ប្រទេស​ហ្វីលីពីន​​ នៅ​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​ឆ្មាំ​សមុទ្រ​ចិន​ថា​ ​បាន​ដំឡើង «របាំង​បណ្តែត​ទឹក» នៅក្នុង​តំបន់​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដោយ​និយាយថា ខ្លួន​បាន​រារាំង​ប្រជាជន​ហ្វីលីពីន​ពី​ការចូល និង​នេសាទ​នៅក្នុង​តំបន់​នោះ។

Commodore Jay Tarriela ដែលជា​អ្នកនាំពាក្យ​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វីលីពីន បាន​បង្ហោះ​សារ​នៅលើ X អតីត Twitter ​ថា ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វីលីពីន និង​ការិយាល័យ​ធនធាន​ជលផល និង​ធនធាន​ជលផល «ថ្កោលទោស​យ៉ាងខ្លាំង​ក្លា» របស់​ប្រទេស​ចិន ចំពោះ​ការដំឡើង​របាំង​ការពារ​នៅក្នុង​ផ្នែក​នៃ ​ប្រជុំកោះ Scarborough Shoal។ នេះ​បើ​យោង​សេចក្តីរាយការណ៍​របស់រ៉យទ័រ។

លោក​បាន​បន្តថា ការរារាំង​អ្នកនេសាទ​ពី​ច្រាំង​សមុទ្រ​គឺ​ធ្វើ​ឱ្យ​​ពួកគេ​លែងមាន​សកម្មភាព​នេសាទ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត។

Commodore Jay Tarriela បាន​និយាយថា «ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វីលីពីន (Philippine Coast Guard) នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ទាំងអស់ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ប្រឈម​ទាំងនេះ រក្សា​សិទ្ធិ​ដែនសមុទ្រ​របស់​យើង និង​ការពារ​ដែនសមុទ្រ​រប​ស់​យើង»​។

រ៉យទ័រ​បាន​ទាក់​ទង​ទៅ​កាន់​ស្ថានទូត​ចិន​នៅ​ទីក្រុង​ម៉ានីល​ ប៉ុន្តែ​មិនបាន​ឆ្លើយតបភ្លាមៗចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ។

ប្រទេស​ចិន​ទាមទារ ៩០​ភាគរយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ត្រួត​លើ​គ្នា​ជាមួយ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន។

ទីក្រុង​ប៉េកាំង​បាន​រឹបអូស​យកតំបន់​ប្រជុំ​កោះ​Scarborough Shoal ​នៅ​ក្នុងសមុទ្រចិន​ខាងត្បូង ក្នុង​ឆ្នាំ ២០១២​ ហើយ​បាន​បង្ខំ​អ្នកនេសាទ​មកពី​ប្រទេស​ហ្វីលីពីន​ឱ្យធ្វើ​ដំណើរ​ចាកចេញ​។​

ទីក្រុង​ប៉េកាំង​បាន​អនុញ្ញាតឱ្យ​អ្នកនេសាទ​ហ្វីលីពីន​ត្រឡប់​ទៅ​តំបន់ឆ្នេរ​ដែល​គ្មាន​មនុស្ស​រស់នៅ​វិញ នៅពេលដែល​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់​ក្រោម​ការដឹកនាំ​របស់​​អតីត​ប្រធានាធិបតី Rodrigo Duterte ។

ប៉ុន្តែ​ភាព​តានតឹង​បាន​កើនឡើង​ម្តងទៀត​ចាប់តាំងពី​អ្នក​ស្នង​តំណែង​របស់គាត់​គឺ Ferdinand Marcos Jr បាន​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ២០២២​៕