ទីភ្នាក់ងារមនុស្សធម៌ បាននិយាយកាលពីថ្ងៃពុធ ទី ២៤ ខែឧសភា ថាប្រជាជនសូម៉ាលីទូទាំងប្រទេសជាង ១ លាននាក់ បានផ្លាស់ទីលំនៅក្នុងរយៈពេលត្រឹមតែជាង ៤ ខែប៉ុណ្ណោះ ដោយសារតែគ្រោះរាំងស្ងួត ទឹកជំនន់ និងជម្លោះ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស (NRC) បាននិយាយថា មនុស្សប្រហែល ៤៣៣ ០០០ នាក់ បានចាកចេញពីផ្ទះរបស់ខ្លួនទាំងបង្ខំនៅចន្លោះពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ១០ ខែឧសភាខណៈការបះបោររបស់ក្រុមរដ្ឋអ៊ិស្លាម និងការប៉ះទង្គិចគ្នាផ្សេងទៀតក្នុងតំបន់ផ្ដាច់ខ្លួនសូម៉ាលីឡង់ (Somaliland) បានផ្ទុះឡើង។
ក្នុងរយៈពេលដូចគ្នានេះ ទីភ្នាក់ងារមនុស្សធម៌ទាំង ២ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមដដែលថា មនុស្សជាង ៤០៨ ០០០ នាក់ បានផ្លាស់ទីដោយសារតែទឹកជំនន់ ខណៈជាង ៣១២ ០០០ នាក់ផ្សេងទៀត បានផ្លាស់ទីលំនៅដោយសារតែគ្រោះរាំងស្ងួត។
គួរបញ្ជាក់ថា សូម៉ាលី និងប្រទេសជិតខាងនៅតំបន់អ្រាហ្វិកខាងកើត ផ្សេងទៀតរួមមានអេត្យូពី និងកេនយ៉ា បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៤ ទសវត្សរ៍បន្ទាប់គ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដែលធ្វើឱ្យមនុស្សរាប់លាននាក់ខ្វះខាត ប៉ះពាល់ដំណាំ និងសត្វពាហនៈស្លាប់។
កាលពីថ្ងៃពុធផងដែរ ប្រធានអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស និងរដ្ឋាភិបាលពិភពលោកបានជួបប្រជុំគ្នានៅទីក្រុងញូវយ៉កក្នុងសន្និសីទមួយ ដើម្បីស្វែងរកមូលនិធិជំនួយចំនួន ៧ ប៊ីលានដុល្លារ ដើម្បីជួយអ្នកដែលត្រូវការជំនួយនៅទូទាំងតំបន់។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីសប្តាហ៍មុន ថា មនុស្សយ៉ាងហោច ណាស់ ៤៣,៣ លាននាក់នៅតំបន់អ្រាហ្វិកខាងកើត ត្រូវការជំនួយសង្គ្រោះ និងទ្រទ្រង់ជីវិត។ បើយោងតាម UNHCR និង NRC ចំនួនមនុស្សផ្លាស់ទីលំនៅគិតតែក្នុងប្រទេសសូម៉ាលីតែឯង ឥឡូវនេះមានចំនួន ៣,៨ លាននាក់ ហើយ ៦,៧ នាក់ ត្រូវការជំនួយស្បៀងអាហារ។ ទីភ្នាក់ងារទាំង ២ បន្តថា ក្មេងៗជាងកន្លះលាននាក់ ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕