
អ្នកនាំពាក្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី លោក Dmitry Peskov ថ្លែងនាពេលកន្លងទៅ។ រូបថត AFP
អ្នកនាំពាក្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី លោក Dmitry Peskov បានលើកឡើងពីការបើកចំហ របស់រុស្ស៊ីចំពោះកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលរុស្ស៊ីបានដកខ្លួនពីសន្ធិសញ្ញាកាត់បន្ថយនុយក្លេអ៊ែរកាលពីខែកុម្ភៈនោះ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Peskov បានហៅការពិភាក្សានេះថា «សំខាន់ និងវិជ្ជមាន» ហើយសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលថា អាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចានុយក្លេអ៊ែរជាមួយរុស្ស៊ី ដោយគ្មានលក្ខខណ្ឌជាមុន។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងសង្ឃឹមថា វានឹងត្រូវបានគាំទ្រដោយវិធានការជាក់ស្តែងតាមរយៈបណ្តាញការទូត ហើយបន្ទាប់មក វានឹងអាចពិចារណាលើទម្រង់នៃការសន្ទនាដែលបានស្នើឡើង»។
លោក Peskov បន្តថា៖ «វាពិតជាលំបាកណាស់ក្នុងការពឹងផ្អែកលើសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មានលើបញ្ហាសំខាន់ និងរសើបបែបនេះ ជាពិសេសនៅពេលដែលយើងកំពុងជួបប្រទះនឹងការខ្វះខាតយ៉ាងខ្លាំងនូវការជឿទុកចិត្តគ្នាទៅវិញទៅមក នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង»។
កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ រុស្ស៊ីបានផ្អាកជាផ្លូវការនូវការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មីជាមួយអាមេរិក ដែល ជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរវាងមហាអំណាចទាំង ២។
ទីក្រុងម៉ូស្គូបានចង្អុលបង្ហាញពីសក្ដានុពលនៃការវាយប្រហាររួមគ្នារបស់អង្គការណាតូ ខណៈដែលចក្រភពអង់គ្លេស និងបារាំងក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរដែលបង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ីផងដែរ៕