បើទោះបីជា​ប្រទេស​មី​យ៉ាន់​ម៉ា​ កំពុងស្ថិត​ក្នុងស្ថានភាព​នយោបាយ​មិន​ស្ថិតស្ថេរ​ក៏ដោយ​ប៉ុន្តែ​ខ្សែសង្វាក់​ផលិតកម្ម​នៅក្នុង​រោងចក្រ​កាត់ដេរ​នៅ​ទីក្រុង យ៉ាង​ហ្គូ​ន​មួយចំនួន​កំពុងតែ​កើនឡើង​ជា​លំដាប់។

ទន្ទឹមនឹង​ការកើនឡើង​ការបញ្ជាទិញ​សម្លៀកបំពាក់ ផ្ទុយទៅវិញ កម្មករ​រោងចក្រ​កាត់ដេរ​នៅតែ​ទទួលបាន​ប្រាក់កម្រៃ​ទាប។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​The Straitstimes។

យ៉ាងណាមិញ ដោយសារ​តម្រូវការ​នៃ​ទីផ្សារ​បែបនេះ អ្នកស្រី Myat ដែលជា​កម្មករ​ធ្វើការ​ក្នុង​រោង ចក្រ​កាត់ដេរ​មួយកន្លែង​បាន​ត្អូញត្អែរថា ខ្លួន​ធ្វើការ​ចាប់ពី​ម៉ោង៧ព្រឹក រហូតដល់​ម៉ោង ៦ល្ងាច ក្នុង​រយៈពេល ៦ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

អ្នកស្រី​បាន​បន្តថា ខ្លួន​ទទួលបាន​ប្រាក់​បន្ថែម​ម៉ោង ត្រឹមតែ២ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ខណៈដែល​ថ្លៃឈ្នួល​សម្រាប់​ការងារ​លើស​ម៉ោង​ផ្សេងទៀត​គឺ​អាស្រ័យ​លើ​កម្រៃជើងសារ​សម្រាប់​ស​ម្លៀ​ក​បំពាក​និមួយៗដែល​បានបញ្ចប់​រួចរាល់។

ស្ត្រី​ម្នាក់ទៀត (សុំ​មិន​បញ្ចេញ​ឈ្មោះ) ដែល​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​ដែរនោះ ក៏បាន​ត្អូញត្អែរ​ផងដែរ​ថា៖ «ពួកគេ​ដាក់​ចំនួន​សម្លៀកបំពាក់​ឱ្យ​យើង​សម្រេចបាន​ក្នុងមួយថ្ងៃៗ ប៉ុន្តែ​សូម្បីតែ​យើង​សម្រេចបាន​តាម​ការទាមទា​រ​របស់គេ​ហើយ ក៏​គេ​នៅតែ​សុំឱ្យ​យើង​ធ្វើការ​បន្ថែមទៀត​ដែរ»។

អ្នកស្រី​បន្តថា៖ «អ្នកគ្រប់គ្រង​របស់​យើង​បាន​ប្រាប់​ពួកយើង​ថា រោងចក្រ​មិនមាន​លទ្ធភាព​ឱ្យប្រាក់ ឈ្នួល​សម្រាប់​ថែម​ម៉ោង​នោះទេ ប៉ុន្តែ​កម្មករ​ត្រូវតែ​បន្តធ្វើ​ការ​ព្រោះ​មានការ​កម្មង់​ទិញ​ច្រើន»។

បូក​ផ្សុំ​ទៅនឹង​បញ្ហា​អស្ថេរភាព​នយោបាយ​ដ៏រ៉ាំរ៉ៃ​ ដែល​រាប់​ចាប់តាំងពី​ឆ្នាំ ២០២១ មក​ផង សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​បាន​ជួបប្រទះ​បញ្ហា​អតិផរណា ដែល​រូបិយប័ណ្ណ​ក្នុងស្រុក​បាន​ធ្លាក់ចុះ​ជា​គំហុក។ ប្រាក់ខែ កម្មករ​រោងចក្រ ដែល​ពីមុន​បានជា​មធ្យម ២៨០,០០០ kyat (ប្រមាណ​ជាង​ ១០០ ១៨០ ដុល្លារ​) ពេលនេះ​ បាន​ថយចុះ​កាន់តែខ្លាំង​ថែមទៀត។

ស្ត្រី​ជា​កម្មករ​រោងចក្រ​ដដែល​បានឱ្យដឹង​ទៀតថា មុន​រដ្ឋប្រហារ​រកចំណូលបាន​ត្រឹមតែ ២៤០,០០០ kyat ក៏​អ្នកស្រី​នៅ​អាច​សន្សំ​បានដែរ ប៉ុន្តែ​ឥឡូវនេះ ​អ្នកស្រី​មិនអាច​សូម្បីតែ​ផ្គត់ផ្គង់​ការ រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​ផង។

ប៉ុន្តែ​យ៉ាងណា អ្នកស្រី​ក៏ត្រូវ​តែ​បន្តធ្វើ​ការងារ​ក្នុង​រោងចក្រ​ដោយ​គ្មាន​ជម្រើស ព្រោះ​ក្រៅពី​ការងារ​នេះ ក៏​មិនមាន​ការងារ​ផ្សេង​ធ្វើ​ច្រើន​ដែរ ហើយ​ដែល​មូលហេតុ​នោះ​គឺ​ក្រុមហ៊ុន​អន្តរជាតិ និង​អង្គការ​នានា បាន​ដក​ទីតាំង​របស់ខ្លួន​ចេញ​ជា​បន្តបន្ទាប់ ក្រោយពី​វិបត្តិ​នយោបាយ​នៅ​ខែកុម្ភៈ ឆ្នាំ២០២១មក​នោះ។

ការណ៍​នេះ​បាន​រុញឱ្យ​ធនាគារពិភពលោក​ប៉ាន់​ស្មានថា សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​មាន​កំណើន​ត្រឹមតែ៣%ប៉ុណ្ណោះ គិត​ត្រឹម​ចុងខែ​កញ្ញា​នេះ។

វិស័យ​កាត់ដេរ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​បានផ្ដល់​ការងារ​ដល់ក​ម្មករ​ប្រហែល ៧០ ម៉ឺន​​នាក់ ​នៅមុន​ពេល​ជំងឺ​រាតត្បាត​កូ​វីដ។ យោងតាម​ធនាគារពិភពលោក ការនាំចេញ​ផលិតផល​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​រាប់បញ្ចូល​ទាំង​សម្លៀកបំពាក់​ដែរនោះ បាន​ធ្លាក់ចុះ ១១% ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣នេះ៕