កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ​២៥ ខែឧសភា​ព ឆ្នាំ​ ២០២៣ Neuralink ដែលជា​ក្រុមហ៊ុន បច្ចេកវិទ្យា​សរសៃប្រសាទ ដែល​សហការ​បង្កើត​ដោយ​មហាសេដ្ឋី Elon Musk បានប្រកាសថា ខ្លួន​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋបាល​ឱសថ និង​ចំណីអាហារ​អាមេរិក ​(FDA) ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​មនុស្ស​ជា​លើកដំបូង​។​

Neuralink បានបញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាសថា​៖ «​វា​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​បច្ចេកវិទ្យា​របស់​យើង​ជួយ​មនុស្ស​ជាច្រើន​»​។ សេចក្តី​ប្រកាស​បន្តថា ការអនុម័ត​នេះ គឺជា​លទ្ធផល​ដ៏​អស្ចារ្យ​របស់​ក្រុមការងារ Neuralink ក្នុង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ FDA​។​

​ទោះយ៉ាងណា​មកទល់ពេលនេះ ក្រុមហ៊ុន​ខាងលើនេះ​នៅ​មិនទាន់បាន​បញ្ជាក់​លម្អិត​អំពី​គោលបំណង​នៃ​ការសិក្សា ឬ​ពេលវេលា​ដែល​ការសាកល្បង​នឹង​ចាប់ផ្តើម​នោះទេ ពោលគឺ​គ្រាន់តែ​បាន​សន្យាថា​នឹង​ផ្តល់ព័ត៌មាន​បន្ថែម​ឆាប់ៗ ពី​គម្រោង សម្រាប់​អ្នក​ដែល​មានបំណង​ចុះឈ្មោះ​ចូលរួម​សាកល្បង​។​

​គេហទំព័រ​ផ្លូវការ​របស់​ក្រុម​ហ៊ុន Neuralink​ បាន​សន្យាថា៖ «​សុវត្ថិភាព ភាពងាយស្រួល និង​ភាពជឿជាក់ គឺជា​អាទិភាព​សំខាន់បំផុត​ក្នុងអំឡុងពេល​ដំណើរការ​វិស្វកម្ម ឬ​ដំណើរការ​សាកល្បង​»​។​

​គួរ​ជ្រាប​ដែរ​ថា Neuralink សង្ឃឹម​ប្រើប្រាស់​បន្ទះ​មីក្រូ​ឈី​ប​របស់ខ្លួន​ដើម្បី​ព្យាបាល​ស្ថានភាព​ជំងឺ​មួយចំនួន​ដូចជា ខ្វិន ពិការភ្នែក និង​ស្ថានភាព​ពិការ​ផ្សេងទៀត ដោយ​ការប្រើ​កុំព្យូទ័រ និង​បច្ចេកវិទ្យា​ចល័ត​។​

​បន្ទះ​មីក្រូ​ឈី​ប របស់​ក្រុម​ហ៊ុន​ ១ ​នេះ ត្រូវបាន​សាកល្បង​ទៅលើ​សត្វ​ស្វា ទទួលបាន​ជោគជ័យ​រួចមកហើយ ដោយ បន្ទះ​ឈី​ប​នេះ​ត្រូវបាន​រចនា​ឡើង​ដែល​អាច​បកស្រាយ​សញ្ញា​ដែល​ផលិត​នៅក្នុង​ខួរក្បាល ហើយ​បញ្ជូន​ព័ត៌មាន​ទៅកាន់​ឧបករណ៍​តាមរយៈ​ប្ល៊ូ​ធូ​ស​។​

​ជុំវិញ​ការផលិត​បន្ទះ​ឈី​ប នេះ មាន​អ្នកជំនាញ​ជាច្រើន​បាន​ដាស់តឿន​ថា ការ​ផ្សាំ​ខួរ​ក្បាល​របស់ Neuralink ត្រូវ​​តែ​មានការ​ធ្វើតេស្ត​យ៉ាងច្រើន​ជាមុនសិន ដើម្បី​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកទេស និង​បញ្ហា​ផ្នែក​ក្រមសីលធម៌ ប្រសិនបើ​ពួកគេ​ចង់ឱ្យ​ផលិត​ផល​នេះ ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​សហការ​បង្កើត​ដោយ​លោក Elon Musk ក្នុង​ឆ្នាំ​ ២០១៦ នេះ​បាន​ដំណើរការ​យឺត​ជាង​ផែន​ការដែល​ខ្លួន​បានគ្រោង ទុក​។ គោលបំណង​ដំបូង​របស់ Neuralink គឺ​ចាប់ផ្តើម​ដាំ​បន្ទះ​ឈី​ប​នៅក្នុង​ខួរក្បាល​មនុស្ស នៅ​ឆ្នាំ​ ២០២០ ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន​នេះ ប្តេជ្ញា​ថា នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ​២០២២ វិញ​។​

​ក៏ប៉ុន្តែ​ការប្តេជ្ញា​របស់​ក្រុម​ហ៊ុន​ក្នុង​ការដាំ​បន្ទះ​ឈី​ប​នៅ ក្នុង​ខួរក្បាល​មនុស្ស​នៅ​ឆ្នាំ ២០២២ មិនអាច​ធ្វើទៅ​បានឡើយ​ដោយសារ​គម្រោង​នេះ​ស្ថិតក្រោម​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ពី​ការរំលោភ​សុខុមាលភាព​សត្វ ឬ​សម្លាប់សត្វ​ហួសប្រមាណ​ក្នុង​ការងារ​របស់ខ្លួន​។​

​ចំណែក​សេចក្តីប្រកាស​ស្តីពី​ការយល់ព្រម​ពី FDA សម្រាប់ ការធ្វើ​តេស្ត​មនុស្ស​នេះ​ថ្មីៗ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ព័​ត៌​មាន របកគំហើញ​ស្រដៀង​គ្នា​នេះ ពាក់ព័ន្ធ​នឹង​ការបំពាក់​បន្ទះ​ឈី​ប​ក្នុង​ខួរក្បាល​ដោយ​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វ៊ី​ស​លើ​បុរស​ពិការ​ជនជាតិ​ហូ​ឡង់​ម្នាក់​ទទួលបាន​ជោគជ័យ​៕