ទីភ្នាក់ងារ​សន្តិសុខជាតិ​សហរដ្ឋ​អាមេរិក​ ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI)​ និង​ប៉ូលីស​ជប៉ុន​ ​បាន​ព្រមាន​រួម​គ្នា​ពី​​ក្រុម​ហែកឃឺរ​ (Hacker) ឈ្មោះ BlackTech ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ ​​នៅ​ក្នុង​ការ​ផ្តល់​ប្រឹក្សា​សន្តិសុខ​តាម​អ៊ិនធឺណិត​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងា​រ​សារព័ត៌មាន​រ៉យទ័រ​។

​ការ​ប្រឹក្សា​រួម​ដែល​បាន​មក​ពី​ទីភ្នាក់ងារ​សន្តិសុខ​អ៊ិនធឺណិត​ និង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​របស់​​សហរដ្ឋ​អាមេរិក (CISA)​ និង​សមភាគី​ជប៉ុន​ដែរ​នោះ​ ​បាន​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​នានា​ពិនិត្យ​មើលឧបករណ៍​​ផ្ដល់​អ៊ិនធឺណិត​ (Router)​​ នៅ​តាម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ ​​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វាយ​ប្រហារ​ដែល​អាច​កើត​មាន​​ឡើង​ពី​ក្រុម​ BlackTech។

​សេចក្តី​ថ្លែងការណ៍​​​ស្ដី​ពី​ការ​ប្រឹក្សា​​បា​ន​និយាយ​ថា​​​ ​ក្រុម​ BlackTech បា​ន​បង្ហាញ​ពី​សមត្ថភាព​ក្នុង​ការ​កែ​ប្រែ​កម្មវិធី​បង្កប់​រ៉ោតទ័រ​ដោយ​មិន​ឱ្យ​គេ​ចាប់​បាន​ដើម្បី​បង្វែរវា​​ពី​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​អន្តរជាតិផ្សេង​ៗ​​ទៅ​​​ទីស្នាក់ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​ទាំង​នោះ​​នៅ​​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក ​ដែល​ជា​គោលដៅ​ចម្បង​​។

​ចំណែក​ឯ​ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​របស់​ប្រទេស​ជប៉ុន​ បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​ថា​ BlackTech បាន​ចូល​រួម​​ក្នុង​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​ លើ​រដ្ឋាភិបាលផ្សេង​ៗ​​​ និង​ក្រុម​ហ៊ុន​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​អាស៊ី​បូព៌ា​ចាប់​តាំង​ពី​​​ឆ្នាំ​ ២០១០​​មក​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​ឃើញ​ចិន​ជា​រឿយ​ៗបាន​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហែកឃឺរ​ ដែល​ធ្វើ​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺរណិត​លើ​រដ្ឋាភិបាល​បរទេស​។ ជុំ​វិញ​​ព័ត៌មាន​ចុង​ក្រោយ​នេះ​ ចិន​មិន​ទាន់​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ​។

​គួរ​រំឭក​ថា​ ក្នុង​ឆ្នាំ​២០២០​ អាជ្ញាធរ​សន្តិសុខ​របស់​តៃវ៉ាន់​ ​​បាន​រាយការណ៍​ពី​ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​លើ​គណនី​អ៊ីមែល​របស់​មន្ត្រី​រដ្ឋាភិបាល​ប្រហែល​ ៦ ០០០ គណនី​​​ពី​ក្រុម​ហែកឃឺរ​ ​Blacktech ​និង​ក្រុម ​Taidoor ​។ កាល​នោះ​ អាជ្ញាធរ​សន្តិសុខ​​​តៃវ៉ាន់​​បាន​និយាយ​ថា​ ​ក្រុម​ទាំង​២​ទំនង​ជា​ទទួល​បាន​ការ​គាំទ្រ​ពី​​​បក្ស​កុម្មុយនិស្ត​ចិន​។​

គួរ​កត់​សម្គាល់​ថា​ ចំ​ពេល​មាន​ភាព​តាន​តឹងរ​វាង​សហរដ្ឋ​អាមេរិក​ និង​ចិន​កាន់​តែ​ខ្លាំង​ឡើង​ៗ​លើ​បញ្ហា​រួម​ទាំង​កោះ​តៃវ៉ាន់​ មន្ត្រី​សន្តិសុខ​អាមេរិក​កំពុង​បង្កើន​ការ​ព្រមាន​​ពី​សមត្ថភាព​វាយ​ប្រហារ​តាម​អ៊ិនធឺណិត​របស់​ចិន​៕