
នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៥ ខែមិថុនា។ AFP
ប្រទេសអង់គ្លេស ប្តេជ្ញាថា នឹងដកឧបករណ៍ឃ្លាំមើល ដូចជាកាមេរ៉ាសុវត្ថិភាព ដែលផលិតដោយក្រុមហ៊ុនចិនចេញពីទីតាំងអគាររដ្ឋាភិបាលអង់គ្លេសទាំងអស់។ នេះគឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនទៀតរបស់អង់គ្លេស ដែលបានដាក់ចេញដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។
គួរដឹងដែរថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់(Rishi Sunak)តែងតែបានចាត់ទុកប្រទេសចិនជាតួអង្គនៃបញ្ហាប្រឈមដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសបញ្ហាសន្តិសុខនិងការអភិវឌ្ឍ។ ជាក់ស្ដែង រដ្ឋាភិបាលអង់គ្លេសធ្លាប់បានប្រាប់នាយកដ្ឋានពាក់ព័ន្ធរបស់ខ្លួនកាលពីឆ្នាំមុនឱ្យបញ្ឈប់ការដំឡើងកាមេរ៉ាឃ្លាំមើលដែលភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិករបស់ចិននៅតាមអគារសំខាន់ៗរបស់រដ្ឋ។
នៅក្នុងសេចក្តីប្រកាសមួយរដ្ឋាភិបាលអង់គ្លេស បានលើកឡើងថា៖«យើងនឹងព្យាយាមកំណត់ពេលវេលាឱ្យបានច្បាស់លាស់ ក្នុងការដកចេញនូវឧបករណ៍ឃ្លាំមើលដែលផលិតដោយក្រុមហ៊ុនទាំងឡាយណាដែលស្ថិតនៅក្រោមច្បាប់ស្ដីពីចារកម្មរបស់ប្រទេសចិន ពោលគឺដកចេញពីទីតាំងអគាររបស់រដ្ឋាភិបាលកណ្តាលសំខាន់ៗទាំងអស់»។
សេចក្ដីប្រកាសខាងលើ បានបន្ថែមថា៖«ដោយផ្អែកទៅលើការកំណត់ពេលវេលាឱ្យបានជាក់លាក់បែបនេះ យើងសូមធ្វើការធានាឡើងវិញថានឹងចាត់វិធានការជាបន្ទាន់ជុំវិញផែនការដកចេញនេះ»។ យ៉ាងណាក៏ដោយ សេចក្តីប្រកាសនោះ មិនបានលើកឡើងបញ្ជាក់ឈ្មោះក្រុមហ៊ុនណាមួយជាក់លាក់នោះទេ។
កន្លងមក សមាជិកសភាអង់គ្លេសក៏ធ្លាប់បានអំពាវនាវឱ្យហាមឃាត់ការលក់ដូរនិងប្រើប្រាស់កាមេរ៉ាសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនHikvision និងក្រុមហ៊ុនDahuaដោយសារតែក្រុមហ៊ុនទាំង២នេះ មានភាគហ៊ុនមួយចំនួនកាន់កាប់ដោយរដ្ឋចិននិងដោយសារតែមានការព្រួយបារម្ភអំពីសិទ្ធិឯកជនភាពនិងការព្រួយបារម្ភអំពីឧបករណ៍របស់ក្រុមហ៊ុនទាំង២ថាមានជាប់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។
យ៉ាងណាមិញ ក្រុមហ៊ុន Hikvision បានធ្វើការឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈអ៊ីម៉ែលថា៖«យើងជឿជាក់ថាវិធានការ ក៏ដូចជាសកម្មភាពផ្សេងៗរបស់រដ្ឋាភិបាលអង់គ្លេសគឺជាការធ្វើឡើងដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង ជំរុញឱ្យមានការប្រើប្រាស់យន្តការហាមឃាត់ទៅលើការលក់ចែកចាយឧបករណ៍បច្ចេកវិទ្យាដែលការធ្វើបែបនេះ មិនទាក់ទងទៅនឹងសុវត្ថិភាពនៃផលិតផលរបស់ក្រុមហ៊ុនHikvision ឡើយ»។
បន្ថែមលើនេះ ទីក្រុងប៉េកាំង ក៏បានបដិសេធទាំងស្រុងទៅលើការប្រើប្រាស់ហេតុផលសន្តិសុខជាតិជាមធ្យោបាយដើម្បីគាបសង្កត់ក្រុមហ៊ុនចិន។គួររំឭកថា កាលពីខែមីនា ប្រទេសអង់គ្លេសបានហាមឃាត់មិនឱ្យមានកម្មវិធីតិកតុក(TikTok)នៅលើទូរស័ព្ទទាំងអស់ដែលប្រើប្រាស់សម្រាប់ការងាររបស់រដ្ឋាភិបាលខណៈដែលកាលពីឆ្នាំ២០២០អង់គ្លេសក៏ធ្លាប់បានព្រមានថាខ្លួននឹងហាមឃាត់ក្រុមហ៊ុនHuawei ពីការដាក់ចេញឱ្យប្រើប្រាស់បណ្តាញ5G នៅក្នុងប្រទេសទៀតផង។លើសពីនេះទៀត រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ក៏បានហាមឃាត់មិនឱ្យធ្វើការលក់ដូរឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនផងដែរ៕