​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌូនេស៊ីផ្សាយ​ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ីបាន​និយាយថា ខ្លួន​នឹង​ដំណើរ​ការ​កម្មវិធី​​ «​ទិដ្ឋាការ​មាស​» ដែល​អនុញ្ញាតឱ្យ​ជនបរទេស​អាច​ស្នាក់នៅ​ក្នុងប្រទេស​រហូត​ដល់ ១០ ឆ្នាំ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​លោក Sandiaga Uno រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​នៃ​ប្រទេស​​ឥណ្ឌូនេស៊ី បាន​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជាមួយ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ថា កម្មវិធី​ទិដ្ឋាការ​មាស នឹង​ជួយ​ទាក់ទាញ​ជនបរទេស និង​ការវិនិយោគ ដែលជា​លទ្ធផល​នឹង​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​។

​លោក Sandiaga បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ទិដ្ឋាការ​មាស​គឺជា​គោលនយោបាយ​ថ្មី​មួយ ដែល​យើង​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ទាក់​ទាញ​អ្នកមាន​ទេពកោសល្យ​ប្រកបដោយ​គុណភាព​ក្នុង​វិស័យ​ឌីជីថល សុខាភិបាល ការស្រាវជ្រាវ និង​បច្ចេកវិទ្យា​។ [​គោលនយោបាយ​នេះ​] នឹង​ក្លាយជា​ការផ្លាស់ប្តូរ​រប​ត់​ដែល​នឹង​ពាំនាំ​ជនបរទេស​កាន់តែច្រើន រួមទាំង​វិស័យ​ឌីជីថល និង​សហគ្រិន ឱ្យមក​បណ្តាក់​ទុន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​»​។​

​ទោះយ៉ាងណា តម្រូវការ​លម្អិត​ដើម្បីឱ្យ​ជនបរទេស​ទទួលបាន​ទិដ្ឋាការ​មាស មិនទាន់​ត្រូវបាន​ចេញផ្សាយ​នៅឡើយ​ទេ​។ គួរ​គូសបញ្ជាក់ថា កម្មវិធី​ទិដ្ឋាការ​មាស នឹង​ក្លាយជា​គំនិត​ផ្តួចផ្តើម​ទី២ ដែល​រដ្ឋា​ភិ​បាល​ឥណ្ឌូនេស៊ី​បាន​បង្កើតឡើង​ក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ បន្ទាប់ពី​បានដាក់​ដំណើរការ កម្មវិធី​ទិដ្ឋាការ «​ផ្ទះ​ទី​២» កាល​​ពី​ខែតុលា​ឆ្នាំមុន​។​

​កម្មវិធី​ទិដ្ឋាការ ​«​ផ្ទះ​ទី​២» អនុញ្ញាតឱ្យ​ជនបរទេស​ដាក់​ពាក្យសុំ​សិទ្ធិ​ស្នាក់នៅ​រហូតដល់ ​១០​ ឆ្នាំ ប្រសិនបើ​ពួកគេ​មាន​ទិដ្ឋាការ​ស្រាប់ និង​មាន​ប្រាក់​ក្នុង​ធនាគារ ១២៨ ៥៥៩ ដុល្លារ​អាមេរិក​)​ ឬ​ភាពជា​ម្ចាស់​នៃ​គេហដ្ឋាន​ប្រណីតៗ​នៅក្នុង​ប្រទេស​៕​