ប្រមុខ​កងទ័ព​ឥណ្ឌា ​ដែលជា​ប្រទេស​លេខ​​១​​ ផ្អែកលើ​ចំនួន​ប្រជាជន​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ឥណ្ឌា​ បាន​ប្តេជ្ញា​រក្សា​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ឱ្យមាន​សេរី​ភាព និង​ប្រកបដោយ​ស្ថិរភាព ដែល​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​ទាំងអស់ ត្រូវបាន​គោរព ខណៈ​ការព្រួយបារម្ភ​ជា​សកល​អំពី​ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​ ក្នុង​តំបន់​កើនឡើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AP​។

​ឥណ្ឌា​ដែលជា​ប្រទេស​មហាអំណាច​លេខ​១​ លើ​ចំនួន​ប្រជាជន ជាប់​ចំណាត់​ថ្នាក់​ទី៤​ ផ្នែក​សេដ្ឋកិច្ច​សកល និង​ជា​ប្រទេស​ទើបបាន​បង្ហាញ​ការជំទាស់​ចំពោះ​ប្រទេស​ចិន​ ដែល​បានចេញ​ផែនទី​ស្តង់ដា​ថ្មី​មួយ​ ដែល​ក្រសោប​យក​ទឹកដី​ដែលមាន​ជម្លោះ​នៅ​តំបន់ភ្នំ​ហិមាល័យ​ជាមួយ​ប្រទេស​ឥណ្ឌា​។​

​ប្រមុខ​កងទ័ព​ឥណ្ឌា លោក ManojPande បាន​ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​ប្រធាន​កងទ័ព​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​រៀបចំ​ដោយ​ឥណ្ឌា និង​សហរដ្ឋអាមេរិក​ហើយ​ផ្តោតលើ​ការជំរុញ​ការទូត និង​កិច្ចសហប្រតិបត្តិការ​យោធា ក៏ដូចជា​ការលើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​ប្រមុខ​កងទ័ព និង​គណៈប្រតិភូ​មកពី​ប្រទេស​ចំនួន​ ៣០​ កំពុង​ចូលរួម​ជំនួប​រយៈពេល ​២ ​ថ្ងៃ​ដែល​បញ្ចប់​នៅ​ថ្ងៃ​ពុធ​។

​ទាំង​លោក​ Pande និង​ប្រមុខ​កងទ័ព​​អាមេរិក លោក Randy George មិនបាន​និយាយ​អំពី​ប្រទេស​ចិន ​ឱ្យចំៗ​នៅក្នុង​សុន្ទរកថា​របស់​ពួកគេ​ទេ​។​

​នៅពេល​សួរ​អំពី​ការពង្រីក​ឥទ្ធិពល​របស់​ប្រទេស​ចិន លោក George បាន​និយាយថា តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺជា​អាទិភាព​ដ៏​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក នេះ​ជា​មូលហេតុ​ដែលមាន​វត្តមាន​អាមេរិក​ ក្នុង​តំបន់ ហើយ​ឧស្សាហ៍​ធ្វើ​សមយុទ្ធ​យោធា​ជាង​ផ្នែក​ណាៗ​ទាំងអស់​នៅ​ប៉ាស៊ីហ្វិក​។

​ចំណែកឯលោក Pande បាន​និយាយថា ទស្សនវិស័យ​របស់​ប្រទេស​ឥណ្ឌា គឺ​ផ្តោតលើ​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ចៀសវាង​ការបង្ខិតបង្ខំ និង​ការ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ​។​

​លោក​បាន​បន្ថែមថា បន្ថែម​ពីលើ​បញ្ហា​ប្រឈម​ក្នុង​សន្តិសុខ​ដែនសមុទ្រ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ក៏​ប្រឈមមុខ​នឹង​បញ្ហា​សន្តិសុខ និង​បញ្ហា​មនុស្សធម៌​លើដី​គោក រួមទាំង​ជម្លោះ​ដែនដី និង​លើ​កោះ​សិប្ប​និមិត្ត ដែលមាន​មូលដ្ឋានទ័ព​។ ត្រង់ចំណុច​នេះ លោក​ចង់​សំដៅលើ​ការធ្វើ​យោធា​កម្ម​លើ​កោះ​ផ្សេងៗ​របស់​ប្រទេស​ចិន ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​ការទាមទារ​ទឹកដី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង បានធ្វើឱ្យ​ប្រទេសជិតខាង​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​នៅ​អាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ប្រ៊ុយណេ ក៏ដូចជា​ប្រទេស​ជប៉ុន មានការ​ព្រួយបារម្ភ​។​

​ទន្ទឹមនឹងនេះ​ទំនាក់ទំនង​រវាង​ទីក្រុង​ញូ​វ​ដេលី និង​ក្រុង​ប៉េកាំង​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆ្នាំ​ ២០២០ នៅពេលដែល​ទាហាន​ឥណ្ឌា និង​ចិន​បាន​ប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ចម្រូងចម្រាស​របស់​ភាគី​ទាំង​ ២ ​នៅ​តំបន់ភ្នំ​ហិមាល័យ (Himalayan Ladakh) ​ដែល​បណ្តាលឱ្យ​ទាហាន​ឥណ្ឌា ២០ ​នាក់ និង​ចិន​ ៤ នាក់ បាន​ស្លាប់​៕