ក្រសួងការពារជាតិ​តៃវ៉ាន់​បានឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី​​ ២៧ ខែឧសភាថា ចិន​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​ងារ​សារព័ត៌មាន AFP​។

​តាម​ធម្មតា ចិន​តែងតែ​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ប៉ុន្តែ​ការបញ្ជូន​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​ខាន​មាន​តាំងពី​ខែមីនា ឆ្នាំមុន​មក​ម្ល៉េះ។

​ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​និយាយថា កង​នាវាចរណ៍​ដែលមាន​នាវា​ចំនួន​ ៣ ​គ្រឿង​របស់​កងទ័ពជើងទឹក​រំដោះ​​ប្រជាជន​ចិន ដែល​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Shangdong​ បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ថ្ងៃ​ត្រង់នា​ថ្ងៃ​សៅរ៍​។

​ក្រសួង​បន្តថា កង​នាវាចរណ៍ បានធ្វើ​ដំណើរ​ខាងលិច​នៃ​ខ្សែ​​បន្ទាត់​កណ្ដាល នៃ​ច្រក​សមុទ្រ ហើយ​ឆ្ពោះទៅ​ភាគ​ខាងជើង​។

​ការបង្ហាញ​កម្លាំងយោធា​ចុង​ក្រោយ​បំផុត​កាលពី​ថ្ងៃ​សៅរ៍​នេះ ធ្វើឡើង​ ១ ​ខែ​បន្ទាប់ពី​ចិន​ធ្វើ​សមយុទ្ធ​ដែនអាកាស និង​កងទ័ពជើងទឹក​នៅ​ជុំវិញ​កោះ​នេះ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ជំនួប​នៅ​សហរដ្ឋអាមេរិក រវាង​ប្រធានាធិបតី​តៃវ៉ាន់ លោក​ស្រី សៃ អ៊ី​ង​វិ​ន និង​ប្រធាន​សភា​អាមេរិក លោក ខេ​វីន ម៉េ​ក​ខា​ធី​។

​នាវា​ Shandong ក៏បាន​ចូលរួម​ក្នុង​សមយុទ្ធ​កាលពី​លើក​នោះ​ផងដែរ ដោយ​វា​បានដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ធុន ​J15 ប៉ុន្តែ​មិន​ស្ថិតនៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​នោះទេ ដោយ​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​កោះ​តៃវ៉ាន់​វិញ​។​

​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព ចុងក្រោយ​របស់​ចិន ក្រសួង​​ការពារជាតិ​តៃវ៉ាន់ បានឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​ទៀតថា ខ្លួន​បានដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ល្បាត​តាម​អាកាស នាវា​កងទ័ពជើងទឹក និង​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​នៅលើ​ដី និង​បាន​តាមដាន​សកម្មភាព​នាវាចរណ៍​របស់​ចិន​យ៉ាង​យកចិត្ តទុកដាក់​។

​ជុំវិញ​បញ្ហា​នេះ ចិន​មិន​បានចេញ​សេចក្ដីថ្លែងការណ៍​យ៉ាង​ណា​ភ្លាមៗ​ទេ​។

​គួរ​បញ្ជាក់ថា ចិន​ទទូច​ទាម​ទារ​កោះ​តៃវ៉ាន់ ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ហើយ​ថា នឹង​ប្រើ​កម្លាំង​ទ័ព​វាយយក​ប្រសិន​​បើ​ចាំបាច់​។ តៃវ៉ាន់​បដិសេធ​ការទាមទារ​នេះ ហើយ​គេ​មើលឃើញថា ចាប់តាំងពី​ប្រធានាធិបតី លោកស្រី សៃ អ៊ី​ង​វិ​ន ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​ ២០១៦​ មក ចិន​បាន​បង្កើន​សកម្ម​ភាព​យោធា​របស់ខ្លួន​ទាំង​តាម​អាកាស និង​ដែនទឹក​ជុំវិញ​កោះ​នេះ​៕