​ចំនួន​អ្នក​ជំងឺ​កូវីដ​ ១៩​ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ បាន​កើន​ឡើង​កាល​ពី​សប្ដាហ៍​មុន​ ខណៈ​​អាជ្ញាធរ​​សុខាភិបាល​​លើក​​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​​លើ​កុមារ​តូច​ៗ​ ដើម្បី​ការពារ​ការ​លូត​លាស់​របស់​ពួកគេ​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​​នៅ​ថ្ងៃ​ចន្ទ​ ដោយ​ស្រង់​សម្ដី​​អគ្គ​នាយក​នៃ​នាយកដ្ឋាន​គ្រប់​គ្រង​​ និង​បង្ការ​ជំងឺ​ (CDC) របស់​ប្រទេស​ថៃ​ ​លោក​វេជ្ជ​បណ្ឌិត​ Tares Krassanairawiwong។

លោក​ Tares បាន​​មាន​ប្រសាសន៍​ថា​ ​កាល​ពី​សប្ដាហ៍​មុន​ ចន្លោះ​ពី​​ថ្ងៃ​ទី​ ២៨ ​ខែ​ឧសភា ​ដល់​ថ្ងៃ​ទី​ ៣ ​ខែ​មិថុនា​ ប្រទេស​ថៃ​មាន​អ្នក​ជំងឺ​កូវីដ​ ១៩​ ដែល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ ចំនួន​ ៣ ០៨៥​ នាក់​ ​ដោយ​​កើន​ឡើង​ ៤​ ភាគរយ​ ធៀប​​ទៅ​នឹង​សប្តាហ៍​មុន​មួយ​ទៀត​។

ចំនួន​នេះ​បង្ហាញ​ថា​ ជា​មធ្យម​ មាន​អ្នក​ជំងឺ​​កូវីដ​១៩​ ប្រហែល​ ៤៤០ នាក់/​ថ្ងៃចូលសម្រាក​ព្យាបាល​ក្នុង​​​មន្ទីរពេទ្យ​ ដោយ​កើន​ឡើង​ពី​ ៤២៤/ថ្ងៃនៅ​សប្ដាហ៍​មុន​មួយ​ទៀត​។ ​

​ទន្ទឹម​នឹង​នោះ​​ អ្នក​ស្លាប់​​​ទាក់​ទង​នឹងកូវីដ​១៩​ នៅ​ប្រទេស​ថៃ​ ក៏​បាន​កើន​ឡើង​ផង​ដែរ​ ដោយ​កាល​ពី​សប្ដាហ៍​មុន​ អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​ ៦៨ ករណី​ ​ដែល​​​កើន​ឡើងរហូត​ដល់​ ៦២​ ភាគរយ​ ​បើ​ប្រៀប​ធៀប​នឹង​សប្ដាហ៍​មុន​មួយ​ទៀត ដែល​មាន​ត្រឹម​ ៤២ ករណី​​។

លោក​វេជ្ជ​បណ្ឌិត​ Tares ​បាន​​បន្ត​ថា​ មនុស្ស​ចាស់​ អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ និង​​​ស្ត្រី​មាន​ផ្ទៃ​ពោះ​ រួម​ចំណែក​ ៩៧ ភាគរយ​ នៃ​ចំនួន​អ្នក​ស្លាប់​ថ្មី​ ហើយ​ក្រុម​មនុស្ស​ទាំង​នេះ​ មិន​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​​កូវីដ​១៩​ ​​​គ្រប់​គ្រាន់​នោះ​ទេ​។

ប្រធាន​ CDC ថៃ​ដដែល​ លើក​​​ទឹក​ចិត្ត​ប្រជាជន​ឱ្យ​ទទួល​វ៉ាក់សាំង​ ដើម្បី​​ការពារ​ជំងឺ​ធ្ងន់​ធ្ងរ​ និង​ការ​ស្លាប់​ក្នុង​ករណី​ដែល​ពួក​គេ​ឆ្លង​ជំងឺ​កូវីដ​​។​ លោក​​បា​ន​​បន្ត​​ថា​ ​ឆ្នាំ​​​ ២០២៣​ នេះ​ ​កុមារ​​អាយុ​​ក្រោម​​១​​ឆ្នាំ​ ​មាន​​អត្រា​​ឆ្លង​​ជំងឺ​​កូវីដ១៩​​ខ្ពស់​​បំផុត​ និង​បន្ទាប់​មក ​គឺ​មនុស្ស​ចាស់​ចាប់​​អាយុ​ចាប់​ពី​៧០​ឆ្នាំ​ឡើង​ទៅ​។​ តាម​រយៈ​នេះ​ លោក​ណែ​នាំ​ឱ្យ​ប្រជាជន​ថៃ​ដែល​ជា​​​ឪពុក​ម្តាយ​ នាំ​​កូន​​តូច​ៗ​​ទៅ​ចាក់​វ៉ាក់សាំង​ ដោយ​​កុំ​បារម្ភ​ថា​ វា​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។

ចំណែក​គ្រូ​ពេទ្យ​កុមារ​នៅ​មន្ទីរ​ពេទ្យ​ Siriraj នៃ​ប្រទេស​ថៃ​ លោក​ស្រី​​​វេជ្ជ​បណ្ឌិត​​Kulkalaya Chokpaibulkit ​បាន​ថ្លែង​ប្រាប់​កាសែត​បាង កក​ប៉ុស្តិ៍​ថា​ ​​ការ​ចាក់​វ៉ាក់សាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ រោគ​សញ្ញា​កូវីដ​​រយៈ​ពេល​យូរ​ និង​រោគ​សញ្ញា​រលាក​ពហុ​ប្រព័ន្ធ​រាងកាយ​របស់​កុមារ​​ (MIS-C)។ លោក​ស្រី​បន្ត​ថា​ ក្មេង​ៗ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ ប៉ុន្តែ​មិន​ទទួល​បាន​វ៉ាក់សាំង​ការពារ​ អាច​វិ​​​វឌ្ឍន៍​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ និង​យូរ​ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​ពួក​គេ​។

គួរ​រំឭក​ថា​ ថៃ​គឺ​ជា​ប្រទេស​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​ឆ្លង​រាល​ដាល​នៃ​​ជំងឺ​កូវីដ​១៩​ដ៏​ធ្ងន់​ធ្ងរ​បំផុត​មួ​យ​នៅ​​អាស៊ី​អាគ្នេយ៍​។ កូវីដ​១៩ បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​ ៣,៤ ម៉ឺន​នាក់​​ក្នុង​ប្រទេស​ រាប់​តាំង​ពី​ការ​ឆ្លង​រាល​ដាល​ផ្ទុះ​ឡើង​៕