លោក​ប្រធានាធិបតី អ៊ូហ្គង់ដា Yoweri Museveni បាន​និយាយថា​ កង​កម្លាំង​រក្សា​សន្តិភាព​អ៊ូហ្គង់ដា​ ប្រហែល ៥៤​នាក់ បាន​ស្លាប់នៅ​ពេល​ដែលក្រុម​ សកម្ម​ប្រយុទ្ធ​បាន​ឡោមព័ទ្ធ​មូលដ្ឋាន​សហ​ភាព​អាហ្រ្វិក​ក្នុង​ប្រទេស​សូម៉ាលី​កាលពីសប្តាហ៍​មុននេះ ជាក្នុង​ការវាយ​ប្រហារនា​ពេលថ្មីៗនេះ​ដ៏​អាក្រក់​បំផុត​មួយ​ដោយ​ក្រុម​ជីហាដ Al-Shabaab​។

លោក​ Museveni បាន​និយាយ​នៅក្នុងការ​បង្ហោះនៅលើ​គណនី​Twitter​ ផ្លូវការ​របស់​លោក​ កាល​ពីល្ងាច​ថ្ងៃ​សៅរ៍ថា៖​«យើង​បានរ​កឃើញ​សាកសព​ទាហាន​ចំនួន​ ៥៤​នាក់​ ក្នុង​នោះមាន​មេ​បញ្ជាការ​ម្នាក់​»។

ក្រុម Al-Shabaab ដែល​បាន​ធ្វើ​ការ​បះបោរ​យ៉ាង​សាហាវ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កណ្តាល​ដ៏​ផុយស្រួយ​របស់​សូម៉ាលី​អស់​រយៈពេល​ជាង១​ទសវត្សរ៍ ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ កាលពី​ថ្ងៃ​ទី ២៦​ ឧសភា ដោយ​និយាយ​ថា ​ខ្លួន​បាន​វាយ​លុក​មូលដ្ឋាន​ទ័ព។

អ្នកស្រុក​និង​មេបញ្ជាការ​យោធា​សូម៉ាលី​ បាន​ប្រាប់​សារ​ព័ត៌មាន​AFPថា ក្រុម​សកម្ម​ប្រយុទ្ធ​ បាន​បើកឡាន ដែលផ្ទុក​សារធាតុផ្ទុះ​ចូល​ទៅ​ក្នុង​មូលដ្ឋាន​នៅ Bulo Marer ​ចម្ងាយ​១២០​គីឡូម៉ែត្រ ភាគ​និរតី​នៃ​រដ្ឋធានី Mogadishu ដែល​នាំឱ្យមានការ​ប្រយុទ្ធគ្នា​ដោយ​កាំភ្លើង​។

ចំនួននេះ គឺជា​ចំនួន​ដ៏ច្រើន​បំផុត​ ចាប់​តាំង​ពីកង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​គាំទ្រ​ដោយ​កងកម្លាំង​ AU ដែលគេ ស្គាល់ថា ATMIS​ បាន​បើកការ​វាយលុក​កាលពី​ខែសីហា ឆ្នាំមុន ប្រឆាំង​នឹង​ក្រុម​Al-Shabaab។

នេះ​ក៏ជា​ការ​ទទួល​ស្គាល់​ដ៏​កម្រ​នៃ​ចំនួន​អ្នក​ស្លាប់​ដ៏ច្រើ​ន​ ក្នុង​ចំណោម​យោធា​ផងដែរ​។

លោក Museveni បាន​និយាយ​រួចហើយ​កាល​ពី​សប្តាហ៍​មុនថា ប្រតិកម្ម​ភ័យ​ស្លន់ស្លោ​ដំបូង​ចំពោះ​ការ​វាយប្រហារនេះ​បាន​រួម​ចំណែក​ដល់​ចំនួន​អ្នក​ស្លាប់​នេះ។

លោក Museveni ​បាន​និយាយនៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖​ «កំហុស​នេះ បាន​ធ្វើឡើង​ដោយ​មេ​បញ្ជាការ​២ រូប​​គឺលោក Maj Oluka និង Maj Obbo ​ដែលបាន​បញ្ជាឱ្យ​ទាហាន​ដកថយ ដោយ​បន្ថែមថា​ ពួកគេ​នឹង​ប្រឈម​មុខនឹង​ការ​ចោទប្រកាន់​នៅក្នុង​តុលាការ​អាជ្ញាសឹក​»។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ទាហាន​របស់​យើង​បាន​បង្ហាញពី​ភាពធន់​គួរឱ្យ​កត់​សម្គាល់​និង​រៀបចំ​ខ្លួន​ពួកគេ​ឡើង វិញ ដែលនាំ​ឱ្យ​ដណ្តើម​យកបាន​​មូលដ្ឋាន​មក​កាន់​កាប់​ឡើងវិញ៕