
មេដឹកនាំគណបក្សចលានាឆ្ពោះទៅមុខ (MFP) និងបេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat (កណ្តាល) ចូលរួមក្នុងព្រឹត្តិការណ៍ Pride March នៅទីក្រុងបាងកក កាលថ្ងៃទី៤ ខែមិថុនា។AFP
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ដែលគ្រោងនឹងក្លាយជានាយករដ្ឋមន្ត្រីថៃនាពេលឆាប់ៗខាងមុខនេះបានចូលរួមក្នុងក្បួនដង្ហែជាមួយក្រុម LGBTQ+ នៅក្នុងទីក្រុងបាងកក ហើយលោកបានសន្យាថា លោកនឹងអនុម័តច្បាប់អនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា និងសិទ្ធិយេនឌ័រផ្សេងៗទៀតជាច្រើន ប្រសិនបើលោកក្លាយជានាយករដ្ឋមន្ត្រី។
ក្រុមមនុស្ស LGBTQ+ រាប់ពាន់នាក់ រួមទាំងមិត្តភក្ដិរបស់ពួកគេ និងមេដឹកនាំនយោបាយមួយចំនួន បានដើរដង្ហែឆ្លងកាត់កណ្តាលទីក្រុងបាងកក ដែលនេះជាព្រឹត្តិការណ៍ដង្ហែក្បួនជាផ្លូវការលើកទី២ ធ្វើឡើងដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងប្រទេសថៃ។
អ្នកដើរក្បួនមួយចំនួនបានលើកគ្រវីទង់ឥន្ទធនូ ហើយអ្នកខ្លះកាន់បដាដែលមានសរសេរថា «សេរីភាពក្នុងការជ្រើសរើសភេទ» និងខ្លះទៀតសរសេរថា «ស្រឡាញ់គឺស្រឡាញ់»។ អភិបាលក្រុងបាងកក លោក ឆាដឆាត ស៊ីធីពុន (ChadchartSittipunt) បានបញ្ជាក់ឱ្យដឹងថា មនុស្សប្រមាណជាជាង ៥ម៉ឺននាក់ បានចូលរួមក្នុងក្បួនដង្ហែយេនឌ័រនៅឆ្នាំនេះ។ តួលេខនេះ គឺច្រើនជាងឆ្នាំមុនរហូតដល់ទៅ ២ ដងនៃអ្នកចូលរួមសរុបក្នុងព្រឹត្តិការណ៍នេះ។
ឥស្សរជននយោបាយសំខាន់ៗក៏បានចូលរួមក្នុងក្បួនដង្ហែនេះផងដែរ ក្នុងនោះរួមមាន លោក ភិថា លីមចារើនរ៉ាត់(Pita Limjaroenrat)មេដឹកនាំគណបក្សឈានឆ្ពោះទៅមុខដែលលោកក៏កំពុងដឹកនាំសម្ព័ន្ធមិត្តដែលជាគណបក្សដទៃទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីគណបក្សរបស់លោកទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ។
អ្នកបោះឆ្នោតគាំទ្រគណបក្សរបស់លោក បានបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេថា លោក ភិថា នឹងអាចបញ្ចប់របបគ្រប់គ្រងដោយរដ្ឋាភិបាលយោធាអស់រយៈពេលជិត ១០ឆ្នាំមកនេះ។
លោក ភិថា បានប្រាប់អ្នកសារព័ត៌មាននៅឯក្បួនដង្ហែថា ៖ «នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្កើតឡើង យើងនឹងគាំទ្រឱ្យមានច្បាប់ស្ដីពីសមភាពអាពាហ៍ពិពាហ៍ ច្បាប់ស្ដីពីអត្តសញ្ញាណយេនឌ័រ និងច្បាប់មួយចំនួនផ្សេងទៀត រួមទាំងសុខុមាលភាពផងដែរ»។
លោកបានបន្ថែមថា៖«ទាំងអស់នេះនឹងធ្វើឱ្យការប្រារព្ធពិធីនៃភាពចម្រុះគ្នានៅក្នុងក្បួនដង្ហែយេនឌ័រនៅខែនេះក្លាយជាមោទនភាពមួយយ៉ាងពិតប្រាកដ និងជានិច្ចនិរន្តរ៍»។
គួរដឹងដែរថា អនាគតរដ្ឋាភិបាលចម្រុះថៃ ដែលមានគណបក្សនយោបាយជាសម្ព័ន្ធមិត្តនឹងគ្នាចំនួន ៨បានសន្យារួមគ្នាអនុម័តច្បាប់ជាច្រើន ក្នុងនោះរួមមានច្បាប់ស្ដីពីសមភាពអាពាហ៍ពិពាហ៍ ដើម្បីធានាសិទ្ធិស្មើគ្នាសម្រាប់គូស្វាមីភរិយាទាំងអស់ដោយមិនគិតពីភេទ។
ការសន្យាបែបនេះគឺដោយសារតែសេចក្តីព្រាងច្បាប់ និងច្បាប់ដែលពាក់ព័ន្ធនឹងរឿងនេះទាំងប៉ុន្មាន ត្រូវបានជាប់គាំងនៅក្នុងសភាកាលពីរដ្ឋាភិបាលអាណត្តិមុន។
គួរដឹងដែរថា ប្រទេសថៃមានសហគមន៍ស្រឡាញ់ភេទដូចគ្នាដែលបើកចំហខ្លាំងជាងគេបំផុតនៅតំបន់អាស៊ី ប៉ុន្តែសកម្មជននយោបាយជាច្រើនបានលើកឡើងថា ច្បាប់ និងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗរបស់ថៃមិនទាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាកប្បកិរិយារបស់សង្គមថៃនៅឡើយទេ និងនៅតែមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកដែលរៀបការជាមួយភេទដូចគ្នា៕