ក្រុមអាជ្ញាធរ​អ៊ូសបេគីស្ថាន​ បានប្រាប់ឱ្យដឹង​ថា កាលពីថ្ងៃ​ព្រហស្បតិ៍ មនុស្សម្នាក់​បានស្លាប់ និង ១៦២ នាក់​ទៀត​រងរបួស​ដោយសារ​ការផ្ទុះ​ដ៏ខ្លាំងក្លាមួយ​នៅឯឃ្លាំងមួយ​កន្លែង​ជិត​អាកាសយានដ្ឋាន​តាសខេន (Tashkent)។ ការផ្ទុះ​ដ៏សាហាវមួយ​នេះ​បានបង្ក​ឱ្យមាន​ភ្លើង​ឆាបឆេះ​យ៉ាងសន្ធោសន្ធៅ និង​បានធ្វើ​ឱ្យបែក​កញ្ចក់​បង្អួច​អគារ​ផ្ទះល្វែង​ដែលស្ថិតនៅ​ក្បែរនោះ​ទាំងអស់។

ក្រសួងសុខាភិបាលអ៊ូសបេគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងប្រុស​វ័យ​ជំទង់ម្នាក់​បានស្លាប់​បន្ទាប់ពី​ស៊ុម​បង្អួច​ដ៏ធំ​បានបាក់​ធ្លាក់​សង្កត់​ទៅលើ​គាត់ ហើយមនុស្ស​ចំនួន ២៤ នាក់​ត្រូវបានបញ្ជូន​ទៅមន្ទីរ​ពេទ្យ​ភ្លាមៗ។

យ៉ាងណាមិញ ស្ថានភាព​របស់ពួកគេ​ទាំង ២៤ នាក់​មិនមាន​ការគំរាមកំហែង​ដល់អាយុ​ជីវិត​នោះទេ ខណៈ​ដែល ១៣៨ នាក់​ផ្សេងទៀត​បានរង​របួស​ស្រាល។

យោងតាម​រដ្ឋាភិបាល​អ៊ូសបេគីស្ថាន បានបញ្ជាក់​ថា ជើងហោះហើរ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ដែលស្ថិតនៅ​ក្បែរ​តំបន់ផ្ទុះ​នេះ បានដំណើរការ​ជាធម្មតា ពោល​គឺមិនមាន​ការផ្អាក​ជើងហោះហើរ​ដោយសារ​ការផ្ទុះ​នេះទេ។

យោងតាម​វីដេអូ​ដែលថត​បានដោយ​កាមេរ៉ា​សុវត្ថិភាព និងរូបថត​ជាច្រើន​ដែលបានបង្ហោះ​នៅលើ​បណ្តាញ​សង្គម បានឱ្យដឹង​ថា អំឡុងពេល​ផ្ទុះ​ភ្លាមៗ អណ្តាត​ភ្លើង​បានឆាបឆេះ​យ៉ាងសន្ធោសន្ធៅ​ពាសពេញ​ផ្ទៃមេឃ​នាពេល​យប់ស្ងាត់ និងមាន​ផ្សែង​យ៉ាងខ្មួលខ្មាញ់​ភាយចេញ​ទៅខាងលើ​ដំបូល​ឃ្លាំងនោះ។ ប៉ុន្តែ​រហូតមក​ទល់ពេល​នេះ គេនៅមិន​ទាន់​អាចស្វែងរក​មូលហេតុ​នៃការផ្ទុះ​នេះឃើញ​នៅឡើយទេ។

ក្រសួង​សង្គ្រោះ​បន្ទាន់​របស់​អ៊ូសបេគីស្ថាន​បានលើកឡើង​ថា ក្រសួង​បានបង្កើត​មន្ទីរ​ពិសោធន៍​ពិសេសមួយ​ដើម្បី​ធ្វើ​ការលើ​រឿង​នេះ ប្រចាំ​នៅនឹងកន្លែង​កើតហេតុ​តែម្ដង ដើម្បី​ងាយស្រួល​ក្នុងការស៊ើបអង្កេត។ ក្រសួង​បានបន្ថែម​ថា បន្ទាប់ពី​មានការចេញ​ប្រតិបត្តិការ​ឆ្លើយតប​យ៉ាងរហ័ស​របស់​ក្រុមការងារ​ជំនាញ​ក្រសួង តំបន់​ភ្លើងឆេះ​ខ្លាំង​ក៏បាន​ចាប់ផ្ដើម​រលត់​បន្តិចម្ដងៗ។

ក្រសួង​បានបញ្ជាក់​ថា៖«ឥឡូវនេះ ស្ថានភាព​កំពុង​ស្ថិតនៅ​ក្រោមការគ្រប់គ្រង​បាន​ទាំងស្រុង​ហើយ»។ យោងតាម​សារព័ត៌មាន​ក្នុងស្រុកមួយ​ឈ្មោះ​ថា ដាយ៉ូ (Daryo) បានរាយការណ៍​ថា ក្រុម​ពន្លត់​អគ្គិភ័យ និងអ្នក​សង្គ្រោះ​បន្ទាន់ចំនួន ១៦ នាក់​ត្រូវបាន​បញ្ជូន​ទៅពន្លត់ភ្លើង​នៅតំបន់​កើតហេតុ ដែលវា​ជាឃ្លាំង​មួយ​កន្លែងស្ថិត​នៅក្នុង​សង្កាត់​ស៊ែហ្គេលី (Sergeli) ក្បែរ​ព្រលាន​យន្តហោះ៕