នាថ្ងៃសៅរ៍​កន្លង​ទៅ​ថ្មីៗ​នេះ ​ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រុង​ សេអ៊ូល ​​នៃ​ប្រទេស កូរ៉េខាងត្បូង​ ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ចំពោះ​ការ​បង្ហូរ​ទឹក​ចេញ​ពី​រោងចក្រ​ថាមពល​ នុយក្លេអ៊ែរ របស់​ជប៉ុនចូល​ទៅ​ក្នុង​សមុទ្រ។

ការ​ព្រួយ​បារម្ភ​បែប​នេះ ដោយសារ​តែ​ប្រជនជន​ កូរ៉េខាងត្បូង ​យល់​ថា វា​អាច​ជា​គ្រោះ​មហន្ដរាយ​ដល់មនុស្ស​ជាតិ។​

លោក Choi Kyoung-sook អ្នក​ឃ្លាំមើល​វិទ្យុសកម្ម​កូរ៉េ និង​ជា​អ្នក​ប្រមូល​ផ្ដុំ​ក្រុម​បាតុករ​នេះ​បាន​និយាយថា ៖ «យើង​នឹង​មិន​ឃើញ​គ្រោះមហន្តរាយ​ភ្លាមៗ ដូចជា ការ​រក​ឃើញ​សារធាតុ​វិទ្យុសកម្ម​នៅ​ក្នុង​អាហារ​សមុទ្រ​នោះ​ទេ ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​ជៀស​មិន​រួច​ទេ ដែល​ការ​បញ្ចេញ​ទឹកនេះ នឹង​បង្ក​ហានិភ័យ​ដល់ឧស្សាហកម្ម​នេសាទ​ក្នុង​ស្រុក ដូច្នេះហើយ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​រក​ដំណោះ​ស្រាយ» ។ ​

ដោយឡែក នៅ​ក្នុង​ការ​តវ៉ា​របស់​ប្រជាជន​ កូរ៉េខាងត្បូង​នេះ គឺ​មាន​មនុស្ស​ប្រហែល ៥​ម៉ឺន​នាក់​បាន​ចូលរួម។ ប៉ុន្តែ​យ៉ាង​ណា ប្រទេស​ជប៉ុន និង​អង្គការ​វិទ្យាសាស្ត្រ​អះអាង​ថា ទឹក​ទាំង​នោះ​គឺ​មាន​សុវត្ថិភាព ពោលគឺ​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​នោះទេ។ មាន​សុវត្ថិភាព​ព្រោះ​ថា ជប៉ុន​បាន​ប្រើប្រាស់​ឧបករណ៍​សម្រាប់​ត្រង​សារធាតុ​វិទ្យុសកម្ម​ចេញ ដោយ​បន្សល់ទុក​តែ​សារធាតុ​ដែល​ពិបាក​បំបែក​ប៉ុណ្ណោះ។

ម្យ៉ាង​ទៀត ទីភ្នាក់ងារ​ជល​ផល​ជប៉ុន​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍ដែរ​ថា ​ត្រី​ដែល​បាន​សាកល្បង​ក្នុង​ទឹក​ជុំវិញ​រោងចក្រ​នោះ​មិនមាន​ផ្ទុក​នូវ​សារធាតុពុល​ក្នុង​កម្រិត​ណា​មួយ​នោះ​ទេ។​

ទាក់ទិន​នឹង​ចំណុច​នេះ​ដែរ​ ប្រទេស កូរ៉េខាងត្បូង បាន​និយាយ​ថា ខ្លួន​ក៏​មិន​បាន​មើល​ឃើញ​ពី​បញ្ហា​ខាងវិទ្យាសាស្ត្រ​លើ​ការ​បង្ហូរ​ទឹក​នេះដែរ ប៉ុន្តែ​សកម្មជន​បរិស្ថាន​អះអាង​ថា ប្រទេស ជប៉ុន នៅ​មិន​ទាន់​បានសិក្សា​អំពី​ផល​ប៉ះពាល់​គ្រប់ជ្រុង​ជ្រោយ​នៅឡើយទេ។

គួរបញ្ជាក់ថា ប្រទេស​ជប៉ុន បាន​និង​កំពុង​បូមទឹក​វិទ្យុសកម្ម​ជាង​មួយ​លាន​តោន​ចេញ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima Daiichi ខណៈ​ដែល​អាង​ស្តុកទឹក​នៅ​ក្នុង​រោងចក្រ​នេះ​ពេញ ហើយ​ដែល​ត្រូវ​ការរំដោះ​ទឹក​ចេញ។

ក្នុង​ការ​បង្ហូរ​ទឹក​ទាំង​នេះ​ចូល​ទៅ​សមុទ្រ​ភាគ​ខាងជើង​នៃ​ទីក្រុង តូក្យូ ជប៉ុន​បាន​ប្រើប្រាស់​ឧបករណ៍​ក្នុង​ការបំបែក​សារធាតុ​ពុល ទាំង​ឡាយ​ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាន និង សុខភាព​មនុស្ស។​

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ ឧបករណ៍​ទាំងនោះ​ក៏​នៅតែ​មិន​អាច​បំបែក​សារធាតុ Tritium ដែល​ជា​សារធាតុ​មា​ន​កម្រិត​ប៉ះពាល់ទាប។

នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០១៤ បាន​និយាយថា ការ​បរិភោគ​ទឹក ឬត្រី​ដែល​មាន​សារធាតុ Tritium លើស​កម្រិត វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក៕