ប្រទេស​អ៊ុយ​ក្រែ​ន​ កំពុង​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់​ពី​តំបន់​លិច​ទឹក កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ការវាយប្រហារ​លើ​ទំនប់ទឹក​ដ៏​ធំ​មួយ​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​បាន​បណ្តាលឱ្យ​ទឹក​ហូរ​យ៉ាងខ្លាំង និង​ការ​ជន់​លិច​ភូមិ​ចំនួន​​ ២ ព្រមទាំង​បង្កឱ្យមាន​ការ​​ភ័យខ្លាច​ចំពោះ​គ្រោះមហន្តរាយ​មនុស្សធម៌​។​

​ទីក្រុង​វ៉ាស៊ីនតោន បាន​ព្រមាន​ឱ្យដឹងថា នឹងមាន​មនុស្ស​ស្លាប់​ជាច្រើន នៅពេលដែល​ទីក្រុង​ម៉ូស្គូ និង​ក្រុង​កៀវ បានធ្វើការ​ស្តីបន្ទោស​ចំពោះ​ការបង្ក​ឱ្យ​ធ្លាយ​ទំនប់ទឹក Kakhovka ដែលមាន​ទីតាំងនៅ​ជួរមុខ និង​ផ្តល់​ទឹក​ត្រជាក់​សម្រាប់​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​។​

​ភាគី​អ៊ុយ​ក្រែ​នបាន​និយាយថា ការបំផ្លិចបំផ្លាញ​ទំនប់ ដែល​រុស្ស៊ី​ចាប់បាន​នៅ​ប៉ុន្មាន​ម៉ោង​នៃ​សង្គ្រាម គឺជា​ការប៉ុនប៉ង​រប​ស់​ទីក្រុង​ម៉ូស្គូ ដើម្បី​រារាំង​ការវាយលុក​ដែល​រង់ចាំ​ជា​យូរ​មកហើយ ដោយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​សង្កត់ធ្ងន់ថា នឹងមិន​រង​ផលប៉ះពាល់​ដល់​ប្រតិ​ប​ត្តិ​ការ​សង្គ្រាម​នោះទេ​។​

​ប្រភព​ការទូតបាន​និយាយថា កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ត្រូវបាន​កំណត់​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ បន្ទាប់ពី​មាន​សំណើ​ពី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា មនុស្ស​រាប់សែន​នាក់ អាច​រង​ផលប៉ះពាល់​ទាំង​សង​ខាង​នៅ​ខ្សែត្រៀម​ជួរមុខ​។​

​ប្រជាជន​នៅ​តំបន់ Kherson ដែលជា​មជ្ឈមណ្ឌល​មាន​ប្រជាជន​ច្រើន​ធំ​បំផុត​នៅក្បែរនោះ បានធ្វើ​ដំណើរ​ទៅកាន់​ទី​ទួល​ខ្ពស់ ខណៈដែល​ទឹកបាន​ហូរ​ចូលទៅក្នុង​ទន្លេ​ Dnipro​។​

​លោក Sergiy បាន​លើក​​ឡើង​ថា​៖ «​អ្វីៗ​នឹង​ស្លាប់​នៅទីនេះ​» ខណៈដែល​ទឹក​ពី​ទំនប់ បាន​ហូរ​ចូលទៅក្នុង​ទីក្រុង ជា​កន្លែង​នៃ​ការប្រយុទ្ធ​គ្នា​យ៉ាងធ្ងន់ធ្ងរ ក្នុង​ឆ្នាំ​ ២០២២​។​

​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បានឱ្យដឹងថា មនុស្ស​ ១៧​ ពាន់​នាក់​កំពុង​ត្រូវបាន​ជម្លៀស​ហើយ​ភូមិ​សរុប​ចំនួន ២៤ ត្រូវបាន​ជន់​លិច​៕​