ប៉ូលីស​ប្រទេស​ម៉ាឡេស៊ី ​កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​លួច​បង្កប់​កាមេរ៉ា​នៅក្នុង​បន្ទប់​សណ្ឋាគារ​​ Airbnb នៅក្នុង​តំបន់ Kota Kinabalu ក្រោយ​វីដេអូ​របស់​គូស្នេហ៍​ជនជាតិ​ចិន​មួយគូ​ត្រូវបាន​បង្ហោះ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម។

ដោយឡែក​ភ្ញៀវទេសចរ​ចិន​ប្ដី​ប្រពន្ធ​គូ​នេះ​បាន​អះអាងថា​ពួកគេ​បាន​ប្រទះឃើញ​វីដេអូ​របស់ខ្លួន​នៅលើ​បណ្ដាញ​សង្គម​ចិន​ដែលមាន​ឈ្មោះថា ​Xiaohongshu នៅ​ថ្ងៃទី១៤ខែកញ្ញា​ក្រោយ​ពួកគេ​បាន​ស្នាក់នៅ​សណ្ឋាគារ​Airbnb កាលពីដើម​ខែកញ្ញា។បន្ទាប់ពី​ការ​បង្ហោះ​វីដេអូ​នោះ​ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចែកចាយ​និង​ក្លាយជា​វីដេអូ​ដែលមាន​ភាពល្បីល្បាញ​តែម្ដង។

ក្រោយ​ហេតុការណ៍​នេះ​ប៉ូលីស​នៃ​តំបន់ Kota Kinabalu បាន​អះអាង​ពី​ការទទួលបាន​ពាក្យបណ្ដឹង​ពី​គូស្នេហ៍​មួយគូ​នោះ​និង​ថា​ខ្លួន​កំពុងតែ​រក​ភ័ស្តុតាង​ក៏ដូចជា​ជន​ដែល​បាន​ប្រព្រឹត្ត​រឿងនេះ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់។

យ៉ាងណាមិញ​ប៉ូលីស​បាន​រកឃើញ​កាំ​មេ​រ៉ា​ដែល​បាន​បង្កប់​នៅក្នុង​រន្ធ​ជញ្ជាំង​ដែល​ត្រូវបាន​ដាក់ឱ្យ​បែរ​ទៅរក​គ្រែ​គេង​តែម្ដង។ ដោយ​ការខកចិត្ត​ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​បង្ហោះ​តបត​នៅលើ​បណ្ដាញ​សង្គម​ដោយបាន​សួរថា «តើ​ការ​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​មាន​សុវត្ថិភាព​កម្រិតណា?»

ការ​បង្ហោះ​ដោយ​ភ្ជាប់​សំណួរ​របស់​គូស្នេហ៍​ជនជាតិ​ចិន​បែបនេះ​ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចូល​បញ្ចេញមតិ​ព្រោងព្រាត​ ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​បាន​ប៉ូលីស​ម៉ាឡេស៊ី​ណែនាំ​ឱ្យ​លុប​ការ​បង្ហោះ​នោះ​វិញ​ដោយ​មិន​ចង់ឱ្យ​ប៉ះពាល់​កាន់តែខ្លាំង​ដល់​កិត្តិនាម​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ខ្លួន។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​សិល្បៈ​និង​វប្បធម៌​ម៉ាឡេស៊ី​លោក​Tiong King Sing បាន​និយាយថា​នឹងមាន​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជនល្មើស​ឬ​ប្រតិបត្តិ​ករ​សណ្ឋាគារ​ដែលមាន​កា​រពាក់​ព័ន្ធ​ក្នុង​រឿងនេះ។

លោក​Tiong បាន​និយាយ​នៅលើ Facebook កាលពី​ថ្ងៃអាទិត្យ​ថា៖«ការដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​និង​សមស្រប​គួរតែ​ត្រូវបាន​ដាក់​លើ​ភាគី​ណាមួយ​ដែល​រកឃើញថា​មាន​ពិរុទ្ធ​ពីព្រោះ​ទង្វើ​នេះ​មិន​ត្រឹមតែ​បំពាន​ច្បាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​មុខមាត់​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ប្រទេស​ផងដែរ»។

លោក​បាន​បន្ថែមថា​លោក​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ប្រតិបត្តិ​ករ​ឬ​ម្ចាស់​សណ្ឋាគារ​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ក្រោម​ក្រសួង ​ប្រសិនបើ​រកឃើញថា​បាន​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​នឹងត្រូវ​ប្រឈម​នឹង​ការបិទទ្វា​អាជីវកម្ម​តែម្ដង៕