ធនាគារកណ្តាល​របស់​ប្រទេស​ចិន​ បាន​លើកឡើងកាលពី​ថ្ងៃទី២៧ ខែកញ្ញា​ឆ្នាំ២០២៣ ថា ​ខ្លួន​នឹង​កែសម្រួល​គោលនយោបាយ​មួយចំនួន និង​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ជាង​មុន​ដើម្បី​ជួយ​ពង្រឹង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​ឱ្យ​ងើប​ឡើងវិញ ខណៈដែល​ពេលនេះ ស្ថានភាព​សេដ្ឋកិច្ច​ចិន​ហាក់ដូច​ជាមាន​ភាពប្រសើ​រ​ឡើង​ជាង​មុន។

ធនាគារកណ្ដាល​ចិន​ បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​ប្រចាំត្រីមាស​នៃ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន​ថា«ធនាគារ​ប្រជាជន​ចិន (PBOC) នឹងធ្វើ​យ៉ាងណា ធានាថា​ប្រទេស​ចិន​មាន​ថវិកា​គ្រប់គ្រាន់​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​បន្ត​ការផ្ដល់​ប្រាក់កម្ចី​បន្ថែមទៀត»។

ធនាគារ​ដដែល​បាន​រំលេច​ថា «ស្ថានភាព​សេដ្ឋកិច្ច​នៅ​ខាង​ក្រៅប្រទេស​បច្ចុប្បន្ន​កាន់​តែមាន​ភាពស្មុគស្មាញ​និង​ធ្ងន់ធ្ងរ​ជាមុន ដូចជា​បញ្ហា​ពាណិជ្ជកម្ម​និង​ការវិនិយោគ​អន្តរជាតិ​កំពុង​ធ្លាក់ចុះ​អតិផរណា​នៅតែ​កើនឡើង​ខ្ពស់​ហើយ​អត្រា​ការប្រាក់​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ក៏​នៅតែ​ខ្ពស់​ដូចគ្នា»។

ធនាគារ​បាន​បន្ថែមថា «សេដ្ឋកិច្ច​ក្នុងស្រុក​កំពុង​បន្ត​ងើបឡើង​វិញ​និង​ប្រសើរឡើង​បន្តិចម្ដងៗ ជាមួយ នឹង​សន្ទុះ​កើនឡើង​គួរឱ្យកត់សម្គាល់​ប៉ុន្តែ​វា​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន ដូចជា​តម្រូវការ​នៅ​មិនទាន់មាន​ការកើនឡើង​គ្រប់គ្រាន់​នៅឡើយ​ជាដើម»។

ធនាគារកណ្ដាល​បាន​ប្ដេជ្ញា​ថា «យើង​ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​និង​ទាញយក​អត្ថប្រយោជន៍​ពីស​ម្ទុះ​សេដ្ឋកិច្ច​ ដែល​កំពុងមាន​ភាពប្រសើ​រ​ឡើង ព្រមទាំង​ត្រូវ​បង្កើន​ការកែសម្រួល​គោលនយោបាយ​ក្នុង​ក្របខ័ណ្ឌ​ម៉ាក្រូ​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ប្រកបដោយ​ការប្រុងប្រយ័ត្ន ច្បាស់លាស់ និង​ដោយ​ចាប់បង្ខំ»។

ការអត្ថាធិប្បាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុងក្រោយ​របស់​ធនាគារកណ្តាល​ចិន​នេះ គឺ​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​ពួកគេ​បានលើកឡើង​កាលពី​ពេលមុន​ប៉ុន្តែ​លើក​នេះ ពួកគេ​ហាក់ដូច​ជាមាន​សុទិដ្ឋិនិយម​ជាង​មុន​បន្តិច​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​របស់​ចិន​ទាំងមូល។កាលពី​ខែមេសា កន្លងទៅ​ធនាគារកណ្ដាល​ចិន​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន​ហាក់​មិនទាន់មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​នៅឡើយ។

សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​ធំ​ទី​ពីរ​នៅលើ​ពិភពលោក​ហាក់​កំពុង​ចាប់ផ្តើម​មាន​ស្ថិរភាព​ឡើងវិញ​បន្ទាប់ពី​មានការ​កែសម្រួល​គោលនយោបាយតូចៗមួយចំនួន។យ៉ាងណាក៏ដោយ​បញ្ហា​ប្រឈម​នៅតែមាន ដូចជា​ការធ្លាក់ចុះ​នៃ​ទីផ្សារ​អចលនទ្រព្យ​ប្រជាជន​វ័យ​ចំណាស់​កាន់តែ​កើនឡើង​និង​ភាព​តានតឹង​ផ្នែក​នយោបាយ​ពិភពលោក។

ធនាគារកណ្តាល​ចិន​នឹងធ្វើ​ការណែនាំ​ទៅកាន់​ធនាគារ​នៅក្នុង​ស្រុក​ទាំងអស់ ឱ្យ​កាត់បន្ថយ​អត្រា​ការប្រាក់​កម្ចី​របស់​ក្រុមហ៊ុន​និង​កម្ចី​ជា​លក្ខណៈ​បុគ្គល។ ប្រទេស​ចិន ​នឹង​បង្កើន​ការវិនិយោគ​របស់​រដ្ឋា​ភិ​បាល​ និង​ការបង្កើត​គោលនយោបាយ​លើកទឹកចិត្ត​ឱ្យបាន​ច្រើន ដើម្បី​ជំរុញ​ការវិនិយោគ​ឯកជន ​និង​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ទាំងមូល នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​ដដែល​ខាងលើ។

ធនាគារកណ្ដាល​ចិន ក៏បាន​បញ្ជាក់​សារជាថ្មី​នូវ​ជំហរ​របស់ខ្លួន ​ក្នុងការ​រក្សា​ស្ថិរភាព​ប្រាក់​យ័ន (Yuan) និង​ព្យាយាម​ការពារ​ហានិភ័យ​នៃ​អតិផរណា​នៃ​តម្លៃ​រូបិយប័ណ្ណ​ចិន។ បន្ថែម​លើ​នេះ ធនាគារកណ្តាល​ក៏បាន​សន្យា​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចរី​ភាព និង​ស្ថិរភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​កាត់បន្ថយ​អត្រា​ការប្រាក់​និង​អត្រា​កម្ចី​ទិញ​ផ្ទះ​ សម្រាប់​អ្នកទិញ​ផ្ទះមួយ​ចំនួន។

ធនាគារកណ្តាល​ចិន​ ក៏​នឹង​បង្កើន​ការគាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ​សម្រាប់​ទាំង​ការប្រើប្រាស់​ធម្មតា ​និង​នៅ​គ្រាអាសន្ន​នៅក្នុង​ទីក្រុងធំៗ ក៏ដូចជា​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ភូមិ​ឬ​តំបន់​មិនទាន់មាន​ការអភិវឌ្ឍ​ និង​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ។ យោងតាម​គណៈរដ្ឋមន្ត្រី​ចិន គោលការណ៍​ណែនាំ​ទាំងអស់នេះ នឹង​ជួយ​ជំរុញ​ការវិនិយោគ​នៅក្នុង​វិស័យនេះ ហើយ​វា​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ចិន​ទាំងមូល៕