ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានបើកដំណើរការ ស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឡើងវិញ បន្ទាប់ពី បិទរយៈពេល ៧ ឆ្នាំ ជិត ៣ ខែ បន្ទាប់ពីប្រទេសទាំង២ បានយល់ព្រមស្តារ ទំនាក់ទំនងទ្វេភាគីឡើងវិញក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយចិន។
អនុរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Alireza Bigdeli បានថ្លែងសុន្ទរកថាបើកនៅក្នុងរដ្ឋធានីរីយ៉ាដនៃប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដោយបានលើកឡើងពីសារៈសំខាន់នៃឱកាសសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់។
លោក Bigdeli បាននិយាយថា ជាមួយនឹងការលើកទង់ជាតិនៃប្រទេសអ៊ីរ៉ង់ឡើងវិញក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងផ្ទុយមកវិញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ បានឈានចូលយុគសម័យថ្មីមួយ។
លោកបានបន្ថែមថា ការទូតគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការទំនាក់ទំនង និងការសន្ទនារវាងប្រទេសនានា ដើម្បីឈានទៅដល់ការយល់ដឹងស្ថិរភាព និងសន្តិភាពរួម។
មន្ត្រីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់តែងតែមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ដោយឈរលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ។
លោក Bigdeli ក៏បានកត់សម្គាល់ផងដែរថា ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទៅវិញ ទៅមក នឹងនាំឱ្យប្រទេសនានាខិតកាន់តែជិតគ្នា ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
កាលពីខែមីនា អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងបើកស្ថានទូត និងបេសកកម្មរបស់ពួកគេឡើងវិញ។
យោងតាមសេចក្តីថ្លែងការណ៍ត្រីភាគីដែលចេញរួមគ្នាដោយប្រទេសចិន អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ ភាគីទាំង២ បានព្រមព្រៀងគ្នាក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការទូត ហើយចំពោះទំនាក់ទំនងជាបងប្អូន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និង អង្គការសហប្រតិបត្តិការអ៊ិស្លាម និងអនុសញ្ញាអន្តរជាតិ និងបទដ្ឋាននានា៕