
មេដឹកនាំកំពូលអុីរ៉ង់ លោក Ayatollah Ali Khamenei។ AFP
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃអាទិត្យ បានព្រមានថា ការដកថយពីទីតាំងឈរជើងនានា នឹងមិនបញ្ឈប់អរិភាពរបស់អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចចំពោះប្រទេសអ៊ីរ៉ង់ទេ ប៉ុន្តែពង្រឹងពួកគេបន្ថែមទៀត។
លោកបានធ្វើការអធិប្បាយនៅក្នុងសុន្ទរកថាទៅកាន់ពិធីមួយក្នុងទីក្រុងតេអេរ៉ង់ ដោយរំឭកខួបនៃការស្លាប់របស់លោក Imam Khomeini ដែលជាស្ថាបនិកនៃសាធារណរដ្ឋអ៊ីស្លាម។ នេះបើយោងតាមវេបសាយរបស់មេដឹកនាំ។
លោកKhamenei បាននិយាយថា៖«នៅក្នុងករណីជាច្រើន ការដកថយរបស់យើង បានធ្វើឱ្យពួកគេឆ្ពោះទៅមុខ និងកាន់តែឈ្លាន ពាន»។
លោកបាននិយាយថា៖«កិច្ចប្រឹងប្រែងរបស់ខ្មាំងសត្រូវ គឺផ្តោតជាសំខាន់ទៅលើការធ្វើឱ្យជំនឿ និងក្តីសង្ឃឹមរបស់ប្រជាជនចុះខ្សោយ ហើយដល់ទីបញ្ចប់នេះ ខ្មាំងសត្រូវបានព្យាយាមជាច្រើនដង និងធ្វើឱ្យមានភាពតានតឹងគ្រប់ផ្នែកទាំងអស់ ប៉ុន្តែភាគច្រើនបានបរាជ័យ»។
លោក Khamenei បានសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងចុងក្រោយរបស់សត្រូវគឺ «កុបកម្ម» ដែលបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុន បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ ២២ឆ្នាំ។
មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បាននិយាយថា ផែនការ«ដ៏ទូលំទូលាយ»នៃកុបកម្ម កាលពីឆ្នាំមុន ត្រូវបានបង្កើតឡើងដោយក្រុមពិគ្រោះយោបល់លោកខាងលិច និងអនុវត្តដោយយន្តការសន្តិសុខលោកខាងលិចដែលផ្តល់ «កុបកម្ម»នេះជាមួយនឹងអាវុធយ៉ាងច្រើន ហិរញ្ញវត្ថុ និងការគាំទ្រប្រព័ន្ធផ្សព្វផ្សាយ។
លោកបានបន្ថែមថា ប្រជាជនអ៊ីរ៉ង់បានបរាជ័យលើការគ្រោងទុករបស់ពួកគេ ហើយបានធ្វើឱ្យកិច្ចប្រឹងប្រែង របស់ពួកគេ បរាជ័យ។
នាង Amini បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុង តេអេរ៉ង់ កាលពីៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ២-៣ ថ្ងៃបន្ទាប់ពីការដួលសន្លប់របស់នាងនៅឯស្ថានីយប៉ូលិស។ អ៊ីរ៉ង់ បានចោទប្រកាន់អាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀតថា«ញុះញង់ឱ្យមានកុប កម្ម និងគាំទ្រក្រុមភេរវករ នៅក្នុងប្រទេស បន្ទាប់ពីការស្លាប់របស់នាង៕