ប្រទេស​អេ​ហ្ស៊ី​ប​ នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី ១០-១២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ ​ក្នុងនោះ​លោក​ប្រធានាធិបតី Abdel Fattah al-Sisi ត្រូវបាន​គេ​រំពឹងថា​ នឹង​ឈ្នះ​ការបោះឆ្នោត​នា​អាណត្តិ​ថ្មី​នេះ​បន្តទៀត​ បើទោះជា​ប្រទេស​កំពុងមាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​ចេញ​ពិ​វិបត្តិ​អតិផរណា​និង​រំហូរ​នៃ​រូបិយប័ណ្ណ​បរទេស​ក៏ដោយ។

លោក​ស៊ី​ស៊ី​ដែលមាន​អាយុ៦៨ឆ្នាំ​ទៅហើយនោះ​នៅតែ​អាច​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ទី​បី​ដោយសារតែ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ២០១៩ដែល​បាន​ពង្រីក​រយៈពេល​កាន់អំណាច​របស់​ប្រធានាធិបតី​ពី៤ឆ្នាំ​ទៅជា៦ឆ្នាំ​ដែល​មានន័យថា​ប្រធានាធិបតី​រូបនេះ​នឹងត្រូវ​កាន់អំណាច​យ៉ាងហោចណាស់​រហូតដល់​ឆ្នាំ២០៣០។

ដោយឡែក​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ប្រទេស​អេ​ហ្ស៊ី​ប​បាន​និយាយថា​លទ្ធផល​បោះឆ្នោត​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី១៨ខែធ្នូ​រីឯ​លទ្ធផល​នៃ​ជុំ​ផ្តាច់ព្រ័ត្រ​អាច​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី១៦ខែមករា​ឆ្នាំ២០២៤។

យ៉ាងណាមិញ​បើទោះបីជា​លោក​ស៊ី​ស៊ី​មិនទាន់​បានប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខភាព​របស់លោក​ក៏ដោយ​ក៏​គណបក្ស​ដែល​គាំទ្រ​រដ្ឋាភិបាល​បានចាប់ផ្តើម​យុទ្ធនាការ​ប្រកូក​ប្រកាស​ជុំវិញ​ទីក្រុង Cairo ដើម្បី​ជំរុញ​ការ​ឈរឈ្មោះ​បោះឆ្នោត​របស់លោក​ក្នុង​អាណត្តិ​ថ្មី​នេះ។

សម្រាប់​អាណត្តិ​នេះ​បេក្ខជន​បួនរូប​ផ្សេងទៀត​ក៏បាន​បង្ហាញ​ពី​ចេតនា​ចង់​ឈរឈ្មោះ​ដែរ​ក្នុងនោះ​មាន​បេក្ខជន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​គឺ​អតីត​សមាជិកសភា​លោក Ahmed Eltantawy។

​លោក​ស៊ី​ស៊ី​ជា​បេក្ខភាព​ឈ្នះឆ្នោត​តាំងតែ​ពី​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៤និង២០១៨ជាមួយនឹង​លទ្ធផល៩៧%នៃ​សន្លឹកឆ្នោត។ក្នុងការ​ក្លាយខ្លួនជា​ប្រធានាធិបតី​នាពេលនោះ​គឺ​ដោយសារ​ចលនា​ប្រឆាំង​ជាមួយនឹង​លោក​អតីត​ប្រធានាធិបតី Mohamed Morsiដែលមាន​ចំណែក​ធ្វើឱ្យ​អេ​ហ្ស៊ី​ប​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​កង្វះ​ថាមពល​កង្វះ​សន្តិសុខ​និង​វិបត្តិ​ការទូត។

យ៉ាងណាមិញ​ អាត្រា​អតិផរណា​របស់​អេ​ហ្សី​ប​កំពុង​ឈានដល់៣៧ភាគរយ​ជា​ចំនួន​មួយ​ដ៏​ច្រើន​លើសលប់​ខណៈដែល​អាត្រា​អតិផរណា​ទូទៅ​របស់​អេ​ហ្សី​ប​គឺ​ត្រឹមតែ៩.៦២%រាប់​ចាប់ពី​ឆ្នាំ១៩៥៨មក។

ការកើនឡើង​នៃ​អាត្រា​អតិផរណា​នេះ​គឺ​ដោយសារតែ​ការធ្លាក់​ចុះខ្សោយ​នៃ​រូបិយ​ប័​ណ្ឌ​ជាតិ​ដែល​បច្ចុប្បន្ន​ប្រាក់៣០ផោន​អេ​ហ្ស៊ី​ប​ស្មើនឹង១ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ក្នុងពេលដែល​លោក​ស៊ី​ស៊ី​ឡើងកាន់​អំណាច​ប្រាក់១ដុល្លារ​អាមេរិក​គឺ​ប្រហែល​នឹង៧ផោន​អេ​ហ្សី​ប។

ក្នុង​ឆ្នាំ២០២៣នេះដែរ​បំណុល​អន្តរជាតិ​របស់​ប្រទេស​នេះ​គឺ​ជិត១៦៣ពាន់​លាន​ដុល្លារ​ខណៈដែល​បំណុល​សរុប​របស់​អេ​ហ្សី​ប​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ឈានដល់​ជិត៩៣ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប៕