
បាតុកររាប់ម៉ឺននាក់ បានដង្ហែរក្បួនក្នុងអំឡុងពេលបាតុកម្ម នៅក្នុងទីក្រុងបែលក្រាដ កាលពីថ្ងៃទី ២៧ ឧសភា។ AFP
ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ បើទោះបីជាមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំងក៏ដោយ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបែលក្រាដ (Belgrade) ប្រទេសស៊ែប៊ី ដើម្បីធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល ដោយបានសម្តែងការខឹងសម្បាចំពោះករណីបាញ់ប្រហារចំនួន ២ លើក និងបានសម្លាប់មនុស្សអស់ចំនួន ១៨ នាក់។
ក្រុមអ្នករិះគន់ បានលើកឡើងថា ករណីនេះ កើតឡើងដោយសារតែបណ្ដោយឱ្យវប្បធម៌ហិង្សា បន្តកើតមាន ដែលពួកគេជឿថា អាជ្ញាធរស៊ែប៊ីមិនមានសមត្ថភាពក្នុងការទប់ស្កាត់ តែបែរជាអនុញ្ញាតឱ្យរីករាលដាលពាសពេញសង្គម។
គួររំឭកថា កាលពីថ្ងៃទី៣ ខែឧសភា ក្មេងប្រុសជំទង់ម្នាក់ បានបាញ់សម្លាប់សិស្ស ៩នាក់ និងសន្តិសុខម្នាក់នៅទីក្រុងបែលក្រាដ ហើយ១ថ្ងៃក្រោយមក បុរសវ័យ២១ឆ្នាំម្នាក់ទៀត បានបាញ់សម្លាប់មនុស្ស ៨នាក់នៅខាងក្រៅទីក្រុងដដែល។
គណបក្សប្រឆាំងដែលបានរៀបចំការតវ៉ាបាតុកម្មនេះឡើង បានស្ដីបន្ទោសទៅកាន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សជឿនលឿនស៊ែប៊ី ឬហៅកាត់ថា SNSថា បានខកខានក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សព្វផ្សាយមាតិកាហិង្សា និងមិនបានចាត់វិធានការប្រឆាំងនឹងដើមហេតុនៃឧក្រិដ្ឋកម្មនៅក្នុងសង្គម។
គួរដឹងដែរថា បាតុកម្មតវ៉ានេះ គឺជាការធ្វើឡើងលើកទី៤ហើយក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ដោយចំនួនបាតុករមានប្រហាក់ប្រហែលគ្នាទៅនឹងការបាតុកម្ម ៣ លើកមុនៗ បើទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ។
បាតុកររាប់ពាន់នាក់បានឡោមព័ទ្ធទីតាំងរបស់ទូរទស្សន៍រដ្ឋមួយឈ្មោះថា RTS ដោយទាមទារឱ្យប្រធានាធិបតីស៊ែប៊ី លោក អាឡិកសាន់ដារ វូស៊ីក (Aleksandar Vucic) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប្រាធីស្លាវ ហ្កាស៊ីក (Bratislav Gasic) និងលោក អាឡិកសាន់ដារ វូលីន (Aleksandar Vulin) នាយកទីភ្នាក់ងារសន្តិសុខរបស់ប្រទេសស៊ែប៊ី លាលែងចេញពីតំណែង។ក្រុមបាតុករក៏ទាមទារឱ្យមានការបង្កើនការគោរពសិទ្ធិសេរីភាពសារព័ត៌មានឱ្យកាន់តែប្រសើរឡើងផងដែរ។
បាតុករមកពីទីក្រុងបែលក្រាដម្នាក់ឈ្មោះថា ចាំងកូ (Janko)បាននិយាយថា៖ «វាដល់ពេលដែលត្រូវធ្វើការផ្លាស់ប្តូរជាវិជ្ជមានហើយ»។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានបដិសេធការចោទប្រកាន់របស់គណបក្សប្រឆាំង ហើយចោទប្រកាន់ពួកគេថាបានធ្វើបាតុកម្មដើម្បីកេងចំណេញយកប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ មនុស្សរាប់ម៉ឺននាក់ដែលធ្វើដំណើរតាមរថយន្តក្រុងមកពីទូទាំងប្រទេសស៊ែប៊ី និងប្រទេសជិតខាងទៀតដូចជា កូសូវ៉ូ (Kosovo) ម៉ុងតេណេហ្គ្រោ (Montenegro)បូស្ន៊ី (Bosnia) និងម៉ាសេដូនីខាងជើង (North Macedonia) បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងបែលក្រាដ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេទៅកាន់លោក វូស៊ីក។
អ្នកស្រីចេឡេណា (Jelena)អាយុ ៣០ឆ្នាំបាននិយាយថា៖ «យើងមានគំនិតផ្ទុយស្រឡះពីមនុស្សដែលបានបាតុកម្មនៅទីនេះកាលពីម្សិលមិញ»។
កន្លងមក គណបក្សប្រឆាំង និងអ្នកឃ្លាំមើលសិទ្ធិមនុស្សតែងតែបានចោទប្រកាន់លោក វូស៊ីក និងគណបក្សជឿនលឿនស៊ែប៊ីថា មានគោលគំនិតដឹកនាំតាមបែបអត្តាធិបតេយ្យ រារាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ អំពើហិង្សាប្រឆាំងនឹងគូប្រជែងនយោបាយ អំពើពុករលួយ និងទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំទុកជាមុន។ ប៉ុន្តែ លោក វូស៊ីក និងសម្ព័ន្ធមិត្ត បានបដិសេធចោលការចោទប្រកាន់ទាំងនេះ។
គួរដឹងដែរថា កាលពីថ្ងៃសៅរ៍ លោក វូស៊ីក បានលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សជឿនលឿនស៊ែប៊ីរបស់លោក ដោយបានតែងតាំងរដ្ឋមន្ត្រីការពារជាតិ លោកមីឡូស វូសេវីក (Milos Vucevic)ជាអ្នកស្នងតំណែងរបស់លោក។ យ៉ាងណាមិញ លោក វូស៊ីក បានឱ្យដឹងថា លោកនឹងនៅតែជាប្រមុខរដ្ឋស៊ែប៊ីដដែល៕