
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Shangri-La Dialogue លើកទី២០ នៅប្រទេសសិង្ហបុរី ថ្ងៃទី៣ ខែមិថុនា។ AFP
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃទី ៣ ខែមិថុនា ថា លោកមានការព្រួយបារម្ភយ៉ាងខ្លចំពោះការគ្មានឆន្ទៈក្នុងការចូលរួមគ្រប់គ្រងវិបត្តិយោធារបស់ចិន ដោយព្រមានថាកិច្ចពិភាក្សាគឺជាគន្លឹះដើម្បីបញ្ចៀសជម្លោះ។
លោក Austin ថ្លែងក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី Shangri-La Dialogueដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីថា ទំនាក់ទំនងបើកចំហររវាងមេដឹកនាំការពារជាតិ និងយោធា របស់អាមេរិក និងចិន មានសារៈសំខាន់ណាស់ ដើម្បីចៀសវាងជម្លោះ និងពង្រឹងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Austin បន្ថែមថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដែល PRC (សាធារណៈរដ្ឋប្រជាមានិតចិន) មិនមានឆន្ទៈក្នុងការចូលរួមយកចិត្តទុកដាក់បន្ថែមទៀតលើយន្តការកាន់តែប្រសើរឡើង ដើម្បីការគ្រប់គ្រងវិបត្តិរវាងយោធាទាំង២របស់យើង»។
លោកបន្តថា៖ «យើងពិភាក្សាគ្នាកាន់តែច្រើន នោះយើងអាចចៀសវាងការយល់ច្រឡំ និងការគណនាខុសដែលអាចនាំឱ្យមានវិបត្តិ ឬជម្លោះ កាន់តែច្រើន។ សហរដ្ឋអាមេរិកមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីទេ ហើយការប្រកួតប្រជែងគ្នា មិនត្រូវឱ្យក្លាយជាជម្លោះនោះទេ»។
មុនកិច្ចប្រជុំ Shangri-La Dialogue រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfuដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក បានច្រានចោលការអញ្ជើញឱ្យជួបជាមួយ លោក Austin។ យ៉ាងណាមិញមន្ទីរបញ្ចកោណបានឱ្យដឹងថា មន្រ្តីទាំង២បានចាប់ដៃគ្នានៅខាងក្រៅកិច្ចប្រជុំកាលពីថ្ងៃសុក្រ ប៉ុន្តែមិនបានធ្វើការពិភាក្សាលម្អិតនោះទេ។
ជុំវិញការរិះគន់របស់អាមេរិកថា ចិនអសកម្មក្នុងការចូលរួមធ្វើការជាមួយគ្នានោះអ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយកាលពីថ្ងៃសុក្រក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលប្រាប់រ៉យទ័រថាទំនាក់ទំនងរវាងចិន និងអាមេរិកល្អសម្រាប់ការយោគយល់គ្នាកាន់តែខ្លាំង។
យ៉ាងណាមិញ សេចក្ដីថ្លែងការណ៍និយាយថា៖«ឥឡូវនេះ សហរដ្ឋអាមេរិកនិយាយថា ខ្លួនចង់សន្ទនាជាមួយភាគីចិន ខណៈកំពុងស្វែងរកការគាបសង្កត់ប្រទេសចិន តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន និងបន្តដាក់ទណ្ឌកម្មលើមន្ត្រី ស្ថាប័ន និងក្រុមហ៊ុនរបស់ចិន»។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖«តើមាន ភាពស្មោះត្រង់ និងសារៈសំខាន់ ចំពោះការទំនាក់ទំនងបែបនេះទេ?»។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ធ្លាក់ចុះដល់ចំណុចដុនដាប ជុំវិញបញ្ហាជាច្រើនរាប់តាំងពីសិទ្ធិមនុស្ស អធិបតេយ្យភាពតៃវ៉ាន់ ពាណិជ្ជកម្ម សមុទ្រចិនខាងត្បូង និងចារកម្មជាដើម៕