ទីបំផុតអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចុះចតនៅអាកាសយានដ្ឋានបាងកកដុនមឿង បញ្ចប់ការនិរទេសខ្លួនអស់រយៈពេលជាង ១៥ ឆ្នាំ ដោយសារការធ្វើទុកបុកម្នេញផ្នែកនយោបាយ ក្រោយរដ្ឋប្រហារទម្លាក់លោក កាលពីឆ្នាំ ២០០៦ ហើយលោកបាននិរទេសចាប់ពីឆ្នាំ ២០០៨។

យោងតាមសារព័ត៌មាន The Guadian លោក ថាក់ស៊ីន បានមកដល់ព្រលានយន្តហោះ ដុនមឿង តាមយន្តហោះផ្ទាល់ខ្លួន ជាមួយកូនបីនាក់របស់គាត់ ហើយគ្រវីដៃទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីយន្តហោះរបស់គាត់បានចុះចតនៅអាកាសយានដ្ឋានដុនមឿងកាលពីព្រឹកថ្ងៃអង្គារ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍នេះ។ គាត់ត្រូវបានស្វាគមន៍ដោយក្រុមអ្នកគាំទ្រ។

ជាមួយគ្នានេះនៅរសៀលនេះ សភាថៃទាំង ២ ថ្នាក់ គឺសភាជាតិដែលមានសមាជិក ៥០០ រូប ដែលទើបផ្តល់សុពលភាព និងព្រឹទ្ធសភាដែលមានសមាជិកពេញសិទ្ធិ ២៥០ រូប នឹងអង្គុយប្រជុំរួមគ្នាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខជននាយករដ្ឋមន្ត្រីថ្មី គឺលោក ស្រេតថា ថាវីស៊ីន មកពីបក្សភឿថៃដែលមានចំហាយឥទ្ធិពលរបស់ក្រុមគ្រួសារត្រកូលថាក់ស៊ីន។