
លោក Mohammad Adib Khumaidi ប្រធានសមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី។ ហ្វេសប៊ុក
ក្រុមគ្រូពេទ្យឥណ្ឌូនេស៊ីរាប់រយនាក់ ដែលរួមមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា កាលពីថ្ងៃចន្ទ បាននាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីជំរុញឱ្យសមាជិកសភាបញ្ឈប់ការពិភាក្សាលើសំណើកែប្រែច្បាប់ស្ដីពីការថែទាំសុខភាព ដែលពួកគេអះអាងថា នឹងបន្ថយការការពារសម្រាប់ក្រុមគ្រូពេទ្យ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីសភារបស់ឥណ្ឌូនេស៊ីកាលពីខែកុម្ភៈ បានស្នើឱ្យមានការកែប្រែជាច្រើនចំពោះច្បាប់ថែទាំសុខភាពបច្ចុប្បន្ន រួមទាំងការសម្រួលដល់អ្នកជំងឺក្នុងការដាក់ពាក្យបណ្ដឹងចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលិកថែទាំសុខភាពដែលប្រព្រឹត្តកំហុស និងការអនុញ្ញាតឱ្យមានគ្រូពេទ្យជំនាញពីបរទេសអាចចូលបម្រើការងារបាននៅក្នុងប្រទេស នៅពេលខ្វះបុគ្គលិកពេទ្យ។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានអះអាងថា ការកែប្រែ គឺចាំបាច់ដើម្បីសម្រួលដល់ច្បាប់បច្ចុប្បន្ន។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីSiti Nadia Tarmizi បាននិយាយថា ច្បាប់ថ្មីនេះ មានគោលបំណងកែលម្អសេវាកម្មនៅឥណ្ឌូនេស៊ី។
យ៉ាងណាមិញ មានសហជីពក្រុមគ្រូពេទ្យយ៉ាងហោចណាស់ចំនួន ៥ បានលើកឡើងពីការព្រួយបារម្ភផ្សេងៗ ក្រោមហេតុផលថា ច្បាប់ថ្មីនឹងអាចធ្វើឱ្យបុគ្គលិកសុខាភិបាលជួបការលំបាក។
ប្រធានសមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី លោក Mohammad Adib Khumaidi ដែលបានចូលរួមការតវ៉ានៅខាងក្រៅសភា កាលពីថ្ងៃចន្ទ បាននិយាយប្រាប់រ៉យទ័រថា៖ «ការភ័យខ្លាចរបស់យើង គឺទាក់ទងនឹងភាពច្បាស់លាស់ផ្នែកច្បាប់ និងការការពារ»។
ចំណែកឯប្រធានសមាគមទន្តពេទ្យ លោក Usman Sumantri បានចោទសួរថាតើមានស្តង់ដាដើម្បីធានាថា វេជ្ជបណ្ឌិតបរទេស នឹងធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការថែទាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជួបការលំបាករួចទៅហើយដោយសារតែកង្វះបុគ្គលិកពេទ្យ ជាពិសេសអ្នកឯកទេស ឬយ៉ាងណា?
លោកបន្តថា៖«យើងត្រូវពិចារណាថាតើវាអាចប៉ះពាល់ជាអវិជ្ជមានដល់ក្រុមគ្រូពេទ្យឥណ្ឌូនេស៊ីឬអត់?»។
ភ្លាមៗនៅថ្ងៃចន្ទ គេមិនទាន់ឃើញមានប្រតិកម្មសម្រាប់ដំណោះស្រាយយ៉ាងណាពីរដ្ឋាភិបាលឥណ្ឌូនេស៊ីយ៉ាងនោះទេ ចំពោះបាតុកម្មរបស់ក្រុមគ្រូពេទ្យនេះ។ ជាមួយគ្នានោះ គេក៏មិនទាន់ដឹងច្បាស់ដែរ ថានៅពេលណាដែលសភានឹងបញ្ចប់កំណែច្បាប់ ដែលខ្លួនបានស្នើឡើង៕