សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មានរ៉យទ័រ​នៅ​មុន​នេះ បាន​អះអាងថា លោក Viktor Sokolov ជា​មេបញ្ជាការ​​កងទ័ព​ជើង​ទឹក​​រុស្ស៊ី​ប្រចាំ​សមុទ្រ​ខ្មៅ​ និង​ជាម​ន្ត្រី​កងទ័ពជើងទឹក​ជាន់ខ្ពស់​បំផុត​របស់​រុស្ស៊ី ត្រូវបាន​គេ​ថត​បាន​ចូលរួម​ក្នុង​សន្និសីទ​វីដេអូ​មួយ​​នៅ​​ថ្ងៃ​អង្គារ​ ​ដែល​ជា​រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​កងកម្លាំង​ពិសេស​អ៊ុយ​ក្រែ​ន​បាន​និយាយថា ​ពួកគេ​បានសម្លាប់​​​មេបញ្ជាការ​រូបនេះ​​។

នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី លោក Sokolov ត្រូវ​បានបង្ហាញ​ជាក់ស្តែង​ចូលរួម​ក្នុង​សន្និសីទ​វីដេអូ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Sergei Shoigu និង​ឧ​ត្ត​មនា​វី និង​មេទ័ព​កំពូល​ផ្សេងទៀត។

កងកម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បានសម្លាប់​លោក Sokolov ដែលជា​ឧ​ត្ត​មនា​វី​កំពូល​របស់​ទីក្រុង​ម៉ូស្គូ​នៅ គ្រីមា (Crimea) រួម​ជាមួយនឹង​មន្ត្រី​ចំនួន៣៣​នាក់​ផ្សេងទៀត​នៅក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​កាលពី​សប្តាហ៍​មុន​លើ​ទីស្នាក់ការ​កណ្តាល​នៃ​កង​នាវា​ជើងទឹក​​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​នៅក្នុង​កំពង់ផែ Sevastopol ៕