
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពេលចុះហត្ថលេខាលើច្បាប់ហេដ្ឋារចនាសម្ព័ន្ធកាលឆ្នាំ ២០២២។ AFP
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើច្បាប់មួយដើម្បីព្យួរពិតានបំណុលរបស់ប្រទេសមហាអំណាចលេខ ១ ទាំងវិស័យយោធា និងសេដ្ឋកិច្ចនេះរហូតដល់ថ្ងៃទី ១ ខែមករាឆ្នាំ ២០២៥ ដោយបញ្ចៀសនូវអ្វីដែលជាការរាំងស្ទះ (default) ជាលើកដំបូង ដោយនៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រឈមការជាប់គាំងចំពោះការទូទាត់ការចំណាយដោយសារច្បាប់របស់ប្រទេសនេះបានកំណត់ឱ្យរដ្ឋាភិបាលមិនត្រូវចំណាយខ្ពស់ជាងពិតានបំណុល ៣១,៤ ពាន់ពាន់លានដុល្លារដែលបានកំណត់រួចហើយនោះទេ ប៉ុន្តែច្បាប់ថ្មីដែលទើបអនុម័តដោយសភាមកពីបក្សទាំង ២ ហើយប្រធានាធិបតីទើបចុះហត្ថលេខា នឹងព្យួរច្បាប់ចាស់នោះ បើកផ្លូវឱ្យមានការចំណាយលើសពីកម្រិតបំណុលដែលបានកំណត់។
កាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងនៅតាមបណ្តាញសង្គម Twitter របស់ខ្លួនថា៖ «ខ្ញុំទើបតែបានចុះហត្ថលេខាលើច្បាប់ ដែលជាកិច្ចព្រមព្រៀងថវិកាមកពីគណបក្សទាំង ២ ដែលការពារការរាំងស្ទះលើកដំបូងដែលមិនធ្លាប់មាន ខណៈពេលដែលកាត់បន្ថយឱនភាព ការការពារសន្តិសុខសង្គមការថែទាំសុខភាព និងការបំពេញកាតព្វកិច្ចដ៏ពិសិដ្ឋរបស់យើងចំពោះអតីតយុទ្ធជនរបស់យើង»។
លោក បៃដិន បន្ត៖ «វាមានសារៈសំខាន់ណាស់ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ហើយវាជាដំណឹងដ៏ល្អសម្រាប់ប្រជាជនអាមេរិក។ គ្មាននរណាម្នាក់ទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាននោះទេ។ ប៉ុន្តែប្រជាជនអាមេរិកទទួលបានអ្វីដែលពួកគេត្រូវការ»។
តាមរយៈការចុះហត្ថលេខាលើច្បាប់កំណត់បំណុលរបស់សហរដ្ឋអាមេរិករហូតដល់ឆ្នាំ ២០២៥ សហរដ្ឋអាមេរិករួចផុតពីការគំរាមកំហែងដោយការរាំងស្ទះផ្នែកការចំណាយរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
ប្រធានាធិបតីអាមេរិក បានសរសើរ ប្រធានរដ្ឋសភា លោក McCarthy និងអ្នកចរចារបស់គាត់សម្រាប់ប្រតិបត្តិការដោយស្មោះត្រង់ និងមេដឹកនាំសភាទាំងអស់សម្រាប់ការធានាការអនុម័តច្បាប់យ៉ាងឆាប់រហ័ស ដោយលោកនិយាយថា៖ «ពួកគេបានធ្វើដោយការទទួលខុសត្រូវ ហើយបានតម្កល់ផលប្រយោជន៍នៃប្រទេសជាតិនៅមុននៃបញ្ហានយោបាយ»។
ក្រៅពីការរឹតបន្តឹងលើការចំណាយ ច្បាប់ថ្មី ៩៩ ទំព័របានផ្លាស់ប្តូរគោលនយោបាយមួយចំនួន រួមទាំងការដាក់លក្ខខណ្ឌការងារថ្មីសម្រាប់ប្រជាជនអាមេរិកវ័យចំណាស់ដែលទទួលបានជំនួយស្បៀងអាហារ និងទទួលបានថាមពលស្អាតពីបំពង់បង្ហូរឧស្ម័នធម្មជាតិ Appalachian ដែលគណបក្សប្រជាធិបតេយ្យជាច្រើនប្រឆាំង។
វាជាការសម្រេចចិត្តមួយចំពោះរឿងរ៉ាវរយៈពេល ១ ខែ ដែលទីផ្សារហិរញ្ញវត្ថុទាំងក្នុង និងក្រៅប្រទេសមិនមានការញាប់ញ័រ ហើយបានធ្វើឱ្យអ្នកចូលនិវត្តន៍ដែលមានការព្រួយបារម្ភ និងអង្គការសេវាសង្គមក្នុងការធ្វើផែនការសង្គ្រោះបន្ទាន់ក្នុងករណីដែលប្រទេសនេះមិនអាចទូទាត់ការចំណាយបាន៕