
នាយកឆ្មាំជាតិអាកាសអាមេរិក Michael Loh (ស្តាំ) និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ Amy Gutmann (ឆ្វេង) ចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។ AFP
អង្គការណាតូនឹងធ្វើសមយុទ្ធយោធាផ្លូវអាកាសដ៏ធំបំផុតមិនធ្លាប់មាន នៅសប្តាហ៍ក្រោយ នៅប្រទេសអាល្លឺម៉ង់ដែលជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយដល់ប្រទេសអ៊ុយក្រែនសម្រាប់ការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។
សេចក្តីរាយការណ៍របស់ euronews បានឱ្យដឹងថា សមយុទ្ធនេះនឹងមានយន្តហោះមកពីប្រទេសសមាជិកចំនួនរហូតដល់ទៅ ២៥០ គ្រឿង ហើយសមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងត្រៀមខ្លួនដើម្បីធ្វើការឆ្លើយតបទៅនឹងការវាយប្រហារណាមួយទៅលើសមាជិករបស់អង្គការប្រដាប់អាវុធមួយនេះ។
សមយុទ្ធនេះទៀតសោត ក៏អាចនឹងបង្កការរំខានខ្លះដល់កាលវិភាគជើងហោះហើររបស់អាកាសចរណ៍ស៊ីវិលនិងបង្កើតសំឡេងរំខាន។
ទោះយ៉ាងណា វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្ររបស់អង្គការណាតូ ដែលធ្វើឡើងដើម្បីបង្ហាញទៅកាន់ប្រទេសដែលជាសម្ព័ន្ធមិត្តផ្ទាល់និងសត្រូវដែលមានសក្តានុពលនៅក្នុងតំបន់ ដូចជារុស្ស៊ីជាដើម។ នេះបើយោងតាមមន្ត្រីអាល្លឺម៉ង់និងអាមេរិក។
សមយុទ្ធនេះនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ដោយមានកងកម្លាំងចូលរួមសរុបចំនួនប្រមាណ ១០ ០០០ នាក់ និងយន្តហោះ ២៥០ គ្រឿងមកពីបណ្ដាសមាជិកចំនួន ២៥ ប្រទេស ហើយ សហរដ្ឋអាមេរិកនឹងបញ្ជូនកងកម្លាំងជើងអាកាសចំនួន ២ ០០០ នាក់ និងយន្តហោះប្រហែលជា ១០០ គ្រឿង ដើម្បីចូលរួមក្នុងសមយុទ្ធនេះដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១២ ដល់ ២៣ ខែមិថុនា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់លោកស្រី អាមី ហ្គូម៉ានស៊ី (Amy Gutmannshe) បានលើកឡើងថា៖ «វាជាព្រឹត្តិការណ៍ដែលបង្ហាញឱ្យឃើញពីភាពរហ័សរហួននៃកងកម្លាំងសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូរបស់យើង។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ ប្រសិនបើមេដឹកនាំពិភពលោកណាម្នាក់មិនបានកត់សម្គាល់ពីស្មារតីនៃសម្ព័ន្ធភាពនេះ ដែលមានន័យថា វាគឺជាភាពរឹងមាំ និងស្វាហាប់ដ៏អស្ចារ្យមួយ ហើយមេដឹកនាំពិភពលោកនោះ ក៏រាប់បញ្ចូលទាំងលោក ពូទីន ផងដែរ»។
ទោះយ៉ាងណាក៏ដោយ យោធាអាល្លឺម៉ង់បានព្រមានថាសមយុទ្ធទ័ពអាកាសដ៏ធំនេះ នឹងប៉ះពាល់ដល់ប្រជាជនដែលប្រើប្រាស់សេវាកម្មក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលនៅតំបន់អឺរ៉ុប។
ការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បានធ្វើឱ្យអង្គការណាតូចាប់ផ្ដើមរៀបចំត្រៀមខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយមកលើទឹកដីរបស់ខ្លួន៕