
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ចុះមើលទីតាំងរថភ្លើងបុកគ្នា។ AFP
យោងតាមក្រុមមន្ត្រីនៃប្រទេសឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃទី ៣ ខែមិថុនាថា មនុស្សយ៉ាងហោចណាស់ ២៨៨ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុរថភ្លើងបើកធ្លាក់ផ្លូវ និងបុកជាមួយនឹងរថភ្លើងមួយផ្សេងទៀត ដោយសារឧបករណ៍បញ្ជូនសញ្ញាមានបញ្ហាដែលវាជាហេតុការណ៍ដ៏អាក្រក់បំផុតមួយ របស់ប្រទេសឥណ្ឌាក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយនេះ។
រថភ្លើងដែលបង្កឱ្យមានឧបទ្ទវហេតុដោយការបើកធ្លាក់ផ្លូវកាលពីថ្ងៃសុក្រនៅក្នុងស្រុកបាឡាស័រ ក្នុងរដ្ឋអូឌីសា ភាគខាងកើតនៃប្រទេសឥណ្ឌាបានជ្រុលទៅបុករះទៅលើរថភ្លើងដឹកទំនិញដែលចតនៅក្បែរនោះ ដោយបង្កឱ្យមានការខូចខាតយ៉ាងធំធេង រហូតមានអ្នកស្លាប់ជាច្រើនរយនាក់ និងមនុស្សរងរបួសជាង ៨០០ នាក់។
លោក K. S. Anand ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន South East Railway បាននិយាយថា អ្នកស្លាប់បានកើនឡើងដល់ជិត ៣០០ នាក់ ហើយសាកសពខ្លះក៏នៅមានជាប់នៅក្នុងទូរថភ្លើងនៅឡើយ ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត បូករួមនឹងចំនួនមនុស្សស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ នេះបើតាមអ្នកតាមដានព្រឹត្តិការណ៍របស់សារព័ត៌មាន Reuters។
ការបុកគ្នានេះបានកើតឡើងនៅម៉ោងប្រហែល៧យប់កាលពីថ្ងៃសុក្រ នៅពេលដែលរថភ្លើង Howrah Superfast Express ធ្វើដំណើរចេញពីទីក្រុងបេងហ្គាលូរូ ឆ្ពោះទៅហូរ៉ា ក្នុងរដ្ឋបេងហ្គាល់ភាគខាងលិច បានបុកជាមួយរថភ្លើង Coromandel Express ដែលធ្វើដំណើរពីទីក្រុង Kolkata ឆ្ពោះទៅទីក្រុងចេនណៃ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា មន្ត្រី និងរដ្ឋមន្ត្រីផ្លូវដែកលោក Ashwini Vaishnaw បានអមដំណើរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដែលចុះត្រួតពិនិត្យដល់ទីតាំងកន្លែងកើតហេតុ បានប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានធានាថា ក្រុមគ្រួសាររងគ្រោះទាំងអស់ នឹងទទួលបានជំនួយ។
លោក Ashwini Vaishnaw រដ្ឋមន្ត្រីផ្លូវដែកឥណ្ឌា បានបញ្ជាក់ឱ្យដឹងថា៖ «គ្រួសារសពនៃឧបទ្ទវហេតុនេះនឹងទទួលបានជំនួយ ១ លានរូពី ឬ ១២១៣៥ដុល្លារអាមេរិក ខណៈអ្នករបួសធ្ងន់ធ្ងរនឹងទទួលបាន ២០ ម៉ឺនរូពី ឬជាង ២ ពាន់ដុល្លារ និង ៥ ម៉ឺនរូពី ឬជាង ៦០០ ដុល្លារសម្រាប់អ្នករងរបួសស្រាល។
យោងតាមក្រុមហ៊ុន Indian Railways បានឱ្យដឹងដែរថា បណ្តាញរថភ្លើងមួយនេះជួយសម្រួលការដឹកជញ្ជូនមនុស្សជាង ១៣ លាននាក់ជារៀងរាល់ថ្ងៃតែភាពផ្តាច់មុខដែលគ្រប់គ្រងដោយរដ្ឋមិនមានកំណត់ត្រាសុវត្ថិភាពល្អទេ ដោយសារ តែហេដ្ឋារចនាសម្ព័ន្ធចាស់រេចរឹល។
ស្របពេលជាមួយគ្នានេះ មេដឹកនាំគណបក្សប្រឆាំងលោក Jairam Ramesh បានចេញមុខនិយាយថា ឧបទ្ទវហេតុនេះបានធ្វើឱ្យលោកដឹងថា បណ្តាញផ្លូវដែក គឺជារឿងអាទិភាពចម្បងជាងគេ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុរថភ្លើងដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌា ធ្លាប់បានកើតឡើងក្នុងឆ្នាំ១៩៨១ នៅពេលដែលរថភ្លើងធ្លាក់ពីលើស្ពានចូលទៅក្នុងទន្លេក្នុងរដ្ឋ Bihar ដោយបានសម្លាប់មនុស្សប្រមាណ ៨០០ នាក់។
ចំណែកឯ ឧបទ្ទវហេតុរថភ្លើងកាលពីថ្ងៃទី ២ ខែមិថុនា កន្លងមកនេះ ស្ថិតនៅលំដាប់ទី៣ តែវាជាគ្រោះថ្នាក់អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៩៥ ពោលគឺពេលដែលរថភ្លើងល្បឿនលឿន ២ បានបុកគ្នានៅទីក្រុង Firozabad ដោយបានសម្លាប់មនុស្សជាង ៣០០ នាក់៕