
អ្នករកស៊ីនៅក្នុងវិស័យទេសចរណ៍នៅប្រទេសថៃបានសាទរចំពោះការសន្យារបស់នាយករដ្ឋមន្ត្រីថៃ ក្នុងការលុបបំបាត់ការប្រើប្រាស់កញ្ឆាកម្សាន្តក្នុងរយៈពេល ៦ ខែ ដោយពួកគេជឿថាហាងកញ្ឆាដែលមិនមានការគ្រប់គ្រងត្រឹមត្រូវបានបង្កគ្រោះថ្នាក់ជាងផលវិជ្ជមានដល់វិស័យទេសចរណ៍កាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រី លោក ស្រេថា ថាវីស៊ីន (Srettha Thavisin) បានលើកឡើងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Bloomberg ថា រដ្ឋាភិបាលនឹងកែតម្រូវគោលនយោបាយពាក់ព័ន្ធនឹងកញ្ឆាក្នុងរយៈពេល ៦ ខែ ដើម្បីធានាថាការប្រើប្រាស់កញ្ឆាគឺសម្រាប់តែគោលបំណងវេជ្ជសាស្រ្តប៉ុណ្ណោះ។
លោកបានរំលេចថា លោកខ្លួនឯងផ្ទាល់ពិតជាមិនយល់ស្របនឹងការប្រើប្រាស់ដើមកញ្ឆានេះនោះទេ។ ទន្ទឹមនឹងនេះ លោក ថាណេត ស៊ូផនសាហារុងស៊ី (Thanet Supornsahasrungsi) នាយកប្រតិបត្តិនៃសណ្ឋាគារ Sunshine Hotels and Resorts នៅប៉ាតាយ៉ា បាននិយាយថា «នៅទីក្រុងប៉ាតាយ៉ា ឥឡូវនេះអ្នកអាចស្វែងរកហាងកញ្ឆានៅជិតៗគ្នា ប្រហែល ២០០ ទៅ ៣០០ ម៉ែត្រពីគ្នា ហើយភាគច្រើនប្រហែលជា ៩០% មិនមែនប្រើប្រាស់សម្រាប់វេជ្ជសាស្រ្តនោះទេ»។
លោកបានបន្តទៀតថា «ច្បាប់ដែលបានបន្ធូរបន្ថយដល់ការប្រើប្រាស់កញ្ឆា និងការអនុវត្តខ្សោយ បានបង្កបញ្ហាដល់វិស័យទេសចរណ៍ ជាងការផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ច។ មានករណីខ្លះ ភ្ញៀវនៅតាមសណ្ឋាគារបានប្រើប្រាស់កញ្ឆាច្រើនហួសហេតុ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ»។
បន្ថែមលើនេះ អ្នកទេសចរណ៍មកពីប្រទេសដែលហាមឃាត់កញ្ឆាបានប្រឈមមុខ នឹង បញ្ហា ដោយសារពួកគេមិនបានដឹងថាផលិតផលមួយចំនួនដែលពួកគេបានទិញនៅទីនេះ ដូចជាអាហារ និងភេសជ្ជៈជាដើម មានផ្ទុកសារធាតុកញ្ឆានោះទេ។
លោក ថាណេត បានសង្កត់ធ្ងន់ថា «ប្រសិនបើយើងចង់ប្រើវាសម្រាប់គោលបំណងផ្នែកវេជ្ជសាស្រ្ត ការអនុវត្តច្បាប់គួរតែតឹងរ៉ឹងជាងមុន ដើម្បីប្រាកដថាយើងអាចផ្តល់ជូននូវការព្យាបាលវេជ្ជសាស្រ្តដែលមានសុវត្ថិភាពសម្រាប់សុខភាពរបស់អ្នកជំងឺ។ អ្នកទេសចរណ៍ភាគច្រើនមិនមានបំណងមកលេងប្រទេសថៃដើម្បីប្រើប្រាស់កញ្ឆានោះទេ ប៉ុន្តែពួកគេកំពុងទាញយកផលប្រយោជន៍ពីចន្លោះប្រហោងផ្នែកច្បាប់នេះ ដោយសារតែប្រទេសនេះមិនបានគ្រប់គ្រងឧស្សាហកម្មកញ្ឆានេះប្រកបដោយប្រសិទ្ធភាព»។
លោក ស៊ូគិត ស៊ូវូឌិតគុល (Suksit Suvunditkul) ប្រធានផ្នែកប្រចាំតំបន់ភាគខាងត្បូងនៃសមាគមសណ្ឋាគារថៃបាននិយាយថា «ហាងកញ្ឆាជាច្រើនបានបើកដំណើរការនៅគ្រប់ផ្លូវក្នុងខេត្តភូកេត ជាពិសេសគឺបន្ទាប់ពីប្រភេទរោងចក្រកញ្ឆានេះត្រូវបានដកចេញពីបញ្ជីគ្រឿងញៀនដោយច្បាប់ថៃ»។
លោកបានបន្តថា សណ្ឋាគារភាគច្រើនត្រូវហាមឃាត់ការជក់បារី និងជក់កញ្ឆានៅក្នុងបន្ទប់របស់ពួកគេ ព្រោះវាបានរំខានដល់ភ្ញៀវផ្សេងទៀត ជាពិសេសគ្រួសារដែលមានកូនៗស្នាក់នៅជាមួយ។
លោកបានបញ្ជាក់ថា បណ្ដាម្ចាស់សណ្ឋាគារទាំងអស់នឹងយល់ស្របទាំងស្រុងជាមួយរដ្ឋាភិបាល ប្រសិនបើមានការរឹតបន្តឹងលើការប្រើប្រាស់កញ្ឆាសម្រាប់តែគោលបំណងវេជ្ជសាស្រ្ត។ កន្លងមក វិស័យឯកជននៅតាមបណ្តាខេត្តនានាបានពិភាក្សាអំពីផលប៉ះពាល់នៃអាជីវកម្មកញ្ឆាដែលមិនមានការគ្រប់គ្រងបានត្រឹមត្រូវ និងបានលើកឡើងពីផែនការកំណត់តំបន់ប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងកម្សាន្ដ ដើម្បីបញ្ឈប់ការពង្រីកអាជីវកម្មដោយអនាធិបតេយ្យ។
យ៉ាងណាក៏ដោយ ប្រសិនបើរដ្ឋាភិបាលមានបំណងចង់បិទហាងកញ្ឆាទាំងអស់នោះទាំងស្រុងក៏ដោយ ក៏វិស័យទេសចរណ៍នៅភូកេតនឹងមិនប្រឈមមុខនឹងផលប៉ះពាល់អ្វីនោះទេ ដោយសារតែស្ថានភាពនៅកោះនេះកំពុងវិលត្រឡប់ទៅរកភាពដើមវិញ ពោលគឺដូចនឹងឆ្នាំ២០១៩ មុនកូវីដ១៩»។
លោក ស៊ូគិត បាននិយាយថា «ភ្ញៀវអឺរ៉ុបបានកើនឡើងវិញ ៨០% ហើយចំនួនភ្ញៀវដែលបានកក់ទុកក្នុងរដូវកាលដើរកម្សាន្តខាងមុខនេះ បានឈានដល់ ៤០% ទៅ ៥០% ហើយ។ ប្រសិនបើរដ្ឋាភិបាលបិទហាងកញ្ឆា វានឹងមិនប៉ះពាល់ដល់អាជីវកម្មទេសចរណ៍នោះទេ។ ខេត្តភូកេតមានកំណើនភ្ញៀវជាលំដាប់ស្រាប់ហើយ សូម្បីតែមុនពេលដែលចេញច្បាប់បន្ធូរបន្ថយការប្រើប្រាស់កញ្ឆាក៏ដោយ»៕