
រូបភាពនៃការផ្ទុះបំពង់បង្ហូរឧស្ម័នអាម៉ូញ៉ាក់ដែលបង្ហោះលើសារព័ត៌មាន MOSCOW TIMES។
នៅពេលបំពង់បង្ហូរឧស្ម័នអាម៉ូញ៉ាក់ពីរុស្ស៊ីទៅកាន់តំបន់អឺរ៉ុបត្រូវបានបំផ្ទុះ អាជ្ញាធររុស្ស៊ី បានចោទប្រកាន់ភាគីអ៊ុយក្រែនជាអ្នកប្រព្រឹត្ត ខណៈប្រធានាធិបតីអ៊ុយក្រែនច្រានចោលការចោទប្រកាន់ពីសំណាក់គូសត្រូវរុស្ស៊ី។
យោងតាមការចុះផ្សាយរបស់ The Moscow Times នៅថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «ក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍របស់អ៊ុយក្រែនបានបំផ្ទុះបំពង់បង្ហូរអាម៉ូញាក់ Tolyatti Odesa» នៅជិតភូមិ Masyutovka ក្នុងតំបន់ខាកៀវ (Kharkiv) ភាគឦសានកាលពីល្ងាចថ្ងៃចន្ទ និងមានជនស៊ីវិលបានរងរបួសដោយសារការបំផ្ទុះនោះ។
បំពង់បង្ហូរឧស្ម័នអាម៉ូញាក់ដែលត្រូវបានគេប្រើប្រាស់សម្រាប់ផលិតជីគីមីកសិកម្ម បានតភ្ជាប់ពីទីក្រុង Tolyatti របស់ប្រទេសរុស្ស៊ីទៅកាន់កំពង់ផែ Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែនក្នុងតំបន់សមុទ្រខ្មៅ គឺជាបំពង់ឧស្ម័នវែងជាងគេបំផុតលើពិភពលោកប្រវែង ២ ៥០០ គីឡូម៉ែត្រ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃពុធ បានលើកឡើងថាទីក្រុងកៀវមិនបានដឹងអ្វីសោះអំពីផែនការបំផ្ទុះបំពង់បង្ហូរឧស្ម័ន ស្របពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា អ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះនេះ។
លោក ហ្សេឡេនស្គី បាននិយាយក្នុង បទសម្ភាសន៍មួយជាមួយសារព័ត៌មាន Bild របស់ប្រទេសអាល្លឺម៉ង់ថា ក្នុងនាមជាប្រធានាធិបតី លោកមានអំណាចក្នុងការចេញបញ្ជាឱ្យធ្វើរឿងនេះ ប៉ុន្តែលោកមិនបានធ្វើនោះទេ។
លោកនិយាយថា៖ «ខ្ញុំមិនបានធ្វើអ្វីដូចនោះទេ។ ខ្ញុំនឹងមិនធ្វើដូច្នោះទេ»។ នេះបើយោងទៅតាមអ្នកបកប្រែជនជាតិអាល្លឺម៉ង់ម្នាក់។ លោក ហ្សេឡេនស្គី បាននិយាយថា៖ «ខ្ញុំជឿថា កងទ័ពរបស់យើង និងសេវាស៊ើបការណ៍សម្ងាត់របស់យើង មិនបានធ្វើអ្វីដូចនោះទេ ដោយបានបន្ថែមថា លោកចង់ឃើញភ័ស្តុតាងជាក់ស្តែង»។
លោកបានបន្តថា៖ «យើងមិនដឹងអ្វី ១០០ ភាគរយនោះទេ»។
កាសែត Washington Post របស់អាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារថា ទីភ្នាក់ងារចារកម្មអឺរ៉ុប បានប្រាប់ CIA ថា ខ្លួនដឹងពីក្រុមប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន គ្រោងនឹងបំផ្ទុះបំពង់បង្ហូរឧស្ម័ននោះក្នុងពេលកន្លងមក។
របាយការណ៍នោះបានឱ្យដឹងថា ការព្រលយពាក្យនេះបានកើតឡើងរយៈពេល ៣ ខែមុននឹងការផ្ទុះបានបំផ្លាញប្រព័ន្ធក្រោមសមុទ្រនេះ។
កាសែតនោះបានដកស្រង់ព័ត៌មានសម្ងាត់របស់អាមេរិកដែលត្រូវបានចោទប្រកាន់ថា បានលេចធ្លាយកាលពីដើមឆ្នាំនេះ ដោយអ្នកបច្ចេកទេសកុំព្យូទ័ររបស់ឆ្មាំជាតិអាកាសកម្រិតទាបរបស់អាមេរិកដែលមានលទ្ធភាពប្រើប្រាស់សម្ភារជាច្រើនដែលមានលក្ខណៈសម្ងាត់កម្រិតខ្ពស់។
ឯកសារលេចធ្លាយបានបង្ហាញថា ស្ថាប័នចារកម្មអឺរ៉ុបដែលមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារចារកម្មអាមេរិកក្នុងខែមិថុនា ឆ្នាំ ២០២២ រយៈពេល ៤ ខែ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនថា អ្នកមុជទឹកយោធាអ៊ុយក្រែនរាយការណ៍ដោយផ្ទាល់ទៅអគ្គមេបញ្ជាការយោធារបស់ប្រទេសអំពីការរៀបចំផែនការវាយប្រហារលើបំពង់បង្ហូរឧស្ម័ន។
ការចោទប្រកាន់ត្រូវបានធ្វើឡើងប្រឆាំងនឹងប្រទេសមួយចំនួនរួមមានរុស្ស៊ី អាមេរិក និងអ៊ុយក្រែន ប៉ុន្តែប្រទេសទាំងអស់ បានបដិសេធការទទួលខុសត្រូវ៕