អ្នកដំណើរចំនួន ១៧៧ ​នាក់រួមទាំងជនចំណាកស្រុកត្រូវបានជួយសង្គ្រោះពីសាឡាងធំមួយ ដែលធ្វើដំណើរពីកោះ Lampedusa របស់អ៊ីតាលីទៅកាន់ទីក្រុង Sicily កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីអគ្គីភ័យផ្ទុះឡើងនៅលើសាឡាង។

បើតាមសេចក្តីថ្លែងការណ៍របស់ឆ្មាំឆ្នេរសមុទ្របានឱ្យដឹងថាអ្នកដំណើរនៅលើសាឡាងដែលបានឆេះនេះ មានជនចំណាកស្រុកចំនួន៨៣នាក់ដែលបានចាកចេញពីទីក្រុងLampedusa។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើកម្មវិធី X មន្ត្រីអ៊ីតាលីក៏បានឱ្យដឹងដែរថាក្នុងអំឡុងពេលជួយសង្គ្រោះពួកគេបានប្រើយន្តហោះទឹកដើម្បីធ្វើឱ្យត្រជាក់ផ្នែកខ្លះនៃសាឡាងដែលរងផលប៉ះពាល់ដោយភ្លើង។អគ្គិភ័យនេះទៀតសោតត្រូវបានគេរាយការណ៍ថាបានឆាបឆេះចេញពីបន្ទប់ដាក់ម៉ាស៊ីនតាំងតែពីយប់ថ្ងៃសុក្រមកម្ល៉េះ។

យ៉ាងណាមកទល់ពេលនេះអ្នកដំណើរទាំង១៧៧នាក់មានសុវត្ថិភាពហើយត្រូវបានផ្ទេរទៅកាន់កប៉ាល់ឆ្មាំសមុទ្រនិងកំពុងធ្វើដំណើរទៅកាន់ Porto Empedocleលើកលែងតែបីនាក់ដែលកំពុងត្រឡប់ទៅLampedusaវិញ។

ប្រទេសអ៊ីតាលីជាពិសេសកោះLampedusaកំពុងប្រឈមខ្លាំងឡើងៗនៃការកើនឡើង ជនចំណាកស្រុកមកពីគ្រប់ទិសទី។អ្វីដែលជាក្តីបារម្ភធំបំផុតរបស់រដ្ឋាភិបាលអ៊ីតាលីនោះគឺកត្តាសុវត្ថិភាពដោយការឆ្លងសមុទ្រមេឌីទែរ៉ាណេដោយទូកឬសាឡាងចាស់របស់ជនចំណាកស្រុកដែលជានិច្ចជាកាលករណីលិចកប៉ាល់ឬឆេះតែងកើតមានញឹកញាប់បំផុត។

បើតាមទិន្ឋន័យក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីតាលីជនចំណាកស្រុកជាង១៣០០០០នាក់បានមកឆ្លងចូលដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំនេះដែលចំនួននេះកើនឡើងគុណនឹង២ដងបើធៀបនឹងឆ្នាំមុន៕