រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានលើកឡើងថា វាជារឿងដែលអកុសលមែនទែន នៅពេលដែលប្រទេសចិនបានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ដែលបានស្នើឱ្យមានជំនួបជាមួយភាគីចិនក្រៅផ្លូវការមួយនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីវិស័យការពារជាតិនៅប្រទេសសិង្ហបុរីក្នុងសប្ដាហ៍នេះ។ លោកសង្កត់ធ្ងន់ថា កង្វះការជជែកពិភាក្សាគ្នាឱ្យដឹងខុសត្រូវ អាចនឹងបណ្តាលឱ្យឧប្បត្តិហេតុណាមួយកើតមានឡើងដែលមិនអាចគ្រប់គ្រងបាន។
លោក អូស្ទីន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសជប៉ុន ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាស៊ូ ហាម៉ាដា (Yasukazu Hamada) ថា «អ្នកបានធ្លាប់ឮខ្ញុំនិយាយជាច្រើនដងមកហើយ អំពីប្រទេសធំៗ ដែលមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់។ ពួកគេត្រូវចេះបើកចិត្តឱ្យទូលាយ និងជជែកពិភាក្សាគ្នា ដើម្បីយើងអាចគ្រប់គ្រងគ្រោះថ្នាក់ណាមួយ និងដើម្បីចៀសវាងការយល់ច្រឡំដែលអាចបង្កឱ្យកើតមានការប៉ះទង្គិចដោយសកម្មភាពណាមួយដែលមិនអាចគ្រប់គ្រងបាន»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះបានបន្តថា «នៅពេលដែលយើងក្រឡេកមើលរឿងមួយចំនួនដែលចិនកំពុងធ្វើនៅក្នុងដែនអាកាសអន្តរជាតិ ទាំងនៅក្នុងតំបន់ និងផ្លូវទឹកអន្តរជាតិ ដូចជាការស្ទាក់ចាប់យន្តហោះរបស់យើង និងយន្តហោះរបស់សម្ព័ន្ធមិត្តរបស់យើងជាដើម វាពិតជារឿងដែលគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ ហើយយើងសង្ឃឹមថាពួកគេនឹងធ្វើការកែប្រែនូវសកម្មភាពរបស់ពួកគេទាំងអស់នោះ។ ប៉ុន្តែដោយសារតែយើងមិនទាន់បានឃើញពួកគេធ្វើការកែប្រែនៅឡើយ ដូច្នេះហើយ ខ្ញុំពិតជាមានការព្រួយបារម្ភ ព្រោះឧប្បត្តិហេតុណាមួយអាចនឹងកើតមានឡើងដោយមិនអាចគ្រប់គ្រងបាន»។ លោកបានបន្ថែមថា «ខ្ញុំស្វាគមន៍ជានិច្ច នូវរាល់ការចូលជួបជជែកគ្នាជាមួយភាគីប្រទេសចិន»។
មន្ទីរបញ្ចកោណបានប្រកាសឱ្យដឹងនៅដើមសប្តាហ៍នេះថា ប្រទេសចិនបានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ដែលបានស្នើឱ្យមានជំនួបមួយរវាងលោក អូស្ទីន និងសមភាគីចិន លោក លី សាងហ្វ៊ូ (Li Shangfu) នៅក្នុងឱកាសដែលវេទិកាសន្តិសុខមួយឈ្មោះថា Shangri-La Dialogue នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរីក្នុងសប្តាហ៍នេះ។ ដោយឡែក ក្រសួងការពារជាតិរបស់ចិនបានស្តីបន្ទោសសហរដ្ឋអាមេរិក ដោយអះអាងថា អាមេរិកត្រូវជាអ្នកទទួលខុសត្រូវចំពោះភាពតានតឹងដែលកំពុងបន្តកើតមានរវាងយោធារបស់ប្រទេសទាំងពីរ មានន័យថា បញ្ហាទាំងអស់គឺបណ្ដាលមកពីភាគីអាមេរិកទាំងស្រុង។
គួរដឹងដែរថា ការឆ្លើយតបគ្នាទៅវិញទៅមកបែបនេះ បានចាប់ផ្ដើមឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានណែនាំឱ្យមន្ត្រីសន្តិសុខជាតិ ប្រមើលមើលស្ថានការណ៍ប្រឈមខាងមុខយ៉ាងយកចិត្តទុកដាក់ និងត្រៀមខ្លួនជានិច្ចសម្រាប់ហេតុការណ៍ណាមួយដែលអាចកើតមានឡើង។ បន្ថែមលើនេះ គណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច ក៏បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសវិស័យការពារជាតិ ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងការគំរាមកំហែងទាំងខាងក្នុង និងខាងក្រៅតំបន់។
ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរកាន់តែមានភាពតានតឹងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាលោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២ និងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិនដែលបានហោះឆ្លងកាត់ទីតាំងយោធាអាមេរិកកាលពីខែកុម្ភៈកន្លងទៅ៕