អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន បានប៉ះទង្គិចប្រដាប់អាវុធគ្នាតាមព្រំដែនកាលពីថ្ងៃសៅរ៍ ដោយសម្លាប់ឆ្មាំព្រំដែន អ៊ីរ៉ង់២នាក់ និងកងកម្លាំងតាលីបង់ម្នាក់ ខណៈភាគីទាំង២ច្រើនប្រកាន់គ្នាទៅមកទៅលើអ្នកផ្ដើមការបាញ់ប្រហារ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីអ្នកនាំពាក្យក្រុមតាលីបង់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Abdul NafiTakor បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា៖ «ថ្ងៃនេះ នៅខេត្ត Nimroz កងកម្លាំងព្រំដែនអ៊ីរ៉ង់បានបាញ់ឆ្ពោះមកប្រទេសអាហ្វហ្គានីស្ថាន ហើយរងការតបតទៅវិញ»។
លោកបន្តថា៖ «ស្ថានការណ៍កំពុងស្ថិតក្រោមការគ្រប់គ្រងនៅពេលនេះ។ អេមីរ៉ាតអ៊ីស្លាម(អាហ្វហ្គានីស្ថាន) មិនចង់ប្រយុទ្ធជាមួយប្រទេសជិតខាងរបស់ខ្លួនទេ»។
លោក Nafi Takor បានឱ្យដឹងទៀតថា ការប៉ះទង្គិចគ្នា បានសម្លាប់ម្ខាងម្នាក់ និងធ្វើឱ្យរងរបួសជាច្រើននាក់ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ ក្រោយមកបានរាយការណ៍ថា ឆ្មាំព្រំដែនអ៊ីរ៉ង់២នាក់បានស្លាប់ និងជនស៊ីវិល ២ នាក់ផ្សេងទៀត បានរងរបួស។
IRNA បានរាយការណ៍បន្តថា បន្ទាប់ពីមានការប៉ះទង្គិចគ្នា អាជ្ញាធរអ៊ីរ៉ង់ បានបិទប៉ុស្តិ៍ព្រំដែន Milak – Zaranjដែលជាច្រកឆ្លងកាត់ពាណិជ្ជកម្មដ៏សំខាន់ជាមួយអាហ្វហ្គានីស្ថាន ប៉ុន្តែវាមិនមែនជាកន្លែងដែលការប៉ះទង្គិចគ្នាកើតឡើងនោះទេ។
ទាក់ទងនឹងហេតុការណ៍ដដែលនេះ IRNA បានស្រង់សម្ដីអគ្គស្នងការរងប៉ូលិសអ៊ីរ៉ង់ លោក Qasem Rezaei ដែលនិយាយផ្ទុយពីអ្នកពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានថា កងកម្លាំងតាលីបង់ បានចាប់ផ្តើមបាញ់ប្រហារនៅប៉ុស្តិ៍ត្រួតពិនិត្យអ៊ីរ៉ង់ Sasoli ដែលនៅជាប់ខេត្តNimrozរបស់អាហ្វហ្គានីស្ថាន «ដោយមិនគោរពច្បាប់អន្តរជាតិ និងប្រទេសជិតខាងល្អ» ដែលបង្កឱ្យមានការឆ្លើយតប។
គួរគូសបញ្ជាក់ថា ជុំវិញមូលហេតុដែលធ្វើឱ្យមានការប៉ះទង្គិច គេមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែហេតុការណ៍នេះកើតឡើងចំពេលដែលអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថានមានភាពតានតឹងជុំវិញបញ្ហាទឹកប្រើប្រាស់។
អ៊ីរ៉ង់បានចោទប្រកាន់មេដឹកនាំតាលីបង់របស់អាហ្វហ្គានីស្ថាន ថាបានរំលោភលើសន្ធិសញ្ញាឆ្នាំ ១៩៧៣ដោយរឹតបន្តឹងលំហូរទឹកពីទន្លេហែលម៉ង់(Helmand) ទៅកាន់តំបន់ភាគខាងកើតអ៊ីរ៉ង់ដែលស្ងួតហួតហែង ខណៈការចោទប្រកាន់នេះ ត្រូវបានក្រុមតាលីបង់ច្រានចោល៕