ថ្ងៃទី ៤ ​ខែមិថុនា​ ឆ្នាំ ២០២៣ ​អគ្គលេខាធិការ​អង្គការណាតូ ​លោក ​ចេន ​ស្តូលថិន​ប៊ឺក​ (Jens Stoltenberg) បានលើ​កឡើងថា​ ប្រទេស​ស៊ុយអែត​ បាន​ខិតខំ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួនទៅ​តាមអ្វី​ដែល​ប្រទេស​តួកគី​ ចង់​បាន​ពោល ​គឺ​បាន​ព​ង្រឹង​ច្បាប់ប្រឆាំង​នឹងអំពើ​ភេរវកម្ម។​ ដូច្នេះ​វាដល់ពេល​ដែល​ប្រទេសតួកគី​ត្រូវបើកផ្លូវ​ឱ្យ​ប្រទេស​ស៊ុយអែត​ចូល​ជា​សមា​ជិក​ក្នុង​សម្ព័ន្ធភាព​ណាតូ​ហើយ​។​

បន្ទាប់ពី​បាន​ជួបជា​មួយ​ប្រធានាធិបតី​តួកគី ​លោក​ អេរដូហ្គែន​ (Erdogan) ​ដែលទើបតែ​បាន​ជាប់ឆ្នោត​ថ្មី​ថ្មោង លោក​ ស្តូលថិន​បឺក​ ត្រូវ​បាន​អ្នក​សារព័ត៌​មាន​សាកសួរ​ពីថា​តើ​ស៊ុយអែត​នឹង​អាច​ចូលជា​សមាជិក​អង្គការ​ណាតូ​បាន​មុនកិច្ច​ប្រជុំ​កំពូល​នៅ​ពាក់​កណ្តាល​ខែកក្កដា​នៅទីក្រុងវីលនីញូស​ប្រទេស​លីទុយ​អានីដែរ​ឬ​ក៏​យ៉ាងណា? ​ លោក​បានឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​នោះ​វិញថា ​«យើងត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ ​រឿង​នេះ​អាច​កើត​ឡើង​បាន»។​

លោក​បាន​បន្ថែម​ទៀតថា៖​«យន្តការ​ស្រុះស្រួល​គ្នា​រវាង​ប្រទេស​ស៊ុយអែត​ហ្វាំងឡង់​និង​តួកគី​ ដើម្បី​ពិភាក្សា​អំពី​កិច្ចស​ហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង៣​ នឹង​រៀបចំ​ឡើងវិញ​ម្ដងទៀត​នៅ​ថ្ងៃទី១២ ​ខែមិថុនា​ ខាង​មុខនេះ​»។

លោក​បន្តថា៖​ «ខ្ញុំចង់​ឃើញការ​ចូលជា​សមាជិក​របស់​ប្រទេស​ស៊ុយអែត​ឱ្យ​បាន​ឆាប់តាម​ដែលអាច​ធ្វើទៅបាន»។​​

គួរ​រំឭកថា ​ប្រទេស​ហ្វាំងឡង់​បាន​ចូលជា​សមាជិក​ផ្លូវការ​របស់​សម្ព័ន្ធ​ភាព​ណាតូ ​កាល​ពីខែ​មេសា​ កន្លង​ទៅរួច​មុន​ទៅហើយ​បើទោះបី​ជាហ្វាំងឡង់ ​និង​ស៊ុយអែត​ បាន​ព្រមព្រៀងគ្នា​ដើម្បី​ធ្វើ​ការ​លើ​សំណើសុំ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ក្នុង​ពេលតែ​មួយ​ជា​មួយ​គ្នា​ក៏ដោយ​។

នេះ​គឺ​ដោយ​សារតែ​ប្រទេស​តួកគី​បាន​ទាមទារ​ឱ្យ​ស៊ុយអែត​ចាត់​វិធានការ​ឱ្យបាន​តឹងរ៉ឹង​បន្ថែមទៀត​ ដើម្បី​បង្ក្រាប​សកម្មភាព​របស់​ក្រុមឃើដ​ នៅក្នុង​ប្រទេសជា​មុន​សិន​ព្រោះតែ​ក្រុមឃើដ​ នេះ​ ធ្លាប់​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រទេស​តួកគី​ដោយសេរី ​ដោយ​ស៊ុយអែត​គ្មាន​វិធានការ​ទប់ស្កាត់​ឡើយ។

កាល​ពី​ថ្ងៃ​អាទិត្យ ​មនុស្ស​រាប់រយនាក់ ​ដែល​ភាគច្រើន​កំពុង​កាន់​ទង់ជាតិ​របស់​គណបក្ស​ពលករ​ឃើដ​ ឬ​ហៅកាត់​ថា​P​K​K​បាន​ប្រមូលផ្តុំគ្នា​នៅ​កណ្តាល​រដ្ឋធានី​ស្តុកខុស(Stockholm) ​ប្រទេស​ស៊ុយអែត​ក្នុង​គោលបំណង​ធ្វើបាតុកម្ម​ប្រឆាំ​ង​នឹង​ការ​ចូលជា​សមាជិក​របស់​អង្គការ​ណាតូ។

ការ​ចេញបាតុ​កម្មនេះ​ បាន​កើត​មាន​ឡើង​បន្ទាប់ពី​កាល​ពីដើម​សប្តាហ៍នេះ ​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​តួកគី​ លោក​ ហ្វារ៉េទីន ​អាល់ធុន​ (FahrettinAltun)​បាន​ទាមទារ​ឱ្យ​ប្រទេស​ស៊ុយអែត​បញ្ឈប់​សកម្មភាព​របស់​សមាជិក​គណបក្ស​ពលករ​ឃើដ​មិនឱ្យ​បន្ត​ធ្វើបាតុ កម្ម​ទៀត។​

យ៉ាង​ណាក៏ដោយ ​មតិ​សាធារណៈ​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​បាន​បង្ហាញពី​ការ​ពេញចិត្ត​ក្នុងការ​ចូល​ជា​ស​មាជិក​អង្គការ​ណាតូ ជា​ពិសេស​គឺ​បន្ទាប់​ពីរុស្ស៊ី​បាន​ចូល​ឈ្លានពាន​ទឹកដី​អ៊ុយក្រែន ​កាលពីដើម​ឆ្នាំ២០២២។​

កាលពី​រដូវ​ស្លឹក​ឈើ​ជ្រុះ ៦៤%​ នៃ​ប្រជា​ជន​ស៊ុយ​អែត​បាន​គាំទ្រ​សមាជិក​ភាព​របស់​ប្រទេស​ខ្លួនទៅ​ក្នុង​សម្ព័ន្ធ​ភាពណាតូ ​ដោយកើន​ឡើង ពី​ ២៩%​បើធៀប​ទៅនឹង​ឆ្នាំ​មុន​ នេះបើ​យោង​តាម​ការ​ស្ទង់មតិ​ប្រចាំឆ្នាំ​របស់​សាកល​វិទ្យាល័យ​មួយ​ឈ្មោះ​ថា ​Gothenburg៕