
រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen (ស្តាំ) ចាប់ដៃជាមួយសមភាគីចិន លោក Li Shangfu ក្នុងអំឡុងជំនួបនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី១ មិថុនា។ AFP
រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានព្រមាននៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ប្រឆាំងនឹងការបង្កើត «សម្ព័ន្ធភាពយោធាដូចណាតូ» នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយនិយាយថា សម្ព័ន្ធបែបនេះ នឹងធ្វើឱ្យតំបន់ធ្លាក់ចូលទៅក្នុងជម្លោះ។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Li ថ្លែងប្រាប់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី Shangri-La Dialogue ដែលធ្វើឡើងនៅសិង្ហបុរីថា៖«ការប៉ុនប៉ងដើម្បីជំរុញឱ្យមានសម្ព័ន្ធភាពដូចណាតូនៅអាស៊ីប៉ាស៊ីហ្វិក គឺជាវិធីមួយនៃការចាប់ពង្រត់ប្រទេសក្នុងតំបន់ ក៏ដូចជាការបំផ្លើសជម្លោះ និងការប្រឈមមុខដាក់គ្នា ដែលនឹងធ្វើឱ្យអាស៊ីប៉ាស៊ីហ្វិក ធ្លាក់ចូលទៅកំណួចជម្លោះ»។
លោក Li បន្តថា៖«អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ ត្រូវការកិច្ចសហប្រតិបត្តិការបើកចំហ និងរួមបញ្ចូលដោយមិនចងសម្ព័ន្ធភាពជាក្រុមតូចៗ។ យើងមិនត្រូវបំភ្លេចគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលនាំមកដោយ សង្រ្គាមលោកទាំង២ ចំពោះប្រជាជននៃប្រទេសទាំងអស់ ហើយយើងមិនត្រូវអនុញ្ញាតឱ្យប្រវត្តិសាស្ត្រសោកនាដកម្មបែបនេះ កើតឡើងម្តងទៀតឡើយ»។
លោក Li មិនបានបញ្ចេញឈ្មោះប្រទេសណាមួយច្បាស់លាស់នោះទេ យ៉ាងណាមិញ សម្ដីរបស់លោកត្រូវបានគេមើលឃើញថា សំដៅលើសហរដ្ឋអាមេរិក ដែលបាននិងកំពុងបង្កើតសម្ព័ន្ធភាព និងភាពជាដៃគូនៅក្នុងតំបន់ ដូចជាសម្ព័ន្ធភាពនៃកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយនុយក្លេអ៊ែរ AUKUS (អាមេរិក អូស្ត្រាលី និងអង់គ្លេស) និងក្រុមប្រទេសដៃគូសន្តិសុខចតុភាគី (QUAD) ដែលរួមមានអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន។
បន្ថែមពីលើបញ្ហានេះផងដែរ លោក Li ដែលរងទណ្ឌកម្មពីអាមេរិកក្នុងឆ្នាំ ២០១៨ ជុំការទិញអាវុធពីរុស្ស៊ីបាននិយាយថា ពិភពលោកមានកន្លែងច្រើនណាស់ដើម្បីឱ្យប្រទេសចិន និងសហរដ្ឋអាមេរិក រីកចម្រើនជាមួយគ្នា។ លោកបន្តថា៖«ចិន និងអាមេរិកមានប្រព័ន្ធផ្សេងៗគ្នា ហើយខុសគ្នាតាមវិធីជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ នេះមិនគួររារាំងភាគីទាំង២ពីការស្វែងរកមូលដ្ឋានរួម និងផលប្រយោជន៍រួម ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនោះទេ»។
លើសពីនេះទៀត លោក Li បានព្រមានថា៖ «វាមិនអាចប្រកែកបានទេថា ជម្លោះឬការប្រឈមមុខគ្នាធ្ងន់ធ្ងររវាងចិន និងអាមេរិក នឹងក្លាយជាគ្រោះមហន្តរាយដែលមិនអាចទ្រាំទ្របានសម្រាប់ពិភពលោក»។
គូរបញ្ជាក់ថា ការថ្លែងយ៉ាងដូច្នេះរបស់លោក Li ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងកិច្ចប្រជុំកំពូលដូចគ្នា ថា ទំនាក់ទំនងបើកចំហររវាងមេដឹកនាំការពារជាតិ និងយោធា របស់អាមេរិក និងចិន មានសារៈសំខាន់ណាស់ ដើម្បីចៀសវាងជម្លោះ និងពង្រឹងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែចិនមិនមានឆន្ទៈក្នុងការចូលរួមយកចិត្តទុកដាក់បន្ថែមទៀតលើយន្តការកាន់តែប្រសើរឡើង ដើម្បីការគ្រប់គ្រងវិបត្តិរវាងយោធានៃប្រទេសទាំង២។
គួរគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ធ្លាក់ចុះដល់ចំណុចដ៏ដុនដាប ជុំវិញបញ្ហាជាច្រើនរាប់តាំងពីសិទ្ធិមនុស្ស អធិបតេយ្យភាពតៃវ៉ាន់ ពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង និងចារកម្មជាដើម៕