រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក Li Shangfu បាន​និយាយ​ឯ​សន្និសីទ​សន្តិសុខ​ Shangri-La Dialogue កាល​ពី​ថ្ងៃ​អាទិត្យថា ជម្លោះ​ក្នុង​តំបន់ គួរ​តែ​ត្រូវបានដោះស្រាយ​តាម​រយៈការ​ចរចា​ដោយ​សន្តិវិធី ជាជាង​ការ​បង្កើន​ការ​ប្រឈម​មុខដាក់គ្នា។

លោក Li Shangfu បាន​និយាយនៅ​ក្នុង​សុន្ទរក​ថា​ដែល​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​វេបសាយ​របស់​វេទិកា​ថា៖​«មាន​វិធីសាស្រ្ត​២​ក្នុង​ការដោះ​ ស្រាយ​ភាពខុសគ្នា។ វិធីសាស្រ្តមួ​យធ្វើ​ឱ្យ​ភាពតាន​តឹងកើន​ឡើង និង​បន្ថែម​ប្រេង​ទៅលើ​​ភ្លើង ខណៈដែល​មួយ​ទៀត​ស្វែង​រកការ​ឯកភាពគ្នា និង​លើក​កម្ពស់​ការ​ផ្សះផ្សា ​និង​ការចរចា។​

យោង​តាម​លោក​ ប្រទេស​ចិនប្តេជ្ញា​រក្សា​សន្តិភាព​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​លើ​បញ្ហា​ទាក់ទង​នឹង​មជ្ឈិម​បូព៌ា​ឧបទ្វីបកូរ៉េ​និង​អ៊ុយក្រែន។ ​លោក Li Shangfu បាន​បន្ថែមថា​ប្រទេសចិន​បាន​ដើរតួនាទី​ស្ថាបនា និង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ដើម្បីធ្វើ​ឱ្យ​ស្ថានភាព​ស្ងប់ស្ងាត់​ និង​ជំរុញឱ្យមាន​ការផ្សះ​ផ្សា​នយោបាយ។

រដ្ឋមន្ត្រីចិន បាន​ចង្អុល​បង្ហាញ​ថា៖«​ទន្ទឹម​នឹងនោះ ប្រទេស​មួយ​ចំនួន កំពុង​ពង្រីក​មូលដ្ឋាន​យោធា បង្កើន​វត្តមាន​យោធា និង​ការ​ប្រណាំង​សព្វាវុធ​នៅក្នុង​តំបន់ [អាស៊ី​ប៉ាស៊ីហ្វិក] ផ្ទេរបច្ចេកវិទ្យា អាវុធ​នុយក្លេអ៊ែរ​ទៅ​រដ្ឋដែល​មិន​មាន​នុយ​ក្លេអ៊ែរ»។

លោក Li Shanfu Shangfu បាន​និយាយថា ជា​ការពិត បណ្តា​ប្រទេសក្នុង​តំបន់​មាន​ប្រាជ្ញា និង សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ភាព​ខុសគ្នា និង​ជម្លោះ​របស់​ពួកគេ​។

សន្និសីទ​សន្តិសុខ​អន្តរជាតិ Shangri-La Dialogue បាន​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​ទី ២-៤​ខែ​មិថុនា នៅ​ប្រទេស​សិង្ហបុរី​៕