សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២៨ ខែកញ្ញា បានប្រកាស​ពី​ការផ្តល់ប្រាក់​រង្វាន់​ចំនួន ៥ លាន​ដុល្លារ សម្រាប់​ប្ដូរ​យក​ព័ត៌មាន​នៅ​ពីក្រោយ​ការសម្លាប់​បេក្ខជន​ប្រធានាធិបតី​អេ​ក្វា​ឌ័​រ គឺ​លោក Fernando Villavicencio​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក លោក អាន់​តូ​នី ប្លី​ង​គិ​ន​។

​លោក Villavicencio ដែលជា​អតីត​សមាជិកសភា និង​ជា​អ្នកប្រឆាំង​អំពើពុករលួយ​ដ៏​សកម្ម​នោះ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ទីក្រុង Quito កាលពី​ថ្ងៃទី ៩ ខែសីហា គឺ​ពីរ​សប្តាហ៍​មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​អេ​ក្វា​ឌ័​រ​។ ក្រោយ​ហេតុការណ៍​នេះ​ប៉ូលិស​អេ​ក្វា​ឌ័​របា​ន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៦ នាក់ ​ដែលជា​ជនជាតិ​កូ​ឡុំ​ប៊ី និង​ដែលជា​សមាជិក​ក្រុម​ឧក្រិដ្ឋជន​។

​ដោយឡែក បន្ថែម​ពីលើ​រង្វាន់ ៥ លាន​ដុល្លារ លោក ប្លី​ង​គិ​ន ក៏បាន​ប្រកាស​ផ្តល់រ​ង្វាន់ ១ លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ព័ត៌មាន​នានា​ដែល​អាច​ទាញ​ទៅដល់​ការកំណត់​អត្តសញ្ញាណ ឬ​ទីតាំង​របស់​បុគ្គល​ណាមួយ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់លោក Villavicencio​។

​ជាមួយនឹង​ការចេញ​ជា​សកម្មភាព​យ៉ាង​ដូច្នេះ លោក ប្លី​ង​គិ​ន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​ប្រជាជន​អេ​ក្វា​ឌ័​រ និង​ធ្វើការ​ដើម្បី​នាំ​មករក​យុត្តិធម៌​ដល់​បុគ្គល​ដែល​ព្យាយាម​ធ្វើឱ្យ​ខូច​ដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈ​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​»​។

​គួរ​បញ្ជាក់ថា អេ​ក្វា​ឌ័​រ និង​សហរដ្ឋអាមេរិក បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ដោយ​ផ្អែកលើ​ផលប្រយោជន៍​ទៅវិញទៅមក​ក្នុងការ​ថែរក្សា​របប​លទ្ធិប្រជាធិបតេយ្យ​។ កន្លងមក ប្រទេស​ទាំងពីរ​នេះ សហការគ្នា​ក្នុង​ការធ្វើសកម្មភាព​ប្រយុទ្ធប្រឆាំង​សារធាតុ​ញៀន​ដូចជា​កញ្ឆា និង​កូកាអ៊ីន ការកសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម ការវិនិយោគ និង​ហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​អេ​ក្វា​ឌ័​រ និង​ចូលរួម​ក្នុង​អង្គការ​អន្តរ​អាមេរិក​ជាដើម​។

​គួររំឭកថា បេក្ខភាព​ប្រធានាធិបតី​អេ​ក្វា​ឌ័​រ​ដ៏​មាន​ប្រជាប្រិយភាព គឺ​លោក Villavicencio ត្រូវបាន​បាញ់សម្លាប់​នៅពេលដែល​លោក​ចាក​ចេញពី​ការជួបជុំ​មួយ​ក្នុង​រដ្ឋធានី Quito។

​លោក Fernando Villavicencio បេក្ខភាព​ប្រធានាធិបតី​ដែលមាន​អាយុ ៥៩ ឆ្នាំ ជា​អ្នកប្រឆាំង​អំពើពុករលួយ​ដ៏​សកម្ម​។

​យ៉ាងណាមិញ លោក​ក៏​ធ្លាប់បាន​លើកឡើង​ផងដែរ ពី​ការទទួលបាន​ការគំរាមកំហែង​ដល់​អាយុជីវិត​ក្នុងអំឡុង​ពេលដែល​លោក​កំពុង​រៀបចំ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅក្នុង​ទីក្រុង Quito កាលពីពេល​កន្លងទៅ​៕