
ការប្រមូលផលពោតនៅអ៊ុយក្រែនជាប្រទេសនាំចេញកសិផលច្រើនបំផុត។ AFP
រដ្ឋាភិបាលអ៊ុយក្រែនដែលកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយរុស្ស៊ី គ្រោងនឹងប្តឹងប្រទេស ៣ នៅតំបន់អឺរ៉ុបខាងកើតដែលតែងតែជួយខ្លួននៅក្នុងសង្គ្រាមតទល់ជាមួយរុស្ស៊ី ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកជុំវិញការហាមឃាត់ផលិតផលកសិកម្មរបស់អ៊ុយក្រែន។
យោងតាមការផ្សាយរបស់រ៉យទ័រ ប្រទេសទាំង ៣ ដែលអ៊ុយក្រែនបម្រុងនឹងប្តឹងនោះ រួមមាន ប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី។
រ៉យទ័របានផ្សាយថា មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនបាននិយាយថា ពាក្យបណ្ដឹងអាចនឹងបញ្ជូនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រទេសជាប់ព្រំដែនអ៊ុយក្រែនទាំង ៣ ក្នុងការបន្តហាមឃាត់ការនាំចូលទំនិញនាំចេញសំខាន់ៗរបស់ប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន PAP បានដកស្រង់សម្តី លោក Radoslaw Fogiel ដែលជាប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាប៉ូឡូញដោយនិយាយថា ការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការប្តឹងនេះនឹងផ្ទុះការតវ៉ានៅក្នុងប្រទេសប៉ូឡូញ ហើយថា អ៊ុយក្រែនក៏គួរតែដឹងរឿងនេះផងដែរ។
លោកបាននិយាយថា៖ «ការសម្រេចចិត្តរបស់យើងមិនមែនសំដៅវាយប្រហារទៅលើអ៊ុយក្រែនទេ ប៉ុន្តែគឺយើងធ្វើដើម្បីការពារកសិករប៉ូឡូញ ក៏ដូចជាការពារផលប្រយោជន៍របស់ប៉ូឡូញទាំងមូល»។
ភាគីអ៊ុយក្រែនឯណោះវិញបាននិយាយថា៖ «ទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចដើម្បីទទួលខុសត្រូវ និងធានាថាការនាំចេញពីអ៊ុយក្រែនមិនបង្កើតឱ្យមានភាពចលាចលណាមួយនៅក្នុងសេដ្ឋកិច្ចប្រទេសជិតខាងហើយយើងក៏នឹងដាក់ចេញនូវប្រព័ន្ធអាជ្ញាប័ណ្ណនាំចេញដើម្បីធានាភាពច្បាស់លាស់សម្រាប់ការនាំចេញផលិតផលធញ្ញជាតិផងដែរ»។
សហភាពអឺរ៉ុបកាលពីខែឧសភាបានអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតចំនួន ៥ ប្រទេសអាចដាក់ការហាមឃាត់ការនាំចូលទំនិញកសិកម្មមួយចំនួនពីប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញការហាមឃាត់នេះត្រូវបានដកចេញវិញកាលពីថ្ងៃសុក្រកន្លងទៅ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ប្រទេសចំនួន ៣ គឺប៉ូឡូញ ស្លូវាគី និងហុងគ្រីបានសម្រេចបន្តការហាមឃាត់ជាលក្ខណៈឯកតោភាគីដោយបំពានការប្រកាសរបស់សហភាពអឺរ៉ុប។
តាមរយៈការសម្រេចចិត្តជាឯកតោភាគីនេះសហភាពអឺរ៉ុបបានចេញមុខអំពាវនាវទៅកាន់ប្រទេសទាំង ៣ ថា ទង្វើនេះគឺមិនអាចទទួលយកបានទេ។
អ៊ុយក្រែនជាប្រទេសនាំចេញទំនិញកសិកម្មធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែត្រូវរាំងស្ទះដោយសារសង្គ្រាម៕