
អគ្គលេខាធិការអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក ថ្លែងសុន្ទរកថាមួយក្នុងអំឡុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងអូស្លូ នៃប្រទេសន័រវេសកាលពីថ្ងៃទី១ ខែមិថុនា។ AFP
អគ្គលេខាធិការរបស់អង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បានថ្លែងកាលពីថ្ងៃទី ៦ ខែមិថុនាថា រុស្ស៊ីមិនអាចរារាំងប្រទេសអ៊ុយក្រែន ពីការក្លាយជាសមាជិករបស់សម្ព័ន្ធភាពយោធាលោកខាងលិចនេះបានទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «សម្ព័ន្ធមិត្តទាំងអស់យល់ស្របថា ទ្វាររបស់អង្គការណាតូនៅតែបើកចំហ ហើយអ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពនេះ។ រុស្ស៊ីគ្មានសិទ្ធិវេតូ(ប្រឆាំង)ទេ»។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារ ព័ត៌មាន AFP។
លោក ស្តូលធេនប៊ឺគ ថ្លែងបែបនេះក្នុងកិច្ចពិភាក្សានៅរដ្ឋធានីប្រាទីស្លាវ៉ា នៃប្រទេសស្លូវ៉ាគី ជាមួយមេដឹកនាំនៃក្រុមប្រទេសណាតូភាគខាងកើតទាំង៩ដែលគេឱ្យឈ្មោះថាBucharest Nine។
កិច្ចពិភាក្សាទីក្រុងប្រាទីស្លាវ៉ានេះពេលនេះ ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអង្គការណាតូ ដែលនឹងរៀបចំឡើងនៅខែក្រោយក្នុងទីក្រុងវីនុស នៃប្រទេសលីទុយអានី ដោយនឹងមាន៖ «ការសម្រេចចិត្តយ៉ាងសំខាន់»នាពេលនោះ។
លោក ស្តូលថិនប៊ឺកបានថ្លែងកាលពីថ្ងៃអង្គារទៀតថា៖ «យើងនឹងពង្រឹងការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែនជាមួយនឹងកញ្ចប់ជំនួយជាច្រើនឆ្នាំ ដើម្បីជួយពួកគេឱ្យផ្លាស់ចេញពីសម័យសូវៀតឆ្ពោះទៅកាន់ស្តង់ដាណាតូ ហើយជួយអ៊ុយក្រែនឱ្យកាន់តែស្និទ្ធជាមួយអង្គការ»។
ជាមួយគ្នានេះ លោក ស្តូលថិនប៊ឺក បានគូសបញ្ជាក់ផងដែរថា លោកកំពុងធ្វើការយ៉ាងដុតដៃដុតជើង ដើម្បីធានាថា ស៊ុយអែតនឹងក្លាយជាសមាជិកពេញលេញរបស់អង្គការណាតូ នាពេលឆាប់ៗនេះ។គួរបញ្ជាក់ថា ស៊ុយអែត និងហ្វាំងឡង់ បានទម្លាក់ចោលគោលនយោបាយមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំកាលពីខែកុម្ភៈឆ្នាំមុន ហើយស្វែងរកសមាជិកភាពរបស់ណាតូ ដោយសារព្រួយបារម្ភពីការគំរាមកំហែងសន្តិសុខជាតិ។
សូមរំឭកថា ហ្វាំងឡង់បានក្លាយជាសមាជិកណាតូកាលពីខែមេសាកន្លងទៅ ប៉ុន្តែស៊ុយអែតនៅជាប់គាំងដោយសារតែរារាំងរបស់តួកគី៕