
ក្រុមជួយសង្គ្រោះ កំពុងស្វែងរកជនរងគ្រោះពីគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ១១ ខែកញ្ញា។ រូបថត AFP
ភ្នំពេញៈ ប្រទេសអាស៊ានបានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសម៉ារ៉ុក ហើយបានប្រកាសពីការត្រៀមខ្លួនក្នុងការផ្តល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះពីគ្រោះមហន្ដរាយនេះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ ថា៖ អាស៊ានមានការសោកស្ដាយចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការខូចខាតយ៉ាងធំធេងចំពោះទ្រព្យសម្បត្តិដែលបណ្តាលមកពីការរញ្ជួយដីនៅភ្នំ High Atlas ក្នុងព្រះរាជាណាចក្រម៉ារ៉ុក»។
ជាមួយគ្នានេះ អាស៊ានក៏បានសម្តែងការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុក ជាពិសេសគ្រួសារជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនេះផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា៖ «អាស៊ានបញ្ជាក់ពីសាមគ្គីភាពរបស់ខ្លួនជាមួយរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រម៉ារ៉ុកក្នុងគ្រាដ៏លំបាកនេះ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកជំនួយរបស់ខ្លួនដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ»។
ជាមួយនេះអាស៊ានក៏បានបង្ហាញទំនុកចិត្តថា ប្រទេសម៉ារ៉ុក នឹងជម្នះបាន និងស្តារឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃគ្រោះធម្មជាតិនេះ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែកញ្ញាថា ការប្រកាសរបស់អាស៊ាននេះ បានបញ្ជាក់អំពីកាតព្វកិច្ចជាអន្តរជាតិលើបញ្ហាមនុស្សធម៌ដែលកើតមាននៅក្នុងពិភពលោក ក្នុងទិដ្ឋភាពកន្លងមកក៏ដូចបច្ចុប្បន្នដែរ។ បណ្ដារដ្ឋ និងបណ្ដាសហគមន៍តំបន់ឬអន្តរជាតិត្រូវតែមានកាតព្វកិច្ចជួយជ្រោមជ្រែងគ្នាទៅលើបញ្ហាមនុស្សធម៌ ដែលជាគោលការណ៍គ្រឹះដំបូងបំផុតរបស់ពិភពលោក។
លោកបានថ្លែងថា ការប្រកាសនេះក៏ចង់បង្ហាញថា អាស៊ានមានភាពសកម្ម និងរស់រវើកនៅក្នុងកិច្ចការតំបន់ និងពិភពលោកនៅក្នុងជំនួយមនុស្សធម៌ជួយសង្គ្រោះនេះ។ មិនថា តែលើកិច្ចការនយោបាយ កិច្ចការទូតឬកិច្ចការផ្សេងទៀតទេ សូម្បីតែកិច្ចការមនុស្សធម៌នេះ ក៏អាស៊ានត្រូវតែសកម្មរួបរួម និងសកម្មជាមួយពិភពលោកដែរ។
លោក យង់ ពៅ បានបញ្ជាក់ថា៖«គ្រោះធម្មជាតិនេះ វាតែងតែកើតមានកាន់តែសាហាវ កាន់តែញឹក កាន់តែខ្លាំងដោយសារការបំពុលបរិយាកាសផែនដី ការឡើងកម្ដៅផែនដីដោយសារសកម្មភាពមនុស្ស។ អ៊ីចឹងហើយបណ្ដារដ្ឋ និងបណ្ដាសហគមន៍ទាំងអស់ត្រូវតែមានកាតព្វកិច្ចជ្រោមជ្រែងគ្នាទៅវិញទៅមក ពីព្រោះវាអាចដូចដែលក្នុងទស្សនៈសង្គមខ្មែរយើងថា ប្រវាស់ដៃគ្នាម្តងគេ ម្តងយើង»។
កាលពីថ្ងៃទី ១៣ ខែកញ្ញា សារព័ត៌មាន ABC បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានបន្តកើនឡើង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កម្រ និងដ៏ខ្លាំងក្លាកម្រិត ៦,៨ រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃទី ៨ ខែកញ្ញា។ មនុស្សជាង ២ ៩០០ នាក់ត្រូវបានបញ្ជាក់ថា ស្លាប់នៅក្នុងឧបទ្ទវហេតុនេះ៕