កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​និយាយថា ​ប្រទេស​ចិន​ កំពុង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក តាមរយៈ​ការបិទបាំង​ព័ត៌មាន ការប្រមូល​ទិន្នន័យ និង​ការទិញ​ភាគហ៊ុន​នៃ​បណ្តាញ​ព័ត៌មាន​បរទេស​ដោ​យស​ម្ងា​ត់​។ អាមេរិក​ព្រមាន​ថា​និន្នាការ​នេះ​អាច​នាំឱ្យមាន​ការធ្លាក់ចុះ​ខ្លាំង នៃ​សេរីភាព​ការបញ្ចេញមតិ​សកល​។

​នៅក្នុង​របាយការណ៍​មួយ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​និយាយថា ទីក្រុង​ប៉េកាំង​បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រៀបចំ​ព័ត៌មាន តាមរយៈ​ការទទួលបាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​តាម​មធ្យោបាយ​បើកចំហ និង​បិទបាំង​ជាច្រើន បូក​រួមទាំង​ការឧបត្ថម្ភ​ទៅដល់​អ្នកបង្កើត​មាតិកា​លើ​អ៊ីនធឺណិត (influencers) ដោយ​ភ្ជាប់​ជាមួយ​កិច្ចព្រមព្រៀង​ដើម្បី​ធានាថា​ខ្លឹមសារ​ការផ្សព្វផ្សាយ​គឺ​ដើម្បី​លើក​រដ្ឋាភិបាល​ចិន​។ ​ទោះយ៉ាងណា​មកទល់ពេលនេះ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​មិនទាន់បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ​។

​គួររំឭកថា កាលពី​ខែកក្កដា ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​ណា​តូ​ដោយ​ចោទប្រកាន់ថា ខ្លួន​មាន​គោលនយោបាយ​បង្ខិតបង្ខំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ចិន​បាន​និយាយថា​សេចក្តីថ្លែងការណ៍​នោះ​មិនមាន​មូលដ្ឋាន តែមាន​ចេតនា​បង្ខូចកេរ្តិ៍​ឈ្មោះ​ចិន និង​បំភ្លៃ​គោលនយោបាយ​របស់ខ្លួន​។​

​ដោយ​លើកឡើង​ពី​របាយការណ៍​សាធារណៈ និង​ព័ត៌មាន​រដ្ឋាភិបាល​ដែល​ទើប​ទទួលបាន​ថ្មី មជ្ឈមណ្ឌល​ទំនាក់ទំនង​សកល​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​និយាយថា ទីក្រុង​ប៉េកាំង​ បាន​បង្កើត​ប្រព័ន្ធ​អេកូ​ព័ត៌មាន​ផ្ទាល់ខ្លួន ដោយ​សហការ​ជ្រើសរើស​យកតែ​ឥស្សរជន​នយោបាយ​បរទេស និង​អ្នកសារព័ត៌មាន​បរទេស​។

​មជ្ឈមណ្ឌល​ដដែល​នេះ​បាន​បន្ថែមថា ចិន​ក៏បាន​វិនិយោគ​លើ​បណ្តាញ​ផ្កាយរណប និង​សេវាកម្ម​ទូរទស្សន៍​ឌីជីថល​នៅក្នុង​តំបន់​កំពុងអភិវឌ្ឍន៍​មួយ ដែល​ផ្តល់​អាទិភាព​ដល់​ខ្លឹមសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ដោយ​រដ្ឋ​របស់​ចិន​។​

​លើសពីនេះ​ការប្រមូល​ទិន្នន័យ​របស់​ចិន​នៅក្រៅ​ប្រទេស បានអនុញ្ញាត​ឱ្យ​ទីក្រុង​ប៉េកាំង​កែសម្រួល ត្រួតពិនិត្យ​ជាស​កល​ដោយ​អាច​កំណត់​បុគ្គល​ណា​ម្នាក់ និង​អង្គការ​ណាមួយ​យ៉ាង​ជាក់លាក់​។

​របាយការណ៍​នោះ​បញ្ជាក់ទៀតថា​៖ «​បើ​មិនបាន​ពិនិត្យ​ដិតដល់​ទេ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ក្រុង​ប៉េកាំង​អាច​នាំឱ្យមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង សេរីភាព​នៃ​ការបញ្ចេញមតិ​ជាស​កល​»៕​