
ប្រជាជនអាមេនីនាំក្រុមគ្រួសារចាកចេញពីតំបន់ជម្លោះព្រោះខា្លចការសម្លាប់រង្គាល។ AFP
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យ រដ្ឋាភិបាលអាស៊ែបៃហ្សង់ដែលទើបយកជ័យជម្នះលើតំបន់ទាមទារផ្តាច់ខ្លួន Nagorno-Karabakh ដែលមានជនជាតិអាមេនីប្រមាណ ១២ ម៉ឺននាក់ ការពារសិទ្ធិរបស់ជនស៊ីវិល និងអនុញ្ញាតឱ្យមានបេសកកម្មមនុស្សធម៌ និងការត្រួតពិនិត្យនៅតំបន់នោះ ខណៈជនជាតិអាមេនីរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយខ្លាចការបោសសម្អាតជនជាតិភាគតិច។
ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) Samantha Power បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងយ៉េរ៉េវ៉ាន់ (Yerevan) ថា៖ «យើងកំពុងអំពាវនាវឱ្យអាស៊ែបៃហ្សង់រក្សាបទឈប់បាញ់ និងចាត់វិធានការជាក់ស្តែងដើម្បីការពារសិទ្ធិជនស៊ីវិលនៅ Nagorno-Karabakh»។
មន្ត្រីសហរដ្ឋអាមេរិកបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេនី បន្ទាប់ពីប្រទេសនេះងាកទៅរកការគាំទ្រពីលោកខាងលិច ដោយងាកចេញពីសម្ព័ន្ធមិត្តយូរឆ្នាំរុស្ស៊ីដែលមេដឹកនាំអាមេនីចោទថា បានបរាជ័យក្នុងការធានាសន្តិសុខសម្រាប់ខ្លួនក្នុងជម្លោះនៅតំបន់ការ៉ាបាខ។
យោងតាមការផ្សាយរបស់រ៉យទ័រ នៅថ្ងៃចន្ទ រុស្ស៊ីបានប្រាប់នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ថា លោកមានតែខ្លួនឯងប៉ុណ្ណោះដែលត្រូវស្តីបន្ទោសចំពោះជ័យជម្នះរបស់អាស៊ែបៃហ្សង់ លើតំបន់ Nagorno-Karabakh ដោយសារតែលោកបានទទូចចង់ចែចង់ជាមួយលោកខាងលិចជាជាងធ្វើការជាមួយទីក្រុងម៉ូស្គូ និងបាគូដើម្បសន្តិភាព។
ប៉ុន្តែលោក Pashinyan ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិកាលពីថ្ងៃអាទិត្យ បានលើកឡើងថា រុស្ស៊ីបានធ្វើឱ្យអាមេនីបរាជ័យដោយការមិនផ្តល់ជំនួយបន្ថែមទៀតដើម្បីបញ្ចៀសវិបត្តិជុំវិញតំបន់បំបែកដោយបន្ថែមថា គាត់នឹងត្រូវផ្លាស់ប្តូរសម្ព័ន្ធភាពសន្តិសុខរបស់អាមេនី។
តាមសេចក្តីរាយការណ៍ជាច្រើននៅថ្ងៃអង្គារ យ៉ាងហោចណាស់ប្រជាជនអាមេនី ១៣ ៥៥០ នាក់ ក្នុងចំណោម ១២ ម៉ឺននាក់ ដែលមានផ្ទះនៅ Nagorno-Karabakh បានចាកចេញ និងទៅដល់ប្រទេសអាមេនីនៅថ្ងៃដំបូងនៃការចាកចេញដោយការភ័យខ្លាចការបោសសម្អាតពីសំណាក់អាជ្ញាធរអាស៊ែបៃហ្សង់ដែលទើបដណ្តើមកាន់កាប់។
លោកស្រី Power ដែលទើបប្រគល់លិខិតគាំទ្រពីប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទៅឱ្យនាយករដ្ឋមន្ត្រីអាមេនី បាននិយាយថា ការប្រើប្រាស់កម្លាំងរបស់រដ្ឋាភិបាលអាស៊ែបៃហ្សង់គឺមិនអាចទទួលយកបានទេ ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការឆ្លើយតបដ៏សមស្របមួយ។ តាមសេចក្តីរាយការណ៍របស់រ៉យទ័រ៕