​រដ្ឋ​មន្ត្រី​ការ​បរទេស​សិង្ហបុរី​ និង​​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​​​សិង្ហបុរី​​ប្រចាំ​​ប្រទេស​ម៉ាឡេស៊ី​ បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ បន្ទាប់​ពី​តារា​កំប្លែង​ដើម​កំណើត​​សិង្ហបុរី​​ម្នាក់​យក​ការ​បាត់​ខ្លួន​យន្តហោះ​ MH370​ ទៅ​និយាយ​ជា​​រឿង​លេង​សើច​ ពេល​កំពុង​សម្ដែង​លើ​ឆាក​ក្នុង​ទីក្រុង​ញូវយ៉ក​​។

​រដ្ឋ​មន្ត្រី​ការ​បរទេស​សិង្ហបុរី​ លោក​ Vivian Balakrishnan ​បាន​​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីធើរ​​ ​ថា​ លោក​​មាន​ការ​ហួស​ចិត្ត​ ចំពោះ​កំប្លែង​ «ដ៏​មិន​សម​រម្យ​» របស់​តារាកំប្លែង​ នាង​Jocelyn Chia ។ លោក​បន្ត​ថា​៖ «​​យើង​ឱ្យ​តម្លៃ​ចំពោះ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​គ្រួសារ​ និង​មិត្តភក្តិ​នៅ​​ម៉ាឡេស៊ី ​ហើយ​សូម​អភ័យ​ទោស​ចំពោះ​កំហុស​ និង​ការ​ឈឺ​ចាប់​ដែល​បាន​កើត​ឡើង​ ចំពោះ​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់​»​។

ចំណែក​ឯ​​​ឧត្តមស្នងការជាន់ខ្ពស់​សិង្ហបុរី​​​ប្រចាំ​ម៉ាឡេស៊ី​លោក​ Vanu Gopala Menon វិញ​ បាន​សម្តែង​ការ​ខក​ចិត្ត​របស់​លោក​ ចំពោះ​កំប្លែង​ដ៏​មិន​សមរម្យ​របស់​នាង​ ​Chia ​ដោយ​និយាយ​ថា​៖ «​រដ្ឋាភិបាល​សិង្ហបុរី​ មិន​អត់​ឱន​ចំពោះ​ពាក្យ​សម្តី​ ឬ​សកម្មភាព​ដែល​បង្ក​គ្រោះ​ថ្នាក់​ ឬ​ការ​ឈឺ​ចាប់​​ ដល់​អ្នក​ដទៃ​ឡើយ​ ហើយ​​នាង​ Chia ​ដែល​លែង​ជា​ជន​ជាតិ​សិង្ហបុរី​ទៀត​​នោះ​ ក៏​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​យើង​ដែរ​»​។

គួរ​បញ្ជាក់​ថា​ ប្រជាជន​ម៉ាឡេស៊ី​​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ បន្ទាប់​ពី​នាង​Chia ដែល​បច្ចុប្បន្ន​ជា​អ្នក​កំប្លែង​អាជីព​នៅ​ក្រុង​ញូវយ៉ក​ បាន​​លេង​សើច​ ដោយ​និយាយ​ពី​ភាព​​ចម្រូង​ចម្រាស​រវាង​ប្រជាជន​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ​និង​ការ​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង​នៃ​យន្តហោះ​ម៉ាឡេស៊ី​​MH370ដែល​ដឹក​អ្នក​ដំណើរ​ ២៣៩ នាក់​ទៅ​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​ ២០១៤​។ ​

​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី ​លោក ​Zambry Abdul Kadir ​បាន​និយាយ​ថា​នាង​ Chia ​បាន​បង្ហាញ​ពី​​ការ​គិត​ពិចារណា​ និង​យល់​ពី​​អារម្មណ៍​របស់​​ប្រជាជន​ម៉ាឡេស៊ី​ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ទេ​។ ​

ចំណែក​ឯ​តារា​​កំប្លែង​​ម៉ាឡេស៊ី​ លោក​ Harith Iskander ​បាន​​បន្ទរ​​ទស្សនៈ​​នោះ ​ដោយ​​និយាយ​​​ថា​​សេរីភាព​​នៃ​​ការ​​បញ្ចេញ​​មតិ​​ គឺ​​ជា​​ការ​​ចាំ​បាច់​​សម្រាប់​​ការ​​កំប្លែង ​ប៉ុន្តែ​​ការ​​លេង​សើច​​របស់​នាង​Chia ​មាន​ការ​លើស​លួស​ខ្លាំង​​៕