អភិបាលតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់បណ្តាល​មក​ពីការបាក់ទំនប់ Kakhovka ហូរ​ដាល​ដាល​ដល់ផ្ទៃដីជាង ៦០០​ គីឡូម៉ែត្រការ៉េ នៅលើច្រាំងខាងស្តាំគ្រប់គ្រងដោយអ៊ុយក្រែននៃទន្លេ Dnipro និងច្រាំងខាងឆ្វេងគ្រប់គ្រងដោយរុស្ស៊ី។

លោក Oleksandr Prokudin អភិបាល​តំបន់ Kherson បាន​និយាយ​នៅលើ​បណ្តាញ​សង្គម​ថា៖​«កម្រិត​មធ្យម​នៃ​ទឹកជំនន់​គឺ ៥,​៦១​ ម៉ែត្រ។ ​៦០០​ គីឡូម៉ែត្រការ៉េ​នៃតំបន់​ Kherson ​ត្រូវ​ទឹក​លិច​​ដែល​ក្នុង​នោះ ៣២% ​ជា​ច្រាំង​ខាង​ស្តាំ និង ៦៨​%​ជាច្រាំង​ខាងឆ្វេង​។

លោកបាន​និយាយ​ថា៖​«​កម្រិត​ទឹកជំនន់​ជាមធ្យម​គឺ ៥,៦១ ម៉ែត្រ» ដោយ​បាន​បន្ថែមថា៖«ទោះ​បីជា​មាន​គ្រោះថ្នាក់ និង​ការបាញ់ផ្លោង​របស់រុស្ស៊ី​យ៉ាងធ្ងន់ធ្ងរក្តី ក៏ការ​ជម្លៀស​ចេញពី​តំបន់ទឹក​ជំនន់​នៅ​តែបន្ត​»។

លោក Prokudin ​បាន​និយាយ​ថា ស្ថានភាព​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​គឺ​មាន​ការ​លំបាក​ខ្លាំង។

សេវា​គ្រា​អាសន្ន​រដ្ឋ​របស់អ៊ុយក្រែន​បាន​និយាយថា ​មនុស្ស ១​៩៩៥ នាក់​ ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​លិច​ទឹក រួម​ទាំងកុមារ​ចំនួន​១០៣ នាក់​។

មនុស្ស​ជា​ច្រើន​នាក់​ទៀត​ បាន​រត់​ចេញ​ពី​ទឹក​ជំនន់​ដោយ​ខ្លួន​ឯង។

សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាននិយាយថា នៅផ្នែកម្ខាងនៃទន្លេដែលកាន់កាប់ដោយអ៊ុយក្រែន ការតាំង ទី លំនៅសរុបចំនួន២០​ និងផ្ទះចំនួន ២ ៦២៩ ត្រូវបានទឹក​លិច។

ទឹកជំនន់​បាន​លិចផ្នែក​ខ្លះ​នៃ​រដ្ឋធានី​ក្នុង​តំបន់ Kherson​៕