​ខ្លួន​​ និង​បាន​ធ្វើ​សកម្មភាព​យោធា​ និង​សកម្មភាព​ស៊ីវិល​ផ្សេង​ៗ​ រួម​ទាំង​ការ​ដាក់​ទូក​នេសាទ​ចិន​ ដើម្បី​គាំទ្រ​ការ​អះ​អាង​របស់​ខ្លួន​៕