ធនាគា​រ​ពិភព​លោក​នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ​ បាន​អនុម័តថវិកា​​​​​ចំនួន​ ៧០០ លាន​ដុល្លារ​ ជា​ជំនួយផ្នែកថវិកា និង​សុខុមាល​ភាព​សម្រាប់​​ស្រី​លង្កា​​ដែល​​​ជា​ការ​ផ្តល់​មូលនិធិ​ដ៏​ធំ​បំផុត​សម្រាប់​​ប្រទេសដែល​រង​គ្រោះ​ដោយ​វិបត្តិ​ផ្សេង​ៗ​គ្នា​មួយ​​នេះ​​ រាប់​​ចាប់​តាំង​ការ​សម្រេច​បាន​​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​ពី​​​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​កាល​ពី​ខែ​មីនា​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​ក្នុង​ជំនួយទើប​​​អនុម័ត​​​​​ថ្មី​​នេះ ថវិកា​ប្រហែល​ ៥០០ លាន​ដុល្លារ​ នឹង​ត្រូវ​បែង​ចែក​​​សម្រាប់​ការ​គាំទ្រ​ផ្នែក​ថវិកា​របស់​ប្រទេស​ ខណៈ​​ ២០០ លាន​​ដុល្លារ​ទៀត​ ​នឹង​ត្រូវ​ទុក​សម្រាប់​ការ​គាំទ្រ​ផ្នែក​សុខុមាលភាព​​ជូន​​អ្នក​​ដែល​​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​សារ​វិបត្តិ​។

​នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​ស្រី​លង្កា ​លោក​ ​​Faris Hadad-Zervos​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​ថា​​៖ «​តាម​រយៈ​វិធី​សាស្រ្ត​ជា​ដំណាក់​កាលៗ​​ យុទ្ធសាស្រ្ត​​ធនាគារ​ពិភព​លោក​ផ្តោត​លើ​ស្ថិរភាព​សេដ្ឋកិច្ច​ដំបូង​ កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ និង​ការ​ការពារ​ជន​ក្រី​ក្រ​ និង​ងាយ​រង​គ្រោះ​»​។ លោក​បន្ត​ថា​៖ «​​​ប្រសិន​បើ​មាន​និរន្តរភាព​ កំណែ​ទម្រង់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​ត្រឡប់​ទៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​បៃតង​មាន​ភាព​ធន់​ និងប្រកប​ដោយ​ការ​​រួម​បញ្ចូល ​វិញ​»​។

គួរ​បញ្ជាក់​ថា​ ​​ស្រីលង្កា​បាន​​​ប្រឈម​មុខ​ជាមួយ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​ឯករាជ្យ​ភាព​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​ ១៩៤៨​​បន្ទាប់​ពី​តម្លៃ​​​រូបិយប័ណ្ណ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​ដល់​​កម្រិត​ទាប​បំផុត​ ហើយ​ធ្លាក់​ខ្លួន​សង​បំណុល​បរទេស​មិន​រួច​ជា​​លើក​ដំបូង​​កាល​ពី​ឆ្នាំ​មុន​ ចំ​ពេល​ដែល​វិបត្តិ​នយោបាយ​ផ្ទុះ​ឡើង​។

កាល​ពី​ខែ​មីនា​ ​IMF ​បាន​អនុម័ត​ថវិកា​សង្គ្រោះ​​សេដ្ឋកិច្ច​​ជិត​​ ៣​ ប៊ីលាន​ដុល្លារ​ ដើម្បី​សម្រួលដែលធ្វើ​​ឱ្យ​​ស្រី​លង្កា​រំពឹង​ថា ការ​ផ្ដល់​បែប​នេះ​ នឹង​​​បើក​ផ្លូវ​សម្រាប់​​មូលនិធិ​បន្ថែម​រហូត​ដល់​៤ប៊ីលាន​ដុល្លារ​ពី​ធនាគារ​ពិភ​ព​លោក ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​និង​ទីភ្នាក់ងារ​ពហុ​ភាគី​ផ្សេង​ទៀត​។

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ នៅ​សប្ដាហ៍​នេះ​ ស្រីលង្កា​គ្រោង​នឹង​បញ្ចេញ​កម្មវិធី​រៀប​ចំ​រចនា​សម្ព័ន្ធ​បំណុល​ក្នុង​​ស្រុក​ ​ដើម្បី​ជំរុញ​ការ​ដំណើរ​​ដោះ​ស្រាយ​បំណុល​របស់​ខ្លួន​​​ជាមួយ​ម្ចាស់មូលបត្រ​​បំណុល​​​ និង​ម្ចាស់​បំណុល​ទ្វេ​ភាគី​ រួម​មាន​​ចិន ​ជប៉ុន​ និង​ឥណ្ឌា​ ឡើង​វិញ៕