
លោក Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ ថ្លែងនាពេលកន្លងទៅ។ រូបថត AFP
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានអះអាងពី វឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងបច្ចេកវិទ្យាថាមពលស្អាត ដូចជាបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ និងរថយន្តអគ្គិសនីជាដើមបានបង្ហាញថា ពិភពលោកនេះនៅតែមានឱកាសរក្សាកម្ដៅផែនដីឱ្យស្ថិតនៅក្រោម ១,៥ អង្សាសេ។
ប៉ុន្តែ IEA ក៏បានបញ្ជាក់ថាពិភពលោកនេះនឹងត្រូវការការវិនិយោគចំនួន ៤,៥ ពាន់ពាន់លានដុល្លារអាមេរិកក្នុង ១ ឆ្នាំ ដើម្បីអាចផ្លាស់ប្តូរពិភពលោកមួយនេះ ទៅរកការប្រើប្រាស់ថាមពលស្អាតជាងមុន គិតចាប់ពីដើមទសវត្សរ៍ក្រោយទៅ។
តួលេខនេះខ្ពស់ជាងចំនួននៃការចំណាយដែលបានរំពឹងទុកនៅដើមឆ្នាំ ២០២៣ ដែលកាលនោះមានត្រឹមតែ ១,៨ ពាន់ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
នៅឆ្នាំនេះ សីតុណ្ហភាពបានឡើងដល់កម្រិតខ្ពស់បំផុត ដោយជាមធ្យមពិភពលោកមានកម្ដៅខ្ពស់ជាង ១,១ អង្សាសេ បើធៀបទៅនឹងកម្រិតសីតុណ្ហភាពជាមធ្យមនៅមុនសម័យបដិវត្តន៍ឧស្សាហកម្ម។
ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុនៅទីក្រុងប៉ារីសឆ្នាំ ២០១៥ របស់អង្គការសហប្រជាជាតិ ធ្លាប់បានប្ដេជ្ញារក្សាការកើនឡើងសីតុណ្ហភាពពិភពលោកឱ្យនៅក្រោម ២ អង្សាសេ។
បច្ចុប្បន្ននេះ ប្រទេសទាំងអស់បាននិងកំពុងខិតខំប្រឹងប្រែងកំណត់មិនឱ្យលើសពី ១,៥ អង្សា ដើម្បីបញ្ចៀសផលវិបាកធ្ងន់ធ្ងរដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ និងហានិភ័យបង្កឱ្យមានភ្លើងឆេះព្រៃជាដើម។
ទីភ្នាក់ងារថាមពលអន្តរជាតិបានធ្វើបច្ចុប្បន្នភាពទៅលើផែនការសូន្យកាបូន (Net Zero Roadmap) របស់ខ្លួន និងបានបង្ហាញថា កំណើននៃថាមពលពន្លឺព្រះអាទិត្យ និងការលក់រថយន្តអគ្គិសនីចាប់តាំងពីឆ្នាំ ២០២១ រួមជាមួយនឹងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធផ្សេងៗ បានដើរស្របតាមគោលដៅដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលនៅត្រឹមពាក់កណ្តាលសតវត្សរ៍ទៀត។
ទីភ្នាក់ងារថាមពលអន្តរជាតិបានសង្កត់ធ្ងន់ថា៖ «យើងត្រូវតែប្រឹងប្រែងបន្ថែមទៀត ពោលគឺត្រូវបង្កើនថាមពលកកើតឡើងវិញជាសកលឱ្យបាន ៣ ដង បង្កើនហេដ្ឋារចនាសម្ព័ន្ធថាមពលដែលមានប្រសិទ្ធភាពទ្វេដង និងបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីនៅឆ្នាំ ២០៣០។
IEA ក៏បានអំពាវនាវឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នមេតានក្នុងវិស័យថាមពលចំនួន ៧៥% នៅត្រឹមឆ្នាំ ២០៣០ ដែលនឹងត្រូវចំណាយថវិកាចំនួនប្រមាណជា ៧៥ ពាន់លានដុល្លារអាមេរិក៕