
នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (ស្តាំ) និងប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយូល ចាប់ដៃគ្នាក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់ពួកគេជាផ្នែកនៃកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣។ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយូល បាននិយាយនៅថ្ងៃអាទិត្យទី២១ ឧសភានេះថា ពាក្យសម្ដីរបស់លោកហ្វូមីអូគីស៊ីដានាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឱ្យដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាជនកូរ៉េខាងត្បូងជាច្រើននាក់។ ជាសម្តីដែលមេដឹកនាំកូរ៉េខាងត្បូងសំដៅដល់ការលើកឡើងរបស់លោកគីស៊ីដា ដែលថា បេះដូងរបស់លោកឈឺចាប់នៅពេលនឹកឃើញដល់ការរងទុក្ខរបស់ពលរដ្ឋកូរ៉េក្នុងអំឡុងពេលដែលជប៉ុនដាក់អាណានិគម។
លោកយូនបានធ្វើកំណត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយលោកគីស៊ីដានៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧(G7)ឯទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងប្រទេសជប៉ុន។
ជំនួបទ្វេភាគីនៅថ្ងៃអាទិត្យនេះ គឺជាជំនួបលើកទី៣ រវាងមេដឹកនាំទាំង២ ក្នុងឆ្នាំ ២០២៣នេះ។ បើទោះបីជាទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពល្អក់កករនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយក៏ទំនាក់ទំនងនេះចាប់មានភាពល្អប្រសើរឡើងតាំងពីដើមខែមីនា នៅពេលដែលកូរ៉េខាងត្បូងប្រកាសពីគម្រោងសងជំងឺចិត្តជូនដល់ជនរងគ្រោះដែលធ្វើការដោយបង្ខំកាលសម័យអាណានិគមជប៉ុន។
នៅមុនពេលកិច្ចប្រជុំនាថ្ងៃអាទិត្យនេះដែរ លោកមេដឹកនាំកូរ៉េខាងត្បូង-ជប៉ុន ក៏បានអញ្ជើញទៅឧទ្យានអនុស្សាវ រីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះកូរ៉េដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ទម្លាក់គ្រាប់បែកបរមាណូក្នុងឆ្នាំ១៩៤៥។
លោកនាយករដ្ឋមន្ត្រីជប៉ុនគីស៊ីដា បាននិយាយទៅកាន់លោកយូនមុនកិច្ចប្រជុំថា៖«ខ្ញុំមានអារម្មណ៍ថា ដំណើរទស្សនកិច្ចរបស់យើងមានសារៈសំខាន់ចំពោះទំនាក់ទំនងរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ហើយវាក៏មានសារៈសំខាន់ដែរសម្រាប់យើងក្នុងការបួងសួងសុំសន្តិភាពក្នុងពិភពលោក»៕