
ទីតាំផ្ទុះគ្រាប់កាំជ្រួច ដែលបានសម្លាប់មនុស្ស ២ នាក់។ រូបថត ប៉ូលិស
ខណៈពេលទំនាក់ទំនងរវាងប៉ូឡូញ និងអ៊ុយក្រែន បានចុះស្រអាប់ក្នុងប៉ុន្មានថ្ងៃចុងក្រោយដោយសារប៉ូឡូញបដិសេធការនាំចូលធញ្ញជាតិពីអ៊ុយក្រែនដើម្បីការពារប្រជាកសិករក្នុងស្រុករបស់ខ្លួន សារព័ត៌មាន Rzeczpospolita រាយការណ៍ដោយដកស្រង់ប្រភពអ្នកជំនាញប៉ូឡូញបានបញ្ជាក់ថា កាំជ្រួចដែលបានសម្លាប់មនុស្ស ២ នាក់នៅឯរោងចក្រគ្រាប់ធញ្ញជាតិមួយនៅភាគខាងត្បូងប្រទេសប៉ូឡូញក្នុងខែវិច្ឆិកា ត្រូវបានបាញ់ដោយអ៊ុយក្រែន។
ការផ្ទុះកាំជ្រួចនៅក្នុងប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូ បានជំរុញឱ្យមានការភ័យខ្លាចថា សង្គ្រាមនៅអ៊ុយក្រែន អាចឈានទៅរកជម្លោះកាន់តែទូលំទូលាយដែលចងដោយធម្មនុញ្ញរបស់អង្គការប្រដាប់អាវុធណាតូដែលត្រូវការពារគ្នាទៅវិញ-ទៅមករបស់សម្ព័ន្ធមិត្ត ប៉ុន្តែនៅពេលនោះ ទីក្រុងវ៉ាសូវី និងណាតូបាននិយាយថា ពួកគេជឿថា វាជាការភ្លាត់របស់អ៊ុយក្រែននាំដល់ក្តីព្រួយបារម្ភ។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ប្រភពដែលដឹងអំពីការស៊ើបអង្កេតបានប្រាប់ Rzeczpospolita ថា ប្រទេសប៉ូឡូញ បានបង្កើតមីស៊ីលដែលបាញ់ធ្លាក់នៅក្នុងភូមិ Przewodow គឺជាមីស៊ីលការពារដែនអាកាស S 300 5-W-55 ដែលបាញ់ចេញពីទឹកដីអ៊ុយក្រែន។
កាសែតបានដកស្រង់ប្រភពមួយថា៖ «គ្រាប់រ៉ុក្កែតនេះអាចបាញ់រយៈចម្ងាយចន្លោះពី ៧៥ គីឡូម៉ែត្រទៅ ៩០ គីឡូម៉ែត្រ។ នៅពេលនោះ ទីតាំងរបស់រុស្ស៊ីស្ថិតនៅក្នុងកន្លែងដែលគ្មានមីស៊ីលរុស្ស៊ីអាចទៅដល់ Przewodow នោះទេ»។
ទោះបីជាបែបណា អ៊ុយក្រែនបានបដិសេធថា កាំជ្រួច ១ គ្រាប់របស់ខ្លួនមិនបានធ្លាក់ក្នុងប្រទេសប៉ូឡូញទេ។ សារព័ត៌មាន Rzeczpospolita បានរាយការណ៍ថា ភាគីអ៊ុយក្រែនមិនបានផ្តល់សម្ភារណាមួយសម្រាប់ការស៊ើបអង្កេតដល់ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសប៉ូឡូញទេ៕